ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

និយាយ​អំពី​ការតែងតាំង​មេធាវី​រាជរដ្ឋាភិបាល​

មាន​សហ​ភាតា​ដែលជា​សមាជិកគណៈមេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជាមិនតិចជាង​៨​នាក់ ត្រូវបានតែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល ខ្លះ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ខ្លះទៀត​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិ​ការ ពោលគឺ​ទទួលបាន​ងារ​ជា “​ឯកឧត្ដម​” ។​

​មេធាវី​រាជរដ្ឋាភិបាល​មាន​លេខាធិ​ការដ្ឋាន​មួយ​ជា​សេនាធិការ​បង្កើតដោយ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី តាម​ប្រកា​សលេខ​១៥៦​ប្រ​.​ក ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០០៥ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​មានទីតាំង​បម្រើ​ការងារ​ឋិត​នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រី​តែម្ដង ។​

ក្នុងចំណោម​មេធាវី​រាជ​រដ្ឋា​ភិបាល​ដែលមាន​ចំនួន​ជិត​១០​នាក់នោះ មាន​ចំនួន​២​នាក់​ដែល​លេចធ្លោ និង​មាន​ឥទ្ធិពល​ជាងគេ គឺ ៖ ១-​ឯកឧត្ដម​មេធាវី​ ប៉ាល់ ចន្ទ​តារា អត្ដ​លេខ​៥១៨ ត្រូវបានតែងតាំងជា​មេធាវី​រាជរដ្ឋាភិបាល មាន​ឋានៈស្មើ​រដ្ឋលេខាធិការ ។ ក្រៅពី​មានមុខតំណែង​ជា​មេធាវី​រាជរដ្ឋាភិបាលដ៏​ឧត្ដុង្គឧត្ដម ឯកឧត្ដម​ប៉ាល់ ចន្ទ តារា ត្រូវបានតែងតាំង​ផងដែរ​ជាទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី​(​មិន​ទទួលប្រាក់បៀវត្សរ៍​) ជា​អនុប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យនៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម (​អ​.​ក​.​វ​) និង​ជា​សមាជិក​អាជ្ញាធរជាតិដោះស្រាយ​ទំនាស់​ដីធ្លី ។ ២- ឯកឧត្ដម​មេធាវី​គី តិច អត្ដ​លេខ១៥៦ អតីត​ប្រធាន​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏ចម្រូងចម្រាស ត្រូវបានតែងតាំងជា​មេធាវី​រាជរដ្ឋាភិបាល មាន​ឋានៈស្មើ​រដ្ឋលេខាធិការ កាលពី​ចុងឆ្នាំ២០០៨ (​ក្រោយពេល​ចប់​អាណ​ត្ដិជា​ប្រធាន​គណៈមេធាវី​) ។ ឯកឧត្ដមមេធាវី គី តិច មានគុណ​សម្បត្ដិ​ដ៏ច្រើន​អនេក ដោយបាន​បញ្ចូល ឥស្សរជន​ថ្នាក់ដឹកនាំ​កំពូលៗ និងអ្នកមានអំណាច អ្នកមាន​លុយ​ឯទៀតៗ​ឱ្យ​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​អាណ​ត្ដិ​របស់ខ្លួន​កាន់កាប់ជា​ប្រធាន​គណៈមេធាវី ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​បានលើកឡើងថា អនុលោម​តាមច្បាប់ស្ដីពី​លក្ខន្ដិកៈ​មេធាវី គឺ​ការប្រកបវិជ្ជាជីវៈ​មេធាវី​ក្នុង​ក្របខ័ណ្ឌ​គណៈមេធាវី ត្រូវមាន​សិទ្ធិ និង​ឋានៈ​ជាសហ​ភាតា​មេធាវី​ស្មើៗ​គ្នា​ទាំងអស់​។ ដោយឡែក​រាជរដ្ឋាភិបាល​បែរជាធ្វើការ​តែងតាំង​មេធាវី​កំពុង​ប្រកបវិជ្ជាជីវៈ​មួយចំនួន​ជា​មេធាវី​រាជរដ្ឋាភិបាល ដោយ​ប្រគល់​ឋានៈ​ឱ្យមាន​ងារ​ជា​ឯកឧត្ដម ខុសប្លែក​ពីមេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ដទៃទៀត បណ្ដាលឱ្យមាន​ភាព​រើសអើ​ង ឋានៈ​ទាប ខ្ពស់​នៅក្នុង​ការប្រកប​វិជ្ជាជីវៈ​មេធាវី ដែលជា​វិជ្ជាជីវៈ​ឯករាជ្យ និង​សេរី ចូលរួម​បម្រើវិស័យ​យុត្ដិធម៌​ទៅវិញ ។​

ក្រុមអ្នកច្បាប់​ឯករាជ្យ​បានបញ្ចេញ​ទស្សនៈ​ថា បើ​រាជ​រដ្ឋា​ភិបាល​ត្រូវការ​តែងតាំង​មុខតំណែងមេធាវី​មួយចំនួន​ឱ្យធ្វើជា​មេធាវីរាជរដ្ឋាភិបាល ដោយ​ផ្ដល់​ជា​ឋានៈខ្ពង់ខ្ពស់ គប្បី​ធ្វើ​ការជួល​មេធាវីទាំងនោះ​ក្នុងតម្លៃ​សមរម្យ​ណាមួយ សម្រាប់​ឱ្យ​ការពារ​ឬ​ធ្វើជា​តំណាងសិទ្ធិ​ក្នុង​រឿង​វិវាទ​ផ្នែក​ច្បាប់​ផ្សេងៗ របស់​រាជរដ្ឋាភិបាល​ផ្ដាច់មុខ ដោយតម្រូវឱ្យ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បញ្ឈប់​ការ​កាន់​រឿងក្ដី​ផ្សេង​ក្រៅពី​រឿងក្ដី ឬ​បញ្ហា​វិវាទ​ទាក់ទង​នឹងរាជរដ្ឋាភិបាល ។ ធ្វើ​ដូច្នេះ ដើម្បីបញ្ជៀ​សរូប​ភាព​នៃ​ការរើសអើងនៅក្នុង​ការប្រកប​វិជ្ជាជីវៈ​មេធាវី ដែលជា​វិជ្ជាជីវៈ​មួយ​ដ៏​សំខាន់​សម្រាប់ចូលរួម​បម្រើ​វិស័យ​យុត្ដិធម៌​នៅកម្ពុជា ។​

​សូម​ឥស្សរជន​ថ្នាក់ដឹកនាំ​ប្រទេស និង​ឯកឧត្ដម​មេធាវី​ប៊ុន ហុន ជាប្រធាន​គណៈមេធាវី​បច្ចុប្បន្ន​មេ​ត្ដាពិចារណា​ឱ្យបាន​ដិតដល់​ល្អិតល្អន់ប្រកបដោយ​គតិបណ្ឌិត​ពិតប្រាកដ អំពី​ផលប៉ះពាល់​នៃ​ការប្រកប​វិជ្ជាជីវៈ​មេធាវី​តាមរយៈ​នៃ​ការតែងតាំងសហ​ភាតា​មេធាវី​ជា​សមាជិក​គណៈមេធាវី​មួយចំនួន​ឱ្យមាន​ឋានៈ​ស្មើអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី បាន​ងារ​ជា​“​ឯកឧត្ដម​” នេះ​ផង ៕

Ky-Tech5Pal-Chandara1

ឯកឧត្តមមេធាវី គី តិច អត្តលេខ១៥៦ និងឯកឧត្តមមេធាវី ប៉ាល់ ចន្ទតារា អត្តលេខ៥១៨

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.