ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ទំនាស់​ដីធ្លី​ដ៏​ក្ដៅគគុក​នៅ​ភូមិ​កែវផុស​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ដ​ព្រះសីហនុ​រវាង​ប្រជាជន​៤៩​គ្រួសារ​និង​សេដ្ឋី​ឧកញ៉ា​ជៀម​ផែន​មាន​ ​ស​.​ជ​.​ណ​ចំនួន​៧​សេចក្ដីសម្រេច​ចំនួន​១​និង​សាលក្រម​តុលាការ​ចំនួន​២

​នៅ​ទីបំផុត​ចរិត​លោភលន់​របស់លោក​ឧកញ៉ា ​ជៀម ផែន ថៅកែក្រុមហ៊ុន ស្រា​បៀរ​លី​អូ​បាន​រលត់រលាយ រីឯ​ប្រជាជន​ក្រីក្រ​តូចតាចទទួលបាន​នូវ​ពន្លឺ​យុត្ដិធម៌​វិ​ញ​នៅក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយទំហំ​៣៥២​ហិកតា រវាង​ក្រុម​ប្រជាជន​ចំនួន​៤៩​គ្រួសារ និង​សេដ្ឋី​ឈ្មោះ ជៀម ផែន ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដព្រះសីហនុ (​អតីត​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​) ពីព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​លេខ​១២​សសរ ចុះ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៣ និរាករណ៍​លិខិត​លេខ​៦៦៩​សជណ ចុះ​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១១ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដែលកើតចេញពី​ការផ្ដល់​យោបល់​របស់ឯកឧត្ដម ​ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ដ្រី​ទទួលបន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​ចោល​ជាអសារ​បង់ ។​

​ប្រជាជន​ដែលជា​គូទំនាស់​ដីធ្លីជាមួយ​សេដ្ឋី​ឈ្មោះ​ជៀម ផែន មិន​ត្រឹម​ទទួលបាន​នូវ​ពន្លឺ​យុត្ដិធម៌ ប៉ុណ្ណោះ​ទេ គឺ​បានទទួល​នូវ​ភ័ព្វសំណាង​ថែមទៀត ដោយសារប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់នូវ​ដីស្រែ ចម្ការ​ជូន​វិញ និង​បាន​សន្យា​សាងសង់ផ្ទះ​សម្បែង​ជូន​ផងដែរ បន្ទាប់ពី​បានទទួល​រងទុក្ខវេទនា​អស់​រយៈពេល​ចំនួន​៧​ឆ្នាំកន្លងមក ។​

​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នេះ​បានចាប់ផ្ដើម​ក​កើតមានឡើង​ចាប់​តាំងពី​អំឡុង​ឆ្នាំ​២០០៦​មកម្ល៉េះ ដោយ សេដ្ឋី​ឈ្មោះ​ជៀម ផែន អះអាងថា ខ្លួន​ជា​កម្មសិទ្ធិករ​នៃ​ដី​ទំហំជាង​១.៣៧៦​ហិកតា​តាម​អំណាច សាលក្រម​រដ្ឋប្បវេណី​ស្ថាពរ​លេខ០៦​ចុះ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០០៧ របស់​សាលាដំបូង​ខេត្ដ​កោះកុង រីឯ​ក្រុម​ប្រជាជន​បាន​អះអាងថា ពួកខ្លួន​បាន​កាន់កាប់​និង​អាស្រ័យផល​លើ​ទីតាំង​ដី​ទំហំ​ប្រមាណ​ជាង៣០០​ហិកតា ចាប់ពី​អំឡុង​ឆ្នាំ១៩៩៣​តរៀងមក ហើយ​ត្រូវបានសេដ្ឋី​ឈ្មោះ​ជៀម ផែន ធ្វើ​ប្លង់ដីរំលោភបំពាន​យក ។​

