ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

មហាសង្ក្រាន្ដ​ឆ្នាំថ្មី ​ឆ្នាំម្សាញ់​ បញ្ច​ស័ក ព.ស ២៥៥៧ គ.ស ២០១៣

 មហាសង្រ្កាន្ត ឆ្នាំម្សាញ់ បពា្ចស័ក ​ចុល្លសករាជ​ ១៣៧៥​ មហាសករាជ​ ១៩៣៥ ​ពុទ្ធសករាជ​ ២៥៥៧​ គ្រឹ​ស្ដ​សករាជ​ ២០១៣ ​សុភមស្ដុ​ !​ វរ​ម​ង្គ​លាជ​យា​តិ​រេ​ក ​ ​ព្រះពុទ្ធ​សករាជ​ ព្រះ​សាសនា​ អតិ​កន្ដា​កន្លង​ទៅ​ហើយ​បាន​២៥៥៦​ ត្រឹម​ថ្ងៃ​១៥​កើត​ ខែ​ពិសាខ​ លុះដល់​ថ្ងៃ​ ១​រោច​ ខែ​ពិសាខ​ ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក​តទៅ​ចូល​ពុទ្ធសករាជ​២៥៥៧​។​

​នឹង​គណនា​ឆ្នាំម្សាញ់​ឥឡូវនេះ​ សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ ៤​កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​ខែមេសា​គ​.​ស​២០១៣​ វេលា​ម៉ោង​០២​និង​១២​នាទី​រំលង​អធ្រាត្រ​។​ ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីន​រាសី​តាម​ផ្លូវ​គោ​វិ​ថី​ គឺ​ផ្លូវ​កណ្ដាល​ ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម​ ធុ​ង្សៈ​ទេវី​ ជា​បុត្រី​ទី​១​នៃ​កបិល​មហាព្រហ្ម​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា​ ទ្រង់​អម្ពរ​ពណ៌​ក្រហម​ លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ទទឹម​ អ​ភ​រណៈ​ទ្រង់​ពាក់​កែវ​បទុមរាគ​ ភក្សាហារ​ទ្រង់​សោយ​ផ្លែ​ឧទុម្ពរ​ ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​កងចក្រ​ ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ស័ង្ខ​ ទ្រង់​ផ្ទុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​គ្រុឌ​(​សត្វ​សសេះ​)​ ជា​ពាហនៈ​ រួច​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធម្ម​មាលី​នាទី​ភ្នំ​កៃលាស​ ខេត្ដ​ហិមពាន្ដ​ ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម​ ដែល​តម្កល់​លើ​ពានមាស​ នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី​ (២៤​ម៉ោង​)​ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់ទឹក​អ​នោ​ត​ត្ដ​មហា​ស្រះ​ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេម​ក្សាន្ដ​ព្រះរាជ​ហឫទ័យ​ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ​ក្នុង​ភគវតី​សភា​សាលា​ ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ដ​ថ្វាយ​ ដើម្បី​បន្ទោបង់​អពមង្គល​ឱ្យ​ជ្រះ​ស្រឡះ​ ហើយ​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ជន្មាយុ​យឺនយូរ​ដល់​ ទេវតា​ និង​មនុស្ស​ សត្វ​ ផង​ទាំង​ឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ​ បាន​ធូរ​ទូលំទូលាយ​ សុខក្សេមក្សាន្ដ​តរៀង​ទៅ​ ។​

​ថ្ងៃអាទិត្យ​ ៤​កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ្រឹ​ស្ដ​សក​រាជ​២០១៣ ​វេលា​ម៉ោង​០២​និង​១២​នាទី​រំលង​អធ្រាត្រ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក​ ។​

​ថ្ងៃ​ចន្ទ​ ៥​កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមេសា​ គ្រឹ​ស្ដ​សក​រាជ​២០១៣​ ជា​វារៈ​វ័ន​បត​ ។​

​ថ្ងៃ​អង្គារ​ ៦​កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ខែមេសា​ គ្រឹ​ស្ដ​សក​រាជ​២០១៣​ នៅ​វេលា​ម៉ោង​០៥​ និង​៥៦​នាទី​២៤​វិនាទី​ ជា​វារៈ​ឡើង​ស័ក្ដិ​ គម្រប់​ជា​សង្ក្រាន្ដ​បី​ថ្ងៃ​ស្រេច​បរិបូរណ៍​ ចូល​ជាស​កល​ឆ្នាំ​ ម្សាញ់​ បញ្ច​ស័ក​ ចុល្លសករាជ​១៣៧៥​ និង​មហាសករាជ​១៩៣៥​តទៅ​ ។​

