ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៣នេះ គឺឯកឧត្ដមបណ្ឌិតចៅក្រម ជីវ កេង ប្រធានសាលាដំបូងរាជ ធានីភ្នំពេញ និងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដ៏មានឥទ្ធិពល មានអាយុគម្រប់៦២ឆ្នាំពេញបរិបូណ៌ហើយ ។
ឯកឧត្ដមជីវ កេង កើតនៅថ្ងៃទី២៨ខែមីនាឆ្នាំ១៩៥១ នៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ ។ ឯកឧត្ដមបានចូលបម្រើការងាររដ្ឋនៅឆ្នាំ១៩៧៩ ធ្លាប់ធ្វើជាចៅក្រមសាលាដំបូងខេត្ដកំពង់ធំ ធ្លាប់ធ្វើជាចៅក្រមតុលាការកំពូល និងត្រូវបានតែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤១៧ ចុះថ្ងៃទី០៧ខែតុលាឆ្នាំ២០០៥ ។
ក្នុងអាយុដល់ចូលនិវត្ដន៍ឯកឧត្ដម ជីវ កេង ត្រូវបានអនុញ្ញាតឱ្យនៅបន្ដបម្រើការងារតទៅទៀត(គ្មានចែងអំពីការកំណត់ពេលវេលា) ដោយព្រះរាជក្រឹត្យលេខនស/រកត/ ០៧១១/៦៩៤ ចុះថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១១ ។
នៅក្នុងឱកាសខួបកំណើតរបស់ ឯកឧត្ដម ជីវ កេង គម្រប់៦២ឆ្នាំនាថ្ងៃនេះ សារព័ត៌មានដើមត្នោត មិនមានបាច់ផ្កាឬកន្ដ្រកផ្កាអ្វីទៅចូលរួមជូនពរឯកឧត្ដមដោយផ្ទាល់ទេ ប៉ុន្ដែអង្គភាពសារព័ត៌មានដើមត្នោត សូមធ្វើការចុះផ្សាយជាសាធារណៈ សម្ដែងនូវការកោតសរសើរចំពោះឯកឧត្ដមទុកដូចជាការជូនពរ ដោយឯកឧត្ដមបាននិងកំពុងកាន់កាប់មុខតំណែងដ៏ច្រើនសម្បើម ស័ក្ដិសមនឹងទទួលបានរហស្សនាមថា ជា“ចៅក្រមឯក” ។
ក្រៅអំពីការងារក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជាចុះពង្រឹងនៅស្រុកគិរីវង់ ខេត្ដតាកែវនោះ ឯកឧត្ដមបណ្ឌិតជីវ កេង (ទទួលបានសញ្ញាបត្របណ្ឌិតពីសាលាCUP)មានតួនាទីមុខតំណែងដូចតទៅ ៖ ១-ប្រធានសាលាដំបូងរាជធានីភ្នំពេញ(មានរយៈពេលជាង៧ឆ្នាំហើយ) ២-ទីប្រឹក្សាឯកឧត្ដមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ដ្រី មានឋានៈ ស្មើរដ្ឋមន្ដ្រី, ៣-ប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម (អ.ក.វ) ៤-សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម(ក្រោមរូបភាពចាត់តាំង) ៥-សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ឋានៈស្មើរដ្ឋមន្ដ្រី) ៦-សមាជិកក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្ដិធម៌ និង៧-សមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ។
ដោយសារមិនទាន់មានច្បាប់ស្ដីលក្ខន្ដិកៈចៅក្រមនិងព្រះរាជអាជ្ញា ធ្វើឱ្យឯកឧត្ដម ជីវ កេងមាន “ឱកាស”និងមាន“លទ្ធភាព” ក្លាយជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមរូបភាព “ចាត់តាំង” ។ ក្នុងតំណែងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនេះដែរ ឯកឧត្ដម ជីវ កេង ក៏ទទួលបានការតែងតាំងមុខតំណែងហូរហែតទៅទៀត ដូចជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម(អ.ក.វ) សមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ…។
មុខតំណែងដ៏ច្រើនរបស់ឯកឧត្ដម ជីវ កេង នាំឱ្យឯកឧត្ដមជីវ កេង ទទួលបាននូវឥទ្ធិពលមហិមាក្នុងស្ថាប័នតុលាការ និងពោរពេញទៅដោយទ្រព្យសម្បត្ដិមហាសាលនៅក្នុងយុគសម័យ“សម្ដេចតេជោសែន” ។
ទំនងជាដូចពាក្យចាស់ពោលថា“ផ្លែឈើជ្រុះមិនឆ្ងាយពីគល់” ឬ“ពូជឈើស្វាយផ្លែមកស្វាយ” ទើបកូនក្មួយរបស់ឯកឧត្ដម ជីវ កេង បានធ្វើជាចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងធ្វើជាមេធាវី ចូលរួមបម្រើក្នុងវិស័យយុត្ដិធម៌នៃយុគសម័យ“សម្ដេចតេជោសែន”យ៉ាងព្រោងព្រាត។
សរុបសេចក្ដីមក ឯកឧត្ដមជីវ កេង មានខ្លួនតែមួយ ប៉ុន្ដែស្ម័គ្រចិត្ដកាន់មុខតំណែងនិងតួនាទីដ៏ច្រើនគគោកក្រោមរូប ភាព“ជាអាជ្ញាកណ្ដាលផង និងជាកីឡាករផង” គឺពិតជាគួរឱ្យកោតស្ញប់ស្ញែងមែន។សូមអបអរជាអនេកប្បការ ! ៕
ឯកឧត្តមបណ្ឌិតចៅក្រម ជីវ កេង