​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​តាំងពីដំបូង​នៅក្នុង​សំណុំរឿង​ក្ដី​នេះ គឺតាម​អំណាច​សាលក្រម​រដ្ឋប្បវេណីស្ថាពរ​លេខ​០៦​ចុះ​ថ្ងៃទី​៣០​ខែមករាឆ្នាំ​២០០៧ ​របស់​សាលាដំបូង​ខេត្ដកោះកុង មាន​លោក​អ៊ឹង សារុន ជា​ចៅក្រម​ជំនុំជម្រះ​(​ទទួល​មរណភាព​ហើយ​)​បានសម្រេច​ប្រគល់សិទ្ធិ​ឱ្យឈ្មោះ ជៀម ផែន គ្រប់គ្រង​កាន់កាប់​ជា​កម្មសិទ្ធិ​លើដី​ទំហំ ១៣.៧៦៤.៥១៣,៦៣​ម៉ែត្រ ក្រឡា​(​ជាង​១.៣៧៦​ហិកតា​)​ឋិតនៅ​ចំណុច​អន្ទង់ស ភូមិ​កែវផុស ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​(​បច្ចុប្បន្ន​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​) មាន​ប្លង់​ទីតាំង​ដី​ចុះ​ថ្ងៃទី​០១​ខែមករាឆ្នាំ​១៩៩៧ ។

សាលក្រម​របស់​សាលា​ដំបូង​ខេត្ដ​កោះកុង​ដែល​អះអាងថា បាន​ចូល​ជា​ស្ថាពរ​មាន​អានុភាព អនុវត្ដ​ន៍​នោះ ឃើញ​មានតែ​ឈ្មោះ ជៀម ផែន ជាដើម​ចោទ តែ​គ្មានចុង​ចម្លើយ ពោល​គឺមាន​ភាពមិនប្រក្រតី និង​តាម​ការអង្កេត​ស្រាវជ្រាវ​របស់​ក្រសួងមហាផ្ទៃ​បានបង្ហាញថា ក្រុម​ប្រជាជន​បាន​កាន់កាប់​និង​អាស្រ័យ​ផល​លើដី​ទំហំប្រមាណ​ជាង​៣០០​ហិកតា ឋិតនៅ​ចំណុច​ង្រាំ​ង ភូមិ​កែវផុស ឃុំទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដព្រះសីហនុ​(​អតីត​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​) ពោល​គឺមាន​ទីតាំង​ដី​ផ្សេងគ្នា​។​

​ទំនាស់​ដីធ្លី​ដ៏​ក្ដៅគគុក​និង​រ៉ាំរ៉ៃនេះ បានក្លាយ​ជា​រឿង​ព្រហ្មទណ្ឌបង្ក​ឱ្យ​ប្រជាជន​មួយចំនួន​ធ្លាក់ខ្លួនជាប់គុក​ច្រវាក់​ទល់​បច្ចុប្បន្ន​ថែមទៀត​ (​អាន​សារព័ត៌មាន​ដើមត្នោតលេខ​១៦៥​និង​លេខ​១៦៦​បន្ថែម​)​។​

