គ្រាន់តែឮព័ត៌មានរហិចរហៀងថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានឧត្ដមប្រឹក្សាផ្ទាល់សម្ដេចព្រះករុណាព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើនាយករដ្ឋមន្ដ្រីទ្រង់ផ្លាស់ប្ដូរព្រះទ័យចូលប្រឡូកក្នុងឆាកនយោបាយវិញភ្លាម ដោយចង់យាងទៅគង់ធ្វើជាព្រះប្រធានកិត្ដិយសគណបក្សសង្គ្រោះជាតិនោះ គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ បានប្រកាសថា នឹងប្ដឹង សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ពីបទពុករលួយ លួចលក់យន្ដហោះប្រភេទ MI-17 របស់គណបក្សកាលពីពេលកន្លងទៅ ។
នេះអាចជាព័ត៌មានធ្លាយចេញមុន (អាចបញ្ឆោត ឬមិនបញ្ឆោត?) ព្រោះគេមិនទាន់ប្រាកដថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្ដូរព្រះទ័យរេចុះរេឡើងចង់ធ្វើនយោបាយវិញនៅឡើយ ប៉ុន្ដែបានធ្វើឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចចេញប្រតិកម្មភ្លាម គំរាមចង់ប្ដឹងប្រឆាំងជាមុនទៅហើយទៅលើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។
នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ម្សិលមិញនេះ សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ទ្រង់បានមានព្រះរាជបន្ទូលប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ទ្រង់មិនយាងចូលធ្វើនយោបាយវិញទេ ហើយទ្រង់ក៏មិនដែលបាននិយាយអំពីរឿងធ្វើជាប្រធានកិត្ដិយសគណបក្សសង្គ្រោះជាតិអ្វីដែរ ។ ស្របពេលជាមួយគ្នានោះ ខាងគណបក្សហ្វ៊ុនស៊ិនប៉ិចក៏បានបង្ហាញនូវជំហររបស់ខ្លួនបោះបង់គម្រោងប្ដឹងប្រឆាំងនឹងសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ វិញ ។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្លាប់បានមានព្រះរាជបន្ទូលថា ព្រះអង្គឈប់យាងចូលប្រឡូកធ្វើជានយោបាយទៀតហើយៗទ្រង់ស្ម័គ្រព្រះទ័យដង្ហែព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រ (អានសារព័ត៌មានដើមត្នោតលេខ១៧២បន្ថែម) ។
ជុំវិញរឿងរ៉ាវរវាងគណបក្សហ្វ៊ុនស៊ិនប៉ិចនិងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣វេលាព្រឹកមិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គាំទ្រសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ថា ទ្រង់មិនមែនជាអ្នកលួចយន្ដហោះគណបក្សហ្វ៊ុនស៊ិនប៉ិចយកទៅលក់នោះទេ ដូច្នេះ បើចោទព្រះអង្គជាអ្នកលួចលក់យន្ដហោះ ដូចចោទរាជរដ្ឋាភិបាល ពីព្រោះការលក់ដូរយន្ដហោះ គឺត្រូវឆ្លងកាត់រាជរដ្ឋាភិបាល ។ លើសពីនេះ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ដ្រី ក៏មិនជឿថា សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ យាងទៅចូលរួមនយោបាយជាមួយគណបក្សប្រឆាំងឡើយ ។
ក្រោយមក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះដែរ គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសថា លុបចោលការប្ដឹងប្រឆាំងនឹងសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ពីបទពុករលួយ និងលួចលក់យន្ដហោះវិញ ដោយសម្អាងថា ការលក់នេះមានការអនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល ។
អ្នកវិភាគនយោបាយឯករាជ្យបានចោទជាសំណួរថា ៖ ១-បើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ យាងចូលធ្វើនយោបាយវិញមែន ហើយយាងចូលទៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ឬគណបក្សស្របផ្សេងទៀត ឬក៏គណបក្សកាន់អំណាចតែម្ដង តើគណបក្សហ្វ៊ុនស៊ិនប៉ិចរៀបគម្រោង ផែនការប្ដឹងប្រឆាំងនឹងសម្ដេចក្រុមព្រះដែរឬទេ ? ឬទាល់តែទ្រង់យាងចូលក្នុងគណបក្សនយោបាយប្រឆាំង ទើបត្រូវតែប្ដឹង ? ២-បើដឹង និងមានព័ស្ដុតាងថា សម្ដេចក្រុមព្រះពុករលួយ និងលួចលក់យន្ដហោះរបស់គណបក្សទៅហើយ ចុះហេតុអ្វីមិនប្ដឹងពីពេលនោះមក បែរទើបមកប្ដឹងនៅពេលនេះ ? ឬមួយនៅខ្លាចព្រះបារមីសម្ដេចក្រុមព្រះ? ៣-គណបក្សហ្វ៊ុនស៊ិនប៉ិចជាគណបក្សដង្ហែ និងជាគណបក្សដៃគូជាមួយគណបក្សកាន់អំណាចអស់ជាច្រើនអាណត្ដិមកហើយ ហេតុអ្វីមិនដឹងថា សម្ដេចក្រុមព្រះលក់យន្ដហោះគណបក្សមានការអនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល ទើបមកដឹងនៅក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ដ្រីប្រកាសប្រាប់ជាសាធារណៈ ? ឬរឿងទាំងអស់នេះជា“អន្ទាក់”សម្រាប់“ទាក់ព្រះបាទ”សម្ដេចក្រុមព្រះមិនឱ្យយាងចូលធ្វើនយោបាយប្រឆាំង ?
ក្រុមអ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងទៀតថា នេះគឺជាសារបញ្ជាក់អំពីវប្បធម៌សងសឹក គុំកួនរបស់អ្នកនយោបាយខ្មែរផង និងបញ្ជាក់អំពីលទ្ធផលនៃការចូលប្រឡូកធ្វើនយោបាយប្រឆាំងផង នៅក្នុងករណីអ្នកនយោបាយនោះធ្លាប់ប្រព្រឺត្ដកំហុសឋិតនៅក្នុង“បញ្ជីខ្មៅ” របស់អ្នកនយោបាយភាគីបដិបក្ខ ៕