ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

​កីឡាករឈាងហុងទៅ​ប្រកួត​យក​ខ្សែក្រវាត់​អន្តរទ្វីប​នៅ​ប្រទេស​បារាំង

​អ្នក​ប្រដាល់​វ័យក្មេង​ជំនាញ​កែង​និង​ជង្គង់ ឈាង ហុង ក្លឹប​អាវុធ​គីមី​ដែល​ទើប​ទទួលបាន​ជើងឯក​រង​ខ្សែក្រវាត់​ប្រយុទ្ធប្រឆាំង ​គ្រឿងញៀន​កាលពី​សប្តាហ៍​មុន​នោះ បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​ហើយ កាលពី​ថ្ងៃទី​១២ ខែមីនា​ម្សិលមិញ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ក្រោម​ការរៀបចំ​ដោយ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង ជាមួយ​កីឡាករ​មកពី​ទ្វីបអាស៊ី​និង​អឺរ៉ុប​។

​លោក មៀម ស៊ី​សា​រ៉ា ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង បាន​មានប្រសាសន៍ថា ការប្រកួត​នេះ​ គឺ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​អន្តរទ្វីប​អាស៊ី​អឺរ៉ុប មាន​កីឡាករ​ខ្មែរ បារាំង អង់គ្លេស អ៊ីតាលី និង​ព័រ​ទុយ​ហ្គា​ល់ ។​ លោក មៀម ស៊ី​សា​រ៉ា បន្ត​ឲ្យ​ដឹងថា ការប្រកួត​មាន​ចំនួន​៣​កម្មវិធី​ឯណោះ គឺ លើក​ទី​១​ថ្ងៃទី​២៣ ខែមីនា មាន​មួយ​ព្រឹត្តិការណ៍​ដែល​ប្រកួត​នៅ Vendee, លើក​ទី​២​នៅ​ថ្ងៃទី​០៦ ខែមេសា មាន​មួយ​ព្រឹត្តិការណ៍​ដែល​ប្រកួត​នៅ​Angers និង​លើក​ទី​៣​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣ ប្រកួត​នៅ​ប៉ារីស​ជាការ​ប្រកួត​ផ្តាច់ព្រ័ត្រ​យក​ខ្សែក្រវាត់ ។ លោក​បញ្ជាក់ទៀតថា កីឡាករ ឈាង ហុង ត្រូវ​ចូលរួម​ប្រកួត​ទាំង​២​ប្រភេទ​ទម្ងន់ គឺ​ទម្ងន់​៦០​គីឡូក្រាម និង​ទម្ងន់​៦១​គីឡូក្រាម ហើយ​បើ​ឈ្នះ​គឺ​ទទួលបាន​ខ្សែក្រវាត់​ពីរ​តែម្តង​។​

​សម្រាប់​ព្រឹត្តិការណ៍​ទី​១ ដែល​ប្រកួត​នៅ​ថ្ងៃទី​២៣ ខែមីនា ៖ កីឡាករ ឈាង ហុង របស់​កម្ពុជា​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ជាមួយ​អ្នក​ប្រដាល់​បារាំង​ឈ្មោះ Vatsana Sedone ។ រីឯ​កីឡាករ សេន ប៊ុន​ថេ​ន របស់​កម្ពុជា​មកពី​ក្លឹប​ក្រសួងមហាផ្ទៃ ដែល​ទៅដល់​ស្រុក​បារាំង​មុន​ហើយ​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង Johane Beause Jou ។ កីឡាករ សេន ប៊ុន​ថេ​ន ត្រូវ​ប្រកួត​ពីរ​ប្រភេទ​ទម្ងន់​ដែរ គឺ​ទម្ងន់​៧១​គីឡូក្រាម និង​ទម្ងន់​៧២​គីឡូក្រាម​។​

ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​ចុងក្រោយ ឯកឧត្តម ប៊ុន សុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង ដើម្បី​បំពាក់​ខ្សែក្រវាត់​ដល់​ម្ចាស់​ជើងឯក ដែល​គេ​ស​ង្ឈឹ​ម​ថា កីឡាករ​កម្ពុជា​នឹង​ទទួលបាន​ជ័យលាភី ដោយ​លោក មៀម ស៊ី​សា​រ៉ា បាន​អះអាងថា គេ​ទទួលស្គាល់ និង​ផ្តល់​អាទិភាព​ថា កម្ពុជា​ជា​ម្ចាស់​ដើម​នៃ​ក្បាច់គុន​។​

គួរបញ្ជាក់​ជូន​ដោយ​មោទកភាព​ថា បើតាម​របាយការណ៍​ផ្លូវការ​នៅ​ស្រុក​បារាំង សព្វថ្ងៃ​មាន​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ប្រមាណ​ចំនួន​៧៨​ក្លឹប ដែលមាន​កីឡាករ កីឡាការិនី​ជាង​៦.០០០​នាក់ ។​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​បានចាប់កំណើត​តាំងពី​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០០៩​មកម្ល៉េះ ។ ជា​រៀងរាល់ឆ្នាំ​គឺ​តែងតែ​នាំ​កីឡាករ​កម្ពុជា​ខ្លាំងៗ ទៅ​វាយ​ដណ្តើម​ខ្សែក្រវាត់​ជានិច្ច ដូចជា​នៅ​ឆ្នាំ​២០១២​កន្លងមក ព្រឹត្តិការណ៍​បែបនេះ​មាន​អ្នក​ប្រដាល់​កម្ពុជា​ចំនួន​៣​នាក់​ទៅ​ចូលរួម​ប្រកួត គឺ​កីឡាករ កែវ រំ​ចង់ មកពី​ក្លឹប​កងពល​លេខ​៨​ភ្នំ​ទ្រព្យ​, កីឡាករ ចាន់ រតនា មកពី​ក្លឹប​ខេ​មរ​ខ្លាហោះ និង​កីឡាករ ឡៅ ស៊ី​ណាត មកពី​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ជ័យជម្នះ គឺ​កីឡាករ កែវ រំ​ចង់ ទទួលបាន​ខ្សែក្រវាត់​ចំនួន​ពីរ​ម្នាក់ឯង​៕

Cheang-Hong-(30)

Cheang-Hong-(3)

កីឡាករបារាំងឈ្មោះ VATSANA SEDONE ត្រូវប្រកួតជាមួយកីឡាករកម្ពុជា ឈាង ហុង

Filed in: កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.