​បន្ទាប់ពី​មាន​សាលក្រម​រដ្ឋ​ប្បវេ​ណី​ស្ថាពរ​លេខ​០៦ ចុះ​ថ្ងៃទី​៣០ខែមករា​ឆ្នាំ​២០០៧ របស់​សាលា ដំបូង​ខេត្ដ​កោះកុង ដែលមាន​ភាពមិន​ប្រក្រតី ស្ថាប័ន​រាជរដ្ឋាភិបាលក៏បាន​ចូលរួម​ដោះស្រាយ​ទំនាស់ដីធ្លី​នេះ​ជា​ហូរហែ​មក​ដែរ រហូតដល់​មាន​ការចេញ​ជា​លិខិត​សេចក្ដីជូនដំណឹង​(​ស​.​ជ​.​ណ​)​របស់​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រី​ចំនួន​៧​លើក និងសេចក្ដីសម្រេច​ចំនួន​១​លើក ក្នុងនោះ​មាន ៖ ១-​លើក​ទី​១ ៖ លិខិត​លេខ៨៨៩​សជណ ចុះ​ថ្ងៃទី​២៥​ខែមិថុនាឆ្នាំ​២០០៨​របស់​ទីស្ដីការ​គណៈ​រដ្ឋ មន្ដ្រី​សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ៣៥២​ហិកតា​ឋិត​នៅ​ចំណុច​ច​ង្រាំ​ង ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដ​ព្រះសីហនុ ជូនប្រជាជន​៤៩​គ្រួសារ​កាន់កាប់​បន្ដ (​យោងតាម​របាយការណ៍​និង​ការផ្ដល់យោបល់​ចុះ​ថ្ងៃទី​១២​ខែមិថុនាឆ្នាំ​២០០៨ របស់​ឯកឧត្ដម​ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង​ទទួលបាន​ចំណារ​ឯកភាពចុះ​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០០៨ របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​) ។​ ២-​លើក​ទី​២ ៖ លិខិត​លេខ១០៣៥​សជណ​ចុះ​ថ្ងៃទី​០៤​ខែសីហាឆ្នាំ​២០០៨​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី សម្រេច​ឱ្យ​ផ្អាក​ការ​អនុវត្ដលិខិត​លេខ​៨៨៩​សជណ ចុះ​ថ្ងៃទី២៥​ខែមិថុនា​ឆ្នាំ​២០០៨ របស់​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រី ជា​បណ្ដោះ​អាសន្ន​សិន និង​ស្នើឱ្យ​ក្រសួងមហាផ្ទៃ ពិនិត្យ​ករណីនេះ​ឡើងវិញ​(​យោងតាម​របាយការណ៍​និង​ការផ្ដល់ យោបល់​ចុះ​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ២០០៨​របស់​ឯកឧត្ដម​នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និងជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ដ្រី​និង​ទទួលបាន​ចំណារ​ឯកភាព ចុះ​ថ្ងៃទី​០២​ខែសីហា​ឆ្នាំ​២០០៨ របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​) ។​ ៣-​លើក​ទី​៣ ៖ លិ​​ខិត​លេខ១២៥២​សជណ ចុះ​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០០៩​របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី សម្រេច​លុបចោល​លិខិត លេខ​៨៨៩​សជណ ចុះ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០០៨​របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី និង​ប្រគល់​ដី​ទំនាស់​ទំហំ៣៥២​ហិកតា​ឱ្យទៅ​ឈ្មោះ ​ជៀម ផែន ​បន្ដកាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​(​យោងតាម​របាយការណ៍ និង​ការ​ផ្ដល់យោបល់​ចុះ​ថ្ងៃទី​២៦ខែសីហា​ឆ្នាំ​២០០៩​របស់​ឯកឧត្ដម ប៊ិន ឈិន ​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​និង​ទទួលបានចំណារ​ឯកភាព​ចុះ​ថ្ងៃទី​០៣​ខែកញ្ញាឆ្នាំ​២០០៩ របស់​សម្ដេចនាយករ​ដ្ឋមន្ដ្រី​) ។​ ៤-​លើក​ទី​៤​ ៖ លិខិត​លេខ​៥៨៨សជណ​ចុះ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ២០១០ របស់​ទីស្ដីការ​គណៈ​រដ្ឋ មន្ដ្រីសម្រេច​ប្រគល់​ដី​ទំហំ​១៧៦ហិកតា​(​ចំនួន​ដី​ពាក់កណ្ដាល​)​ជូនប្រជាជន​បង្កបង្កើនផល និង​ឱ្យ ឈ្មោះ ​ជៀម ផែន រក្សា​ទីតាំង​ដីភូមិ​កែវផុស​ដែលមាន​ប្រជាជន​កំពុងរស់នៅ និង​ឱ្យមាន​សាលារៀន​ផង ដោយ​មិនឱ្យ​មានការ​ផ្លាស់ប្ដូរ​ភូមិទៅ​កន្លែង​ថ្មី​ឡើយ ព្រមទាំង​បង្គាប់ឱ្យ​ដោះលែង​ប្រជាជន​ដែល​កំពុងជាប់​ឃុំឃាំង​ឱ្យបាន​នៅក្រៅ​ឃុំ​ជាបន្ទាន់​(​យោងតាម​របាយការណ៍ និង​ការ​ផ្ដល់យោបល់​ចុះ​ថ្ងៃទី​២០ខែឧសភា​ឆ្នាំ​២០១០​របស់​ឯកឧត្ដម ស ខេង និង​ទទួលបាន​ចំណារឯក​ភាពចុះ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ២០១០ របស់​សម្ដេចនាយករ​ដ្ឋមន្ដ្រី ) ។​ ៥-​លើក​ទី​៥ ៖​ លិខិត​លេខ​៦០៨សជណ ចុះ​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ២០១០​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី សម្រេច​ផ្អាក​ការ​អនុវត្ដ​លិខិត​លេខ៥៨៨​សជណ​ចុះ​ថ្ងៃទី​២៦​ខែឧសភា ឆ្នាំ​២០១០ របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី និង​បង្គាប់​ឱ្យ​ឯកឧត្ដម ប៊ិន ឈិន រៀបចំ​ក្រុមចម្រុះ​ដែលមានទាំង​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​លើក​យោបល់​សាជាថ្មី (​យោង​លិខិត​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១០​របស់​ឈ្មោះ ជៀម ផែន និង​ទទួលបាន​ចំណារ ចុះ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១០ របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​) ។​ ៦-​លើក​ទី​៦ ៖ លិខិត​លេខ​៦៦៩ សជណ ចុះ​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ២០១១​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី សម្រេច​លុបចោល​លិខិត​លេខ​៨៨៩សជណ ចុះ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ២០០៨​និង​លិខិត​លេខ​៥៨៨​សជណ ចុះ​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០១០ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី និងរក្សា​ខ្លឹមសារ​នៃ​លិ​​ខិត​លេខ​១២៥២ សជណ ចុះ​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ២០០៩ ​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ទុកជា​ត្រឹមត្រូវ និង​បានការ ព្រមទាំង​បង្គាប់​ឱ្យ​បញ្ចប់​ករណីនេះ ត្រឹមហ្នឹង​(​យោងតាម​របាយការណ៍ និង​ការ​ផ្ដល់យោបល់​ចុះ​ថ្ងៃទី​១០ខែឧសភា​ឆ្នាំ​២០១១​របស់​ឯកឧត្ដម ប៊ិន ឈិន និង​ទទួលបាន​ចំណារ ឯក​ភាពចុះ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ២០១១​របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​)​។​ ៧-​លើក​ទី​៧​ ៖ លិខិត​លេខ​៤៩៦ សជណ ចុះ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ២០១៣ របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី សម្រេច​កាត់​ផ្ទៃដី​ចំនួន​៣៥២ហិកតា​ពី​លោក ជៀម ផែន ជូនប្រជាជន និង​បង្គាប់​ឱ្យ​ដោះលែងប្រជាជន​ដែល​កំពុង​ជាប់ឃុំ​ និងលើក​ការចោទប្រកាន់​ប្រជាជនឯទៀត ព្រមទាំង​បង្គាប់​ឱ្យ​បើកការស្រាវជ្រាវ​ពី​ដើម​រហូតដល់​ចប់ ចំពោះ​ភាគី​លោក ជៀម ផែន ដើម្បី​រកឱ្យឃើញ​នូវ​ការទទួល​ខុសត្រូវ​នូវ​អំពើ​របស់គាត់​“​យោងតាមរបាយការណ៍​នៃ​ការចុះ​អនុវត្ដ​ន៍សេចក្ដីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល លេខ​១២​សសរ​ចុះ​ថ្ងៃទី​១៧​ខែមីនាឆ្នាំ​២០១៣ និង​ស្មារតី​លិខិត​លេខ៨៨៩​សជណ ចុះ​ថ្ងៃទី​២៥​ខែមិថុនាឆ្នាំ​២០០៨​របស់​ទីស្ដីការ​គណៈ​រដ្ឋ មន្ដ្រី​(​ស​.​ជ​.​ណ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​លើក​ទី​១​ដែល​កើតចេញពីការផ្ដល់​យោបល់​របស់​ឯកឧត្ដម ស ខេង​)​និង​ទទួលបាន​ចំណារឯក​ភាពចុះ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ ២០១៣​របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​”​។

