ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

ដល់ពេល​នឹកឃើញ ! ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ដ៏​ចំណាស់​អាយុ​២៣​ឆ្នាំ​នឹងត្រូវ​ត្រៀម​ធ្វើ​វិសោធនកម្ម​លើកដំបូង​

ក្រោម​ការ​អះអាងថា «​យោងតាម​ការចាំបាច់​» រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​លើកយក​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ដែល​ប្រើប្រាស់​អស់​រយៈពេល​២៣​ឆ្នាំ​មកហើយ​នោះ មក​ធ្វើ​វិសោធនកម្ម (​កែប្រែ​) ខណៈ​ក្រុមការងារ​រៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​លេខ​១៦​សសរ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៨ ។​

​ក្រុមការងារ​រៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​នេះ​មាន​ភារកិច្ច​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​បទដ្ឋាន​គតិយុត្ត​ជាតិ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​ផ្តួចផ្តើម​នូវ​ជម្រើស​នានា​ក្នុងការ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​តាម​ការចាំបាច់ ។ ក្រុមការងារ​នេះ​មាន​សមាសភាព​ចំនួន​១៧​នាក់ ក្នុងនោះ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជា​ប្រធាន និង​អនុប្រធាន​ចំនួន​០៤​នាក់ (​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ម្នាក់ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ម្នាក់ និង​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) ព្រមទាំង​សមាជិក​ចំនួន​១២​នាក់ (​តំណាង​ក្រសួងយុត្តិធម៌​០៣​នាក់ តំណាង​ក្រសួងពាណិជ្ជកម្ម​០៣​នាក់ តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​០៣​នាក់ និង​តំណាង​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​០៣​នាក់​) ។​

​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៨៩៥/០៦ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​១៩៩៥ មាន​១០​ជំពូក និង​៩០​មាត្រា ហើយ​មិន​ធ្លាប់​ដែល​បានធ្វើ​វិសោធនកម្ម​ម្តងណា​ឡើយ​អស់​រយៈពេល​២៣​ឆ្នាំ ។ មាត្រា​៣២​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី បាន​ក្លាយជា​មាត្រា​ដ៏​ពេញនិយម និង​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ក្នុងការ​ទទួល​ឲ្យ​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នៅ​ប្រទេស​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.