ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

រឿង​ដំឡើង​ប្រាក់ខែ​កម្ម​ករ៖ចរចា​បើកផ្លូវ​នៅ​ក្រុមការងារ​ផ្នែកទំនាក់ទំនង​វិជ្ជាជីវៈ​និង​ទៅ​សម្រេចប្រថាប់ត្រា​នៅ​គណៈកម្មការ​ប្រឹក្សាការងារ

​កម្មករ និយោជិត​ផ្នែក​វាយ​នភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង នៅ​ទូទាំងប្រទេស​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​ដំឡើង​ប្រាក់​ឈ្នួលអប្បបរមា​ជូន​ពួកគាត់ ខណៈដែលកិច្ចប្រជុំ​ចរចា​បើកផ្លូវ​នៅក្នុង​ក្របខ័​ណ្ឌ​នៃ​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​រក​ច្រកចេញ​មិនទាន់ ឃើញ និង​ចេះតែ​ពន្យារពេល​កិច្ចប្រជុំ​ជា​បន្ដបន្ទាប់ ។​

​អនុលោម​តាម​ប​ញ្ញ​ត្ដិ​មាត្រា៣៥១​ដល់​មាត្រា​៣៥៨​នៃ​ច្បាប់ស្ដីពី​ការងារ​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​អនុក្រឹត្យ​លេខ​៤៧​អនក្រ.​បក​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០០៦ របស់​រាជរដ្ឋាភិបាល​ស្ដីពី​សមាសភាព​និង​ការ​ប្រ​ព្រឹ​ត្ដទៅ​នៃ​គណៈកម្ម​ការប្រឹក្សា​ការងារ គឺ​ការលើកយោបល់​ណែនាំ​អំពី​អត្រា​បៀវត្សរ៍អប្បបរមា​ដែល​ត្រូវ​ធានា​ជូន​កម្មករ និយោជិត​ជា​ភារកិច្ច​របស់​គណៈកម្ម​ការប្រឹក្សា​ការងារ ។​

​គណៈកម្មការ​ប្រឹក្សា​ការងារ (LAC​)​ជា​អង្គការ​ត្រីភាគី​ដែលមានការចូលរួម​ពី​ភាគី​រាជរដ្ឋាភិបាល (​ឯកឧត្ដម​ វង សូត រដ្ឋមន្ដ្រីក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ប្រធាន​) ភាគី​តំណាង​និយោជក (​លោក​ឧកញ៉ា​បណ្ឌិត​ ណា​ង សុធី ជា​អនុប្រធាន​) និង​ភាគី​តំណាងកម្មករ និយោជិត​(​លោក​ជួន មុំ ថុល ប្រធាន​សហព័ន្ធ​សហជីពខ្មែរ ជា​អនុប្រធាន​) ។​

​ថ្វី​ដ្បិត​ច្បាប់​ស្ដីពី​ការងារ និងអនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​បានតម្រូវឱ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​រាល់បញ្ហា​ដែល​ទាក់ទង​នឹង​ការងារ​មុខរបរ ប្រាក់​ឈ្នួល​នៃ​កម្មករ និ​យោជិត​ក៏ដោយ ក៏​កិច្ចប្រជុំ​ចរចា​ស្ដីពីការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាជូន​កម្មករ និយោជិត​ជាបឋម​មិនត្រូវបាន​លើកយក​មក​ប្រជុំពិភាក្សាផ្ទាល់​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ ប្រឹក្សា​ការងារ​នេះ​ទេ គឺ​បែរជាលើក​យកទៅ​ប្រជុំ​ចរចា​នៅក្នុងក្របខ័ណ្ឌ​នៃ​ក្រុមការងារ​តាម​វិស័យ សម្រាប់​ធ្វើជា​ដៃគូ​ពិភាក្សា​ការងារជាមួយ​ផ្នែក​ឯកជន​(​ក្រុមការងារផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​)​ទៅវិញ​។​

ក្រុមការងារ​ផ្នែក​ទំនាក់ទំនងវិជ្ជាជីវៈ​(​ក្រុមការងារ​ទី​៨) ​មានឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជា​សហប្រធាន (​ខាង​រាជរដ្ឋាភិបាល​) លោក​ឧកញ៉ាបណ្ឌិត ​ណា​ង សុធី ជា​សហប្រធាន (​ខាង​ឯកជន​)​និង​ឯកឧត្ដម​ វង សូត រដ្ឋមន្ដ្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​អនុប្រធាន ។​