​ ​ឆ្លងកាត់​ការចេញលិខិត​ស​.​ជ​.​ណ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ចំនួន៧​លើក​ក្នុង​រឿង​ទំនាស់​ដីធ្លី​នេះ គឺត្រូវបាន​ភាគី​សេដ្ឋី​ឈ្មោះ ជៀម ផែន ធ្លាប់​ចោទប្រកាន់ថា របាយការណ៍​និង​ការផ្ដល់​យោបល់​របស់ឯកឧត្ដម​ស ខេង ភូតកុហក​សម្ដេចនាយករដ្ឋមន្ដ្រី រីឯ​ភាគី​ប្រជាជន បាន​ចោទប្រកាន់ថា របាយការណ៍និង​ការផ្ដល់​យោបល់​របស់​ឯក​ឧត្ដម ប៊ិន ឈិន បំភ័ន្ដ​សម្ដេចនាយក​រដ្ឋមន្ដ្រី ឱ្យ​សម្រេច​ខុសពី​ការពិត​គ្មានយុត្ដិធម៌ ឧទាហរណ៍​ដូចជា សាលា​រៀន​សាងសង់​នា​ឆ្នាំ​២០០៦ ក្រោម​គម្រោង PAP បែរជាឯកឧត្ដម​ប៊ិន ឈិន រាយការណ៍ជូន​សម្ដេចនាយក​រដ្ឋមន្ដ្រី​ថា សាងសង់​នៅ​ឆ្នាំ​២០០៩​ទៅវិញ​…​។​ល​។​ ​