​ក្នុង​ឱកាស​សង្ក្រាន្ដ​ទាំង​បី​ថ្ងៃ​ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលីការ​គ្រឿង​ សក្ការៈបូជា​អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ទទួល​ស្វាគមន៍​ ទេវបុត្រ​ ទេវធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្ដអាក្រក់​ អន្យតិរ្ថីយ៍​ ជា​ចិត្ដអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ ឈ្នានីស​ ដែល​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ​ តាំងចិត្ដ​ប្រព្រឹត្ដ​ល្អ​ប្រកបដោយ​មេត្ដា​ ករុណា​ មុទិតា​ ឧបេក្ខា​ និង​ បញ្ញា​ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​ រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច​នោះ​ទើប​ទេវតា​នឹង​ឱ្យ​ ពរ​សព្វ​សាធុការ​លោក​អ្នក​នឹង​មាន​សិរី​សួស្ដី​ សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​។​

​រណ្ដាប់​ទទួល​ទេវតា

​រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។​ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ ហើយ​រៀប​បាយសី​៩​ថ្នាក់​មួយគូ​ បាយសី​៧​ថ្នាក់​មួយគូ​ បាយសី​៥​ ថ្នាក់​មួយគូ​ បាយសី​៣​ ថ្នាក់​មួយគូ​ បាយសី​ប៉ាឆា​ម​មួយគូ​ ស្លាធម៌​មួយ​គូ​ ទឹកអប់​មួយគូ​ (​ទៀន​៥​ ធូប​៥)​ លាជ​៥​ ផ្កា​ដាក់​លើ​ជើងពាន​មួយគូ​ ចេកនួន​ ចេកណាំវ៉ា​ពីរ​ជើងពាន​ ផ្លែ​ឈើ​១១​មុខ​ រៀប​ដាក់​ជើងពាន​ជា​គូៗ​ ដូង​ឡៅ​មួយគូ​ ទឹក​ស្អាត​ពីរ​កែវ​ ។​ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​គួរ​រក​ផ្លែ​ឧទុម្ពរ​ ផ្លែ​ល្វា​ម៉​ង់​ សម្រាប់​ដាក់​ទទួល​ទេវតា​ផង​ ព្រោះ​ជា​ភក្សាហារ​របស់​ទេវធីតា​ ។​ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ ព្រះ​រតនត្រ័យ​ សមាទានសីល​ ហើយ​តាំងចិត្ដ​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​តម្កល់ចិត្ដ​ រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ជាទី​ពឹង​ទីរ​ឮ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា​ ។​

​ទំនាយ​ប្រចាំឆ្នាំ​

​កេណ្ឌ​ព្រះ​ពិរុណសាស្ដ្រ​ ៖​ ឆ្នាំ​នេះ​ភព​សុក្រ​ជា​អធិបតី​នាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្ដេច​នាគ​ ហើយ​ បាន​នាគ​១​បង្អុរ​ទឹកភ្លៀង​ចំនួន​៦០០​មេ​ដែល​ចែក​ចេញ​ជា ៖​ -​ចក្រ​វា​ឡ​២៤០​មេ​ -​ព្រៃ​ហិមពាន្ដ​ ១៨០​មេ​ -​មហាសមុទ្រ​១២០​មេ​ និង​ជម្ពូ​ទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៦០​មេ​ ដើមឆ្នាំ​ភ្លៀង​ កណ្ដាល​ឆ្នាំ​ និង​ចុងឆ្នាំ​ភ្លៀង​ល្អ​ ។​

​កេណ្ឌ​ធា​រា​ទិ​គុណ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​បី​(៣)​វាយោធាតុ​ចុះ​ ទំនាយ​ថា​ មាន​ខ្យល់ព្យុះ​និង​មាន​ ទឹកជំនន់​ ។​

​ទឹកជំនន់​ និង​ទឹកទន្លេ​ ៖​ ឆ្នាំ​នេះ​ទឹកជំនន់​ដោយ​ភ្លៀង​ និង​ទឹក​ទន្លេ​មាន​ច្រើន​ គឺ​មាន​កម្រិត​១៥/១៦​ គឺ​មាន​សំណល់​(១៥)​ ទឹក​មាន​ច្រើន​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ​។​

​កេណ្ឌ​ធ​ញ្ញា​ហារ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​(១)​ឈ្មោះ​ថា​ លាភៈ​ ទំនាយ​ថា​ ស្រូវ​ សំណាប​ ស្រែ​ ចម្ការ​ នឹង​បាន​ផល​៩​ភាគ​ ខូច​១​ភាគ​ ។​ ប្រជារាស្ដ្រ​ នឹង​មាន​សេចក្ដី​សុខសួស្ដី​ ចម្រើន​ជា​ភ​យោ​ភាព​ ធ​ញ្ញា​ហារ​ ម​ង្សា​ហារ​ ផល្លា​ហារ​ និង​មាន​បរិបូណ៌​ ឧត្ដម​ល្អ​ប្រសើរ​ណាស់​ ។​

