ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សារៈសំខាន់​៦​ចំណុច​នៃ​កិច្ចប្រជុំ​ប្រតិភូ​កីឡា​OCA​និង​OS​នៅ​សៀមរាប

​កិច្ចប្រជុំ​របស់​ប្រតិភូ​កីឡា​មក​ពី​គណៈកម្មាធិការ​ជាតិ​ចំនួន​២៣​ប្រទេស​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​បូព៌ា​ ដែល​មាន​ចំនួន​៩០​នាក់​នៅ​ខេត្តសៀមរាប ​ បាន​បញ្ចប់​រួចរាល់ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២៧​ខែមីនា​ឆ្នាំ​២០១៣​ម្សិលមិញ​ ដោយ​មាន​ខ្លឹមសារ​ចំនួន​៦​ចំណុច​ត្រូវ​បាន​ឯកភាព​និង​យក​ទៅ​អនុវត្តន៍​ ។​

​ឯកឧត្តម​ ថោ​ង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​តំណាង​ម្ចាស់ផ្ទះ​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទទួល​និង​ដំណើរការ​នៃ​កិច្ចប្រជុំ​នេះ​បាន​យ៉ាង​ល្អ​ ហើយ​ក្នុង​នោះ​យើង​បាន​រៀបចំ​ពិធី​ផ្តល់​ជា​អនុស្សាវរីយ៍​តាម​របៀប​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្រប់​គណៈប្រតិភូ​ដែល​ចូលរួម​ទាំងអស់​ ក្នុង​ អត្ថន័យ​បញ្ចា​ក់​ពី​កីឡា​ វប្បធម៌​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​សម្បូណ៌​បែប​ ។​

ឯកឧត្តម​បន្ត​ថា​ នេះ​ជា​ពិធី​ផ្សព្វផ្សាយ​មួយ​ដែល​យើង​មានឱកាស​ផ្តល់​ជូន​ភ្ញៀវ​ ហើយ​ក៏​ជា​លើក​ទី​មួយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ក្រុមប្រឹក្សា​កីឡា​អាស៊ី​(OCA)​ និង​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​(OS)​ និង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​(IOC)​ បាន​ជ្រើសរើស​ប្រទេស​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​នេះ​។​

​ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ បាន​ផ្តល់​សម្ភាសន៍​ក្រោយ​កិច្ចប្រជុំ​នៅ​ល្ងាចម្សិលមិញ​ថា​ លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនេះ​ គឺ​មាន​សារៈសំខាន់​៦​ចំណុច​ដែល​ជា​ចក្ខុវិស័យ​ថ្មី​ក្នុង​គោលការណ៍​នយោបាយ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្រិត​ខ្ពស់​សម្រាប់​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ ដែល​ក្រុមប្រឹក្សា​កីឡា​អាស៊ី​(OCA)​បាន​សម្រេច​និង​ឯកភាព​ជា​គោលការណ៍​។​ ​

ឯកឧត្តម​អគ្គលេខាធិការ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ជា​លទ្ធផល​ទី​១​ ៖​ គឺ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ ក៏​ដូច​ក្រុមប្រឹក្សា​កីឡា​អាស៊ី​ និង​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​(OS)​គាំទ្រ​នូវ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ ។​ ទី​២​ ៖​ ពង្រឹង​កម្មវិធី​ការ​ចូលរួម​របស់​សកម្មភាព​កីឡា​កម្រិត​ខ្ពស់​ ទៅ​លើ​ការ​បណ្តុះបណ្តាល​ដល់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​ជាតិ​នីមួយៗ​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​អាស៊ី​ ។​ ទី​៣​ ៖​ ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ចលនា​អូ​ឡាំ​ពិ​ក​ឲ្យ​បាន​ទូលំទូលាយ​ដល់​គ្រប់​មូលដ្ឋាន​កីឡា​ និង​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​របស់​អូ​ឡាំ​ពិ​ក​ដែល​មាន​គោលដៅ​បណ្តុះបណ្តាល​និង​ការ​អប់រំ​ដល់​យុវជន​ ។​ ទី​៤​ ៖​ ក្រុមប្រឹក្សា​កីឡា​អាស៊ី​(OCA)​ និង​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​(OS)​ និង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ (IOC)​បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ជាតិ​(NOC)​នីមួយៗ​ធ្វើការ​ស្និទ្ធ​ជាមួយ​រដ្ឋអំណាច​កីឡា​(​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឬ​ក្រសួង​កីឡា​)​ នៃ​ប្រទេស​សាមី​ ដើម្បី​ឲ្យ​មានការ​រីក​ចម្រើន​ និង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​បដិភាគ​ពី​រដ្ឋអំណាច​កីឡា​ដល់​(NOC)​។​ ទី​៥​ ៖​ ពង្រឹង​ឲ្យ​សមាជិក​NOC​នៃ​ប្រទេស​នីមួយៗ​បង្កើត​កម្ម​វី​ធី​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ទាំង​ការ​ហ្វឹកហាត់​ ទាំង​ការ​ប្រកួត​ ពិសេស​ស្វែង​យល់​ពី​កីឡា​ វប្បធម៌​នៃ​ប្រទេស​នីមួយៗ​។​ ទី​៦​ ៖​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​សហការ​ជាមួយ​ក្រសួងទេសចរណ៍​បាន​នាំ​គណៈប្រតិភូ​កីឡា​ទាំងអស់​បាន​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​ ដែល​ក្នុង​នោះ​មាន​រូបចម្លាក់​ស្តី​ពី​ការ​ប្រកួត​កីឡា​រវាង​មនុស្ស​និង​មនុស្ស​ ការ​ប្រជល់​សត្វ​ជា​ការ​ប្រកួត​ដែល​មាន​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​នេះ​តែ​ម្តង​ ដើម្បី​ឲ្យ​ពិភពលោក​ដឹង​កាន់តែ​ច្បាស់​ថា​ មាន​ប្រភេទ​កីឡា​ខ្លះ​ ដូច​ជា​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ជា​របស់​ខ្មែរ​ពិតៗ​៕ ​

Filed in: កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.