ក្រុម​ប្រជាជន​រងគ្រោះ​ធ្លាប់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ដើមត្នោត​នាពេល​កន្លងមក​ថា សូម្បីតែ​សាលារៀន​ក៏​ក្លាយជា​សត្រូវរបស់លោក​ឧកញ៉ា ជៀម ផែន ដែរ គឺ​ត្រូវបាន​ក្រុមហ៊ុន​លោក ជៀម ផែន វាយកម្ទេច​ចោល​ទុកកូនចៅ​ប្រជាជន​ស៊ូទ្រាំ​រៀនសូត្រនៅក្រោម​ដើមឈើ ។

ក្រុម​ប្រជាជន​ធ្លាប់បាន​ចោទប្រកាន់​ដោយចំហ​ថា ឯកឧត្ដម​ប៊ិន ឈិន ធ្វើរបាយការណ៍​និង​ផ្ដល់យោបល់ លម្អៀង​ទៅខាង​ភាគី​លោក​ជៀម ផែន ដែលជា​អ្នកមាន​ឥទ្ធិពល​លុយកាក់ ។ ទោះយ៉ាងណា​ក៏ដោយ ក្រុម​ប្រជាជន​បាន​អះអាងថា ពួកគាត់​ស៊ូស្លាប់​ខ្លួន​មិន​ព្រម​ចាកចេញ ពី​ទីតាំង​ដី​ដែល​បាន​កាន់កាប់​អាស្រ័យផល​ ​និង​រស់នៅ​ចាប់តាំងពី​ជិត​២០ឆ្នាំ​មកហើយ​នោះទេ ។​ ​

តាមរយៈ​ចំណារ​របស់​សម្ដេចនាយករដ្ឋមន្ដ្រី​ចំនួន​៧​ដង និង​ការចេញ​លិខិត​ស​.​ជ​.​ណ​របស់​ទី​ស្ដី ការ​គណៈរដ្ឋមន្ដ្រី​ចំនួន​៧​លើក​ដែរ (​គិត​ត្រឹម​ចំនួន​៦​លើក​មុន​)​កន្លងមក បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា របាយការណ៍​និង​ការផ្ដល់​យោបល់របស់​ឯកឧត្ដម​ស ខេង ត្រូវបាន “​លុបចោល​”​ឬ​“​ដេក​”​នៅក្រោមរបាយការណ៍​និង​ការផ្ដល់​យោបល់របស់​ឯកឧត្ដម​ប៊ិន ឈិន​ទាំងអស់នៅក្នុង​រឿង​ទំនាស់​ដីធ្លី​ដ៏​ក្ដៅគគុកនេះ ព្រោះ​ឯកឧត្ដម​ស ខេង គ្រប់របាយការណ៍​និង​ការផ្ដល់​យោបល់ បានការ​ពារ​ផលប្រយោជន៍​ភាគីប្រជាជន​ចំនួន​៤៩​គ្រួសារ​ជា​អ្នកក្រីក្រ តូចតាច រីឯ​ឯកឧត្ដម ប៊ិន ឈិន ការពារ​ផលប្រយោជន៍​ភាគី លោក​ឧកញ៉ា​ជៀម ផែន​ ដែលជាអ្នកមាន​ទ្រព្យសម្បត្ដិ​និង​ឥទ្ធិពល​។​