​យោងតាម​ស្មារតី​សេចក្ដីសម្រេចលេខ​៦៤​សសរ​ចុះ​ថ្ងៃទី​១២ ​ខែវិច្ឆិកា ឆ្នាំ​២០១០ របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការទទួលស្គាល់​ជា​ផ្លូវការ​នូវ​សមាសភាព​សហប្រធាន​ក្រុមការងារ​ទាំង​៨ របស់​ផ្នែក​ឯកជន គឺ​តម្រូវឱ្យ​សហប្រធាន​ក្រុមការងារ​ផ្នែក​ឯកជន ចូលរួម​ប្រជុំ​តាម​កម្មវិធី​កំណត់​របស់សហប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ដោះស្រាយនូវ​រាល់​បញ្ហា​កង្វល់ ឬ​ជា​ឧបសគ្គរបស់​ធុរជន​ជាទូទៅ ក្នុង​ក្របខ័ណ្ឌសមត្ថកិច្ច​របស់ខ្លួន ។​

​លោក​ឧកញ៉ា​ វ៉ាន់ ស៊ូ​អៀង ជារឿយៗ តែង​មានមុខ​ក្នុង​រាល់​កិច្ចប្រជុំពិភាក្សា​ដំឡើង​ប្រាក់ខែ​ជូន កម្មករ និយោជិត ពីព្រោះ​លោកឧកញ៉ា​ វ៉ាន់ ស៊ូ​អៀង ជា​ប្រធានសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) និង​ក៏​ជា​សហប្រធានក្រុមការងារ​ផ្នែក​ផលិតកម្ម​កែច្នៃសម្រាប់​នាំចេញ​និង​កិច្ច​សម្រួលពាណិជ្ជកម្ម​ផ្នែក​ឯកជន​ និង​ជាស​មាជិ​ក​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិរបប​សន្ដិសុខ​សង្គម តំណាង​ខាងភាគី​និយោជក ដូច​លោក​ឧកញ៉ាបណ្ឌិត​ណា​ង សុធី ផងដែរ ។​

​ឥឡូវ កិច្ចប្រជុំ​ពិភាក្សា​ចរចាដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូនកម្មករ និយោជិត​កំពុងតែ​ជាប់គាំង ស្ញេញ​ម្ដង​ជា​ពីរដង​នៅក្នុង​ក្របខ័ណ្ឌក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈនៅឡើយ ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​វិស័យការងារ​នៅ​កម្ពុជា​ បាន​និយាយ​ឱ្យដឹងថា តាម​ការកត់សំគាល់​ក​ន្ល​ង​មក កូនសោ​សម្រាប់​ចាក់​បើកទ្វារ​ឱ្យមាន​កិច្ចដំណើរការ​ប្រជុំពិភាក្សាចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ជូន​កម្មករ និយោជិត​យូរ​ឬ​ឆាប់ និង​ឡើង​បាន​ប៉ុន្មាន គឺ​ឋិត​នៅលើក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​ហៅថា​ក្រុមការងារ​ទី​៨​ មានឯកឧត្ដម​ អ៊ិត សំហេង ជា​សហប្រធាន​ផ្នែក​រាជរដ្ឋាភិបាល​ដែលអាច​រាយការណ៍​និង​សុំ​យោបល់សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាលភ្លាមៗ មិនមែន​អាស្រ័យ​លើ​គណៈកម្ម​ការប្រឹក្សា​ការងារ​ដូច​ច្បាប់​ស្ដីពី​ការងារ​បា​នប​ញ្ញ​ត្ដិ​នោះទេ ។ គណៈកម្មការ​ប្រឹក្សា​ការងារ​ដែលមាន​ឯកឧត្ដម​ វង សូត ជា​ប្រធាន គឺ​គ្រាន់តែ​ប្រជុំ​បំពេញ​កិច្ច​តាមរបៀប “​ប្រថាប់ត្រា​” ​និង​ប្រមូលគ្នា​ចុះហត្ថលេខា​ចេញ​សេចក្ដីថ្លែងការណ៍ចុងក្រោយ​ប៉ុណ្ណោះ ។​

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​និ​យាយ​ថា ប្រព័ន្ធ​ការងារ​រវាងក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​គណៈកម្មការ​ប្រឹក្សា​ការងារ ហាក់​មាន​ភាពច្របូកច្របល់​ប្រទាំងប្រទើស​តាមរបៀប​ដូច​មិនសូវ​ទុកចិ​ត្ដ​គ្នា​នៅក្នុង​ជួរ​មន្ដ្រី​ជា​សមត្ថកិច្ច​ ៕

Vong-Sot1 Ith-Samheng04

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.