​ទំនាយ​ការ​ធ្វើស្រែ​

​ទំនាយ​កេណ្ឌ​ការ​ធ្វើស្រែ​មាន​សេស​(១)​ ទំនាយ​ថា​ ស្រែ​ដី​ទួល​ និង​ស្រែ​ដី​ទំនាប​បាន​ផល​ដូច​គ្នា​ ដោយ​មាន​ភ្លៀង​ដើមឆ្នាំ​ច្រើន​ កណ្ដាល​ឆ្នាំ​ល្អ​ ចុងឆ្នាំ​តិច​ ។​

​កេណ្ឌ​ព្រឹក្សា​

​ឆ្នាំ​នេះ​ត្រូវ​ចំ​(៦)​ត្រូវ​ត្រង់​ដើម​រកា​ជា​ស្ដេច​ មាន​សេចក្ដី​ទំនាយ​ថា​ មនុស្ស​ផង​ទាំងឡាយ​ឥត​មាន​កល​យុគ​ ស្រណុក​ជា​ពន់ពេក​ ។​

​កេណ្ឌ​ព្រះអាទិត្យ​

​ឆ្នាំ​នេះ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ដោយ​ជិះ​ភ្លើង​ ទំនាយ​ថា​ ជា​ឆ្នាំ​ដែល​មាន​គ្រោះ​ពុំ​ជានា​ ។​ ៧​ថ្ងៃ​ ក្រោយ​ពី​ថ្ងៃ​មហាសង្ក្រាន្ដ​ភ្លើង​នឹង​ឆេះ​ក្នុងស្រុក​នាម​គ្រុឌ​ ខ្លា​ ពពែ​ និង​ស្រុក​នាម​នាគ​ រីឯ​ស្រុក​នាម​ កណ្ដុរ​នឹង​កើត​ទុ​រ្ភឹ​ក្ស​អត់បាយ​ ។​

​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ដ​

​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ដ​ ៖​ ថ្ងៃ​ចូល​ឆ្នាំ​ដែល​ជា​ថ្ងៃ​ទី​១​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​ ទំនាយ​ថា​ ឆ្នាំ​នេះ​ស្រូវ​ ស្រែ​មិនសូវ​បាន​ផល​ល្អ​ឡើយ​ ។​ របស់​ក្នុង​ដែនដី​ ស្រូវ​អង្ករ​នឹង​ថ្លៃ​ ដំណាំ​ផល្លា​បាន​ផល​តែ​ពាក់កណ្ដាល​ ខូច​អស់​ពាក់កណ្ដាល​ មាន​មនុស្ស​កាប់សម្លាប់​គ្នា​ច្រើន​នឹង​ចាញ់​ ឯ​អ្នកប្រាជ្ញ​និង​អ្នក​សប្បុរស​មនុស្ស​ទាំងឡាយ​នឹង​ទទួល​នូវ​ក្ដី​លំបាក​ច្រើន​។​

​ទំនាយ​ថ្ងៃ​វរៈ​វ័ន​បត​ ៖​ ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ ទំនាយ​ថា​ ឆ្នាំ​នេះ​អំបិល​ឡើងថ្លៃ​ ជំទាវ​ ខុ​ណ្ណា​ង​ទាំងឡាយ​នឹង​ក្ដៅក្រហាយ​ចិត្ដ​ ក្នុងស្រុក​រមែង​មាន​ជំងឺ​ដ​ង្កា​ត់​ច្រើន​ ។​

​ទំនាយ​ថ្ងៃ​ឡើងស័ក​ ៖​ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ទំនាយ​ថា​ ឆ្នាំ​នេះ​រាជ​អាមាត្យ​ នាហ្មឺន​សព្វ​មុខមន្ដ្រី​ នឹង​រស់នៅ​ត្រជាក់​ត្រជុំ​សុខ​ស្រួល​ ទោះបីជា​តស៊ូ​ប្រយុទ្ធ​ជាមួយ​សត្រូវ​ ប​ច្ចា​មិត្រ​ ក្នុង​គ្រប់​ទិស​ទី​ ក៏​នឹង​មាន​ជ័យ​ជម្នះ​គ្រប់​វេលា​ ភ្លៀង​ឱ្យ​ដោយ​អន្លើ​ នឹង​មាន​កើត​កល​យុគ​នៅ​ក្នុង​ព្រះ​នគរ​ ។​

​រៀបរៀង​ដោយ​ឯកឧត្ដម​ អ៊ឹម​ បុរិន្ទ​ នាយក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​​វិជ្ជា​ហោរាសាស្ដ្រ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ នៃ​ក្រសួង​ធម្មការ​ និង​ សាសនា​ និង​ជា​ជំនួយការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្ដរជាតិ​

Untitled-1

Filed in: Feature, Uncategorized, អារ្យធម៌

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.