ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

ដោះលែង​ហើយ ! អតីត​ប្រមុខរដ្ឋស្តីទី​រឿង «​បោះឆ្នោត​កញ្ចប់​» ផ្កាយ​៤ ញឹក ប៊ុនឆៃ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ

នៅ​ថ្ងៃ​ចន្ទ ១​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ លោក លី លី​ប​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បង្គាប់​សម្រេច​ឲ្យ​ដោះលែង​លោក ញឹក ប៊ុនឆៃ ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ចេញពី​ពន្ធនាគារ​ហើយ បន្ទាប់ពី​បាន​ជាប់​ឃុំខ្លួន​អស់​រយៈពេល​ជិត​១​ឆ្នាំ​រួចមក ។​

​អតីត​ប្រមុខរដ្ឋស្តីទី អតីត​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​អតីត​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី គឺ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខ​មេរ​ភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០០០០០៩ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​តាម​ដីកា​បញ្ជូន​ឲ្យ​ចូលខ្លួន​លេខ​២០៣​អយ​ឋ ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​នេះ ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៣០៨២​អយ​ឋ ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧ និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នា​ថ្ងៃ​ដដែល ។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា «​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញ​តម្រុយ​បទល្មើស​លើ​ឈ្មោះ ញឹក ប៊ុនឆៃ ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន ។ នៅក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន និង​បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​លើ​សំណុំរឿង​គ្រឿងញៀន​ដ៏​ធំ​នេះ​រួចមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៧៥៨ ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ និង​បាន​ចាត់​នីតិវិធី​ជា​បន្តបន្ទាប់ ព្រមទាំង​បានសម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ញឹក ប៊ុនឆៃ ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន តាម​បញ្ញត្តិ​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨.១​ថ្មី ចំណុច​ទី​៤ និង​មាត្រា​៣២.១​ថ្មី ចំណុច​ទី​៤.​ង នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០០៥ តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៣០៨២​អយ​ឋ ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧ ហើយ​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ » ។​

​រឿងរ៉ាវ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ដែល​បាន​ធ្លាក់​មកដល់​ក្នុង​ដៃ​សមត្ថកិច្ច​តុលាការ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន​នាពេលនេះ គឺ​បន្ទាប់ពី​លោក​ត្រូវបាន​ដកហូត​មុខតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​យ៉ាង​តក់ក្រហល់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៤៥២ ចុះ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ក្រោម​ឥទ្ធិពល​ព្យុះ​កំហឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចោទប្រកាន់ថា លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ «​ក្បត់​» គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​សម្ព័ន្ធមិត្ត​ទៅ​សមគំនិត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​នាពេល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​កន្លងទៅ​ថ្មីៗ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.