​ដោយ​សម្អាង​ទៅលើ​ការសម្រេចរបស់​រាជរដ្ឋាភិបាល​តាម​ស្មារតី​លិខិតលេខ​៦៦៩​សជណ ចុះ​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១១ ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ (​តាម​ការផ្ដល់​យោបល់​ចុងក្រោយ​របស់​ឯកឧត្ដម​ប៊ិន ឈិន​) ប្រគល់​ដី​ទំនាស់​ទាំងមូល​ឱ្យទៅ​ឈ្មោះ ជៀម ផែន កាន់កាប់​ជា​កម្មសិទ្ធិស្របច្បាប់ ទើប​លោក​ឧកញ៉ា ជៀម ​ផែន បានដាក់​ពាក្យបណ្ដឹងទៅ​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ចុះ​ថ្ងៃទី​០២​ខែធ្នូ​ឆ្នាំ​២០១១ និង​ចុះថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១២ ប្ដឹង​សុំឱ្យ​តុលា​ការចេញ​សាលក្រម​បង្គាប់ ឱ្យ​ក្រុម​ប្រជាជន​ចាកចេញ​និង​រុះរើ ផ្ទះសម្បែង ព្រមទាំង​សំណង់​ការ្យផ្សេងៗ​ឱ្យអស់​ពី​ដី​ទំនាស់ ។​

​សាលាដំបូង​ខេត្ដ​ព្រះសីហនុដែលមាន​លោក ​ម៉ុង មុន្នី​ចរិយា ជា​ប្រធាន​សាលាដំបូង និង​ជា​ចៅ ក្រម​ជំនុំជម្រះ បានសម្រេច​បង្គាប់ឱ្យ​ក្រុម​ប្រជាជន​ចាកចេញ​និង​រុះរើ ផ្ទះសម្បែង​និង​សំណង់​ការ្យ​ផ្សេងៗឱ្យអស់​ចេញពី​ទីតាំង​ដី​ទំនាស់​តាមសាលក្រម​រដ្ឋប្បវេណី​លេខ​០៤“​ក​១” ចុះ​ថ្ងៃទី​០៦​ខែមេសា​ឆ្នាំ​២០១២​និង បាន​បង្គាប់​ឱ្យ​អនុវត្ដ​ន៍​ជា​បណ្ដោះ អាសន្ន​តាម​ខ្លឹមសារ​នៃ​សាលក្រម នេះ​ទៀតផង ។ សាលក្រម​របស់សាលាដំបូង​ខេត្ដ​ព្រះសីហនុ​នេះត្រូវបាន​ភាគី​ប្រជាជន​ជា​អ្នក​ចាញ់ក្ដីប្ដឹង​ឧទ្ធរណ៍​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​ទោះបី​ជាប់​បណ្ដឹងឧទ្ធរណ៍​ក៏ដោយ ​ក៏​តាម​អំណាច​សាលក្រម របស់​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ដែល​បាន​បង្គាប់​ឱ្យ​មានការ​អនុវត្ដជា​បណ្ដោះអាសន្ន​នោះ តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​បាន​ដឹកនាំ​កម្លាំង​សាធារណៈចូល​ប្រមាណ​១០០​នាក់​ ចុះ​អនុវត្ដ​ន៍ បណ្ដេញ​ប្រជាជន​និង​រុះរើ​ក ម្ទេចផ្ទះសម្បែង​ប្រជាជន​ចេញពី​ទីតាំងដី​ទំនាស់​ទាំង​កំរោល​ កាលពី​ថ្ងៃទី​០៥ខែមីនា​ឆ្នាំ​២០១៣​កន្លងមក​ក្រោម សម្រែក​ស្រែក​ទួញ​ថ្ងូរ​របស់​ក្រុមប្រជាជន​ក្រីក្រតូចតាច ។

​ដោយ​ឃើញ​សភាព​ក្ដៅគគុកនៃ​ការ​អនុវត្ដ​សាលក្រម​របស់​សាលា​ដំបូង​ខេត្ដ​ព្រះសីហនុ ដោយ រុះរើ​ផ្ទះសម្បែង​ប្រជាជន​និង​បណ្ដេញប្រជាជន​ទាំង​កំរោល​ដូចនេះហើយ ទើប​ជំរុញ​ឱ្យ​សម្ដេច​អគ្គមហាសេនាប​តី​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ចេញ​សេចក្ដីសម្រេច​លេខ១២​សសរ ចុះ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ២០១៣(​ចុះហត្ថលេខា បោះត្រា និង​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃអាទិត្យ ដែលជា​ថ្ងៃ​ឈប់សម្រាក​)​និរាករណ៍លិខិត​លេខ​៦៦៩​សជណ​ចុះ​ថ្ងៃទី​០៧ ខែមិថុនា​ឆ្នាំ​២០១១​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ​ដែល​សម្រេច​ប្រគល់ដី​ទំនាស់​ឱ្យទៅ​ឈ្មោះ​ជៀម ផែន តាម​របាយការណ៍​និង​ការផ្ដល់យោបល់​របស់​ឯកឧត្ដម​ប៊ិន ឈិន នោះ​ចោល​ជា​អសារ​បង់​។ ហើយក៏​ជា​ពេលនេះ​ដែរ​ដែល​សម្ដេចនាយករដ្ឋមន្ដ្រី​យល់ព្រម​ទទួលស្គាល់​ថា របាយការណ៍​និង​ការផ្ដល់យោបល់​កន្លងមក​របស់​ឯកឧត្ដម ស ខេង គឺ​ពិតជា​ត្រឹមត្រូវ ។​ ​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​និងអ្នកតាមដាន​សំណុំរឿង​វិវាទ​ដីធ្លីដ៏​ក្ដៅគគុក​នេះ បាន​លើកឡើងថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល តាម​ការចេញលិខិត​ស​.​ជ​.​ណ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​សា​ចុះសា​ឡើង ត្រឡប់ត្រឡិន​ម្ដង​អ៊‌ីចេះ ម្ដង​អ៊‌ី​ចុះ​(​ម្ដង​សម្រេច​ប្រគល់​ដី ទំនាស់​ឱ្យ​ប្រជាជន ម្ដង​សម្រេចប្រគល់​ដី​ទំនាស់​ឱ្យ​ឧកញ៉ា​ជៀម ផែន និង​ម្ដងទៀត​សម្រេច​ប្រគល់ដី​ទំនាស់​ឱ្យ​ប្រជាជន​) គឺ​នាំឱ្យប្រជាជន​រងទុក្ខវេទនា​អស់​ជាច្រើនឆ្នាំ​រួមទាំង​ទទួលរង​ការចោទប្រកាន់ពី​ឯកឧត្ដម​ប៊ិន ឈិន​ថា​ជា​“​ក្រុមប្រឆាំង​”​ថែមទៀត និង​ខាងឧកញ៉ា​ជៀម ផែន ក៏​ទទួលរង​ការខាតបង់​លុយកាក់​អស់​មិន​ស្ទើរ​ដែរ​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល​ក៏​មិនគួរ​ចេញ​សេចក្ដីសម្រេច​និរាករណ៍លិខិត​ស​.​ជ​.​ណ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ អាទិត្យ​ដែលជា​ថ្ងៃ​ឈប់សម្រាកនោះដែរ ពីព្រោះ​មិនមែនជា​ករណីបន្ទាន់​បង្ខំដូចជា​ករណី​បញ្ជូន កងទ័ព​ទៅ​ព្រំដែន​ទប់ទល់​នឹង​ប​ច្ចាមិ​ត្ដ​ឬ​ជា​ករណី​បទល្មើស​ព្រហ្មទណ្ឌជាក់ស្ដែង​អ្វី​នោះដែរ ដែលជាហេតុនាំឱ្យ​សេចក្ដីសម្រេច​នោះ បាត់បង់​តម្លៃ​ជា​លិខិត​គតិ​យុ​ត្ដរបស់រាជរដ្ឋាភិបាល ។​ ​

ក្រុមអ្នកតាមដាន​សំណុំរឿងវិវាទ​ដីធ្លី​នេះ បាន​និយាយទៀតថា មហិច្ឆតា​លោភលន់​របស់លោក ឧកញ៉ា​ជៀម ផែន ត្រូវ​បរាជ័យ នៅ​ទឹក​ចុងក្រោយៗ​ពី​បាន​ចាយ វាយ​លុយកាក់​អស់​ជាច្រើន​មក ហើយ​ប្រសិនបើ​លោក​ឧកញ៉ា​រូប នេះ​ទទួលយក​ការបែងចែក​ដីធ្លី ចំនួន​ពាក់កណ្ដាល​ជាមួយ​ប្រជាជន តាម​ការផ្ដល់​យោបល់រ​បស់​ឯកឧត្ដម ស ខេង ក្នុងន័យ​បញ្ចប់ទំនាស់ តាម​រូបមន្ដ​ឈ្នះ​-​ឈ្នះ គឺអាច​ប្រសើរ​ជាង​នេះ និង​អាច​បង្ក​នូវ​ភាពសុខសាន្ដ​ជាមួយ​ក្រុម​ប្រជាជន​ដែល រស់នៅ​ក្បែរ​ទីតាំង​ដី​របស់ខ្លួន​ផង​។​ ​

សរុបសេចក្ដី​មក សំណុំរឿងវិវាទ​ដីធ្លី​រវាង​ក្រុម​ប្រជាជន​ក្រីក្រ តូចតាច​ចំនួន​៤៩​គ្រួសារ​និង​លោក ឧកញ៉ា​ជៀម ផែន ដែលជា​អ្នកមាន​លុយកាក់​នេះ នាំឱ្យ​ស្ថាប័នតុលាការ​សម្រេច​ចេញ​ជា​សាលក្រមចំនួន​២(​មិន​និយាយ​ដល់​ការចេញដីកា​សម្រេច​ផ្សេងៗ​) និង​ស្ថាប័ន រាជរដ្ឋាភិបាល​សម្រេច​ចំនួន​៨​លើក (៧​លើក​ជា​លិខិត​ស​.​ជ​.​ណ​របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​១​លើកចេញ​ជា​សេចក្ដីសម្រេច​នៅ​ថ្ងៃអាទិត្យ ជា​ថ្ងៃ​ឈប់សម្រាក​)​និង​ក៏បានបង្ហាញ​យ៉ាង​ជាក់ច្បាស់​ថា របាយការណ៍​និង​ការផ្ដល់​យោបល់​របស់ឯកឧត្ដម​ ប៊ិន ឈិន កន្លងមក​បានឈានទៅដល់​ឱ្យ​ស្ថាប័ន​តុលាការចេញ​សាលក្រម​បង្គាប់​ឱ្យមាន​ការរុះរើ​ផ្ទះសម្បែង​របស់​ប្រជាជន​ទាំងកំរោល​ចេញពី​ទីតាំង​ដី​ទំនាស់ ហើយ​បើ​កុំ​តែមាន​ការសម្រេចសាជាថ្មី​របស់​សម្ដេច​អគ្គមហាសេនាប​តី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះទេម្ល៉េះ​សម​ទឹកភ្នែក​របស់​ក្រុម ប្រជាជន​ក្រីក្រ តូចតាច​នៅតែ​ហូរ និង​បន្ដ​ជាប់គុក​ច្រវាក់​ទល់​បច្ចុប្បន្នជាមិនខាន​ឡើយ ៕

Cheam-Phen1

កូនចៅប្រជាជន៤៩គ្រួសាររៀនក្រោមដើមឈើក្រោយចាញ់ក្តីសេដ្ឋី ជៀម ផែន

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.