ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៨

​រឿង​តុលាការ «​ងាប់​ត្រគាក​» ! ប៉ូលិស «​បាក់​ទឹកចិត្ត​» នឹង​ចំណាត់ការ​របស់​ព្រះរាជអាជ្ញា​តុលាការ​ខេត្តសៀមរាប​ដែល «​យឺត​ដូច​កៅស៊ូ​» ក្នុង​រឿង​ព្រហ្មទណ្ឌ​

ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សមត្ថកិច្ច​នគរបាល​ទទួលបន្ទុក​ផែន​អន្តោប្រវេសន៍​កម្រិត​តូចតាច​មួយចំនួន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាននាំគ្នារ​អ៊ូរ​រទាំ​របៀប «​បាក់​ទឹកចិត្ត​» ចំពោះ​ចំណាត់ការ​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ដែលមាន​លោក កើត វណ្ណា​រ៉េត ជា​ព្រះរាជអាជ្ញា យឺតយ៉ាវ ឬ​មិនសូវ​រវីរវល់​ក្នុងការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅលើ​ជនបរទេស​ម្នាក់​ឈ្មោះ Valery Le Helloco សញ្ជាតិ​បារាំង អស់​រយៈពេល​ជាច្រើន​ខែ​បន្ទាបពី​ប៉ូលិស​បានធ្វើ​របាយការណ៍​សំយោគ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​បទ​រំលោភ​លើ​លំនៅឋាន (​ទីតាំង​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប​) ទៅកាន់​ស្ថាប័ន​តុលាការ​រួចមក ។​

​ក្រុមប៉ូលិស​តូចតាច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​ផង បានធ្វើ​របាយការណ៍​សំយោគ​ដាក់បន្ទុក​លើ​ជនសង