តាមការកត់សម្គាល់ជាក់ស្ដែងបានបង្ហាញថា មានរឿងក្ដីមួយចំនួនរវាងបុគ្គលនិងបុគ្គល ឬរវាងបុគ្គលនិងមនុស្សមួយក្រុម ដែលមិនមែនជារឿងពាក់ព័ន្ធ
នឹងផលប្រយោជន៍ផ្ទាល់របស់រដ្ឋ ទោះបីបាននិងកំពុងដោះស្រាយនៅស្ថាប័នតុលាការរួចហើយក៏ដោយ ក៏ត្រូវបានស្ថាប័នរាជរដ្ឋាភិបាល(នីតិប្រតិបត្ដិ)ប្រមូលយកមកដោះស្រាយជាសមត្ថកិច្ច តាមរយៈការចេញជាលិខិត ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ឬជាសេចក្ដីសម្រេចដែរ ។
ការដោះស្រាយរឿងក្ដីបែបនេះ បើអនុលោមតាមបញ្ញត្ដិមាត្រា១២៨ថ្មី(មាត្រា១០៩ចាស់)កថាខណ្ឌទី៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង ។ ”គឺជាអំពើរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត មានព័ស្ដុតាងបានបង្ហាញថា នៅក្នុងរឿងក្ដីតែមួយត្រូវបានរាជរដ្ឋាភិបាលសម្រេចខុសគ្នាច្រើនដងចុះឡើងៗ (ឧទាហរណ៍ ម្ដងសម្រេចទទួលស្គាល់កជាកម្មសិទ្ធិ ឬប្រគល់ជូនក តែម្ដងទៀតសម្រេចទទួលស្គាល់ខជាកម្មសិទ្ធិ ឬប្រគល់ជូនខវិញ ខណៈដែលក និងខមានវិវាទនឹងគ្នា) ។
ព័ស្ដុតាងទីមួយ ៖ សំណុំរឿងវិវាទដីធ្លីរវាងបុគ្គលម្នាក់ឈ្មោះកែវ ជីន និងអាជ្ញាធរភូមិជម្ពូវ័នទាមទារគ្រប់គ្រងកាន់កាប់អចលនវត្ថុមួយកន្លែង ឋិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទំហំប្រមាណជាង៤០០ម៉ែត្រក្រឡា ត្រូវបានស្ថាប័នតុលាការដោះស្រាយឬ វិនិច្ឆ័យសេចក្ដីរួចហើយ ដោយសម្រេចប្រគល់ដីទំនាស់ឱ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួមប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ និងហាមឃាត់មិនឱ្យអាជ្ញាធរផ្ទេរសិទ្ធិ ឬលក់ដូរដីទំនាស់ឱ្យទៅអ្នកដទៃឡើយ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥របស់តុលាការកំពូល ។
លុះក្រោយមក រាជរដ្ឋាភិបាលបានយកសំណុំរឿងដដែលនេះមកដោះស្រាយដោយសម្រេចប្រគល់ដីទំនាស់ឱ្យទៅបុគ្គលឈ្មោះកែវ ជីន ជាអ្នកចាញ់ក្ដីជាស្ថាពរនៅស្ថាប័នតុលាការរួចហើយ បានកាន់កាប់ជាកម្មសិទ្ធិទៅវិញតាមស្មារតីលិខិតលេខ១៩៦៩សជណចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៥ (លិខិតស.ជ.ណ)របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
ព័ស្ដុតាងទីពីរ ៖ សំណុំរឿងវិវាទដីធ្លីរវាងប្រជាពរលដ្ឋចំនួន២១គ្រួសារ និងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ឋិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (អតីតឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ)ខេត្ដបន្ទាយមានជ័យ ធ្លាប់ត្រូវបានស្ថាប័នតុលាការដោះស្រាយវិនិច្ឆ័យសេចក្ដីរួចហើយ ដោយសម្រេចទទួលស្គាល់ដីទំនាស់ជាកម្មសិទ្ធិរបស់សមាគមអភិវឌ្ឍន៍កសិកម្មជាតិ តាមសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ៧៨“ក”ចុះថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០០៤ របស់សាលាដំបូងខេត្ដបន្ទាយមានជ័យ ។
ក្រោយមក រាជរដ្ឋាភិបាលបានយកសំណុំរឿងដដែលនេះមកដោះស្រាយជាហូរហែច្រើនដង រួមមាន ៖ លើកទី១ ៖ សម្រេចឱ្យអនុវត្ដន៍នូវសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីខេត្ដបន្ទាយមានជ័យ លេខ០៨៤ស្ទួនដក.គសខ-បជ/០៤ ចុះថ្ងៃទី០៥ខែកក្កដាឆ្នាំ២០០៤ និងសម្រេចឱ្យជំរុញការអនុវត្ដសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ៧៨“ក”ចុះថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០០៤ របស់សាលាដំបូងខេត្ដបន្ទាយមានជ័យ តាមស្មារតីលិខិតលេខ១៦០សជណ ចុះថ្ងៃទី៣១ខែមករាឆ្នាំ២០០៦របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ លើកទី២ ៖ សម្រេចលុបចោលដីកាលេខ០៨៤ស្ទួនដក.គសខ-បជ/០៤ ចុះថ្ងៃទី០៥ខែកក្កដាឆ្នាំ២០០៤ របស់គណៈកម្មការសុរិយោដីខេត្ដបន្ទាយមានជ័យ ជាអសារបង់ តាមស្មារតីលិខិតលេខ៧៩៤សជណ ចុះថ្ងៃទី២២ខែឧសភាឆ្នាំ២០០៦របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ លើកទី៣ ៖ សម្រេចបង្កើតគណៈកម្មការចម្រុះធ្វើការស្រាវជ្រាវករណីទំនាស់ឡើងវិញ តាមស្មារតីលិខិតលេខ១១៥៧សជណ ចុះថ្ងៃទី២៦ខែកក្កដាឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ លើកទី៤ ៖ សម្រេចប្រគល់ដីទំនាស់ឱ្យប្រជាពលរដ្ឋ ផង និងសមាជិករបស់សមាគមអភិវឌ្ឍន៍កសិកម្មជាតិផង តាមស្មារតីលិខិតលេខ១៨៣៦សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៦របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ លើកទី៥ ៖ សម្រេចឱ្យអាជ្ញាធរខេត្ដប្រឹងប្រែងខិតខំរកដីវាស់វែងឱ្យប្រជាពលរដ្ឋ តាមស្មារតីលិខិតលេខ៤៦១សជណ.ឧស ចុះថ្ងៃទី០៣ខែមេសាឆ្នាំ២០០៦ របស់ទីស្ដីគណៈរដ្ឋមន្ដ្រី ។ លើកទី៦ ៖ សម្រេចឱ្យ ក្រសួងមហាផ្ទៃដោះស្រាយបញ្ចប់វិវាទ និងឱ្យមានការផ្ដន្ទាទោសចំពោះជនប្រព្រឹត្ដល្មើសក្លែងសក្ខីកម្មផ្សេងៗ តាមស្មារតីលិខិតលេខ៦៤៥សជណ ចុះថ្ងៃទី០៩ខែឧសភាឆ្នាំ២០០៨ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ លើកទី៧ ៖ សម្រេចនិរាករណ៍លិខិតលេខ៦៤៥សជណ ចុះថ្ងៃទី០៩ខែឧសភាឆ្នាំ២០០៨ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រីចោលជាអសារបង់ តាមស្មារតីលិខិតលេខ៦៩៣សជណ ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០០៨ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី និងនៅមានស.ជ.ណរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីលើកទី៨ទៀត។
ព័ស្ដុតាងទីបី ៖ សំណុំរឿងវិវាទដីធ្លីរវាងប្រជាជនចំនួន៤៩គ្រួសារ និង លោកឧកញ៉ា ជៀម ផែន ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ត្រូវបានស្ថាប័នតុលាការសម្រេចចេញជាសាលក្រមចំនួន២ និងរាជរដ្ឋាភិបាលសម្រេចចុះឡើងៗចេញជាស.ជ.ណទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន៧ និងសេចក្ដីសម្រេចចំនួន១ (សូមអានអត្ថបទមានចំណងជើងថា ទំនាស់ដីធ្លីដ៏ក្ដៅគគុករវាងប្រជាជន៤៩គ្រួសារនិងសេដ្ឋីឧកញ៉ា ជៀម ផែន )។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានបញ្ចេញទស្សនៈថា រាជរដ្ឋាភិបាលគប្បីដោះស្រាយនូវវិវាទទាំងឡាយដែល ពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋ ដូចជា ដីធ្លីរបស់រដ្ឋ ព្រៃឈើ…។ល។ តាមរយៈការចេញ ស.ជ.ណ ទីស្ដីការគណៈរដ្ឋមន្ដ្រី ឬសេចក្ដីសម្រេច ឬអនុក្រឹត្យ…។ល។ ដោយមិនត្រូវលូកដៃទៅដោះស្រាយនូវវិវាទដែលជា សមត្ថកិច្ចរបស់តុលាការបាននិងកំពុងដោះស្រាយនោះទេ ព្រោះវាជាការរំលោភំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ម្យ៉ាងទៀត ការសម្រេចម្ដងអ៊ីចេះ ម្ដងអ៊ីចុះ ខុសគ្នាត្រឡប់ត្រឡិនចុះឡើងៗរបស់រាជរដ្ឋាភិបាលក្នុងរឿងវិវាទតែមួយ នាំឱ្យបាត់បង់នូវតម្លៃនៃការសម្រេចរបស់ស្ថាប័ននីតិប្រតិបត្ដិទាំងមូល ហើយថែមទាំងធ្វើឱ្យខូចខាតនូវផលប្រយោជន៍របស់ភាគីក្នុងរឿងក្ដីដ៏ធ្ងន់ធ្ងរទៀតផង ៕