ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

ពី «​បុរស​ល្ងីល្ងើ​» ក្លាយជា «​វីរបុរស​» ! Rodrigo Duterte ហៅ Kim Jong-un ថា «​ជា​វីរបុរស​របស់​មនុស្ស​គ្រប់គ្នា​»

កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន បាន​ហៅ​លោក Kim Jong-un មេដឹកនាំ​វ័យក្មេង​ប្រទេស​កូរ៉េខាងជើង ដែល​លោក​ធ្លាប់​ចាត់ទុកថា «​ជា​បុរស​ល្ងីល្ងើ​» នោះ​ថា «​ជា​វីរបុរស​របស់​មនុស្ស​គ្រប់គ្នា​» ។ ការអះអាង​រប​ស់បុរ​ស​ខ្លាំង​ប្រទេស​ហ្វីលីពីន​បែបនេះ គឺ​កើតឡើង​បន្ទាប់ពី​លោក Kim Jong-un មេដឹកនាំ​វ័យក្មេង​ប្រទេស​កូរ៉េខាងជើង​សន្យាថា នឹងធ្វើ​ការ​ជាមួយ​មេដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ឈានទៅ «​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដ៏​ពេញលេញ​» នៅ​ឧបទ្វីប​កូរ៉េ ។

​លោក Rodrigo Duterte បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី​ថា លោក «​អបអរសាទរ​» ចំពោះ​លោក Kim Jong-un ដែល​ទើប​ក្លាយជា «​តារា​» របស់លោក ប្រសិនបើ​លោក​មានឱកាស​ជួប​គាត់ (​លោក Kim) ។ លោក​នឹង​ប្រាប់​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​ថា «​ខ្ញុំ​កោតសរសើរ​អ្នក ដោយ​អ្នកដឹង​ពី​ពេលវេលា (​ចលនា​របស់​អ្នក​) » ។

​ពាក់ព័ន្ធ​នឹង​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​នាពេល​កន្លងមក​ត្រូវបាន​លោក Rodrigo Duterte ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ និង​បាន​ជំរុញ​ឲ្យ​មហាអំណាច​សហរដ្ឋអាមេរិក​បញ្ឈប់​ការអត់ធ្មត់​ចំពោះ​បុរស​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ដែល​ចង់​បញ្ចប់​ពិភពលោក​ដោយ​អាវុធ​នុយក្លេអ៊ែរ ។ លើសពីនេះ លោក​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បាន​ហៅ​លោក Kim Jong-un ថា «​ជា​បុរស​ល្ងីល្ងើ​» ទៀតផង ។​

​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un អាយុ​៣៦​ឆ្នាំ និង​លោក Moon Jae-in ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង​អាយុ​៦៥​ឆ្នាំ​បាន​ព្រមព្រៀងគ្នា​លើ​គោលការណ៍​មួយ​ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​តំបន់​គ្មាន​យោធា​កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ ។ មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​សន្យាថា នឹងធ្វើ​ការ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ និង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​អចិន្ត្រៃយ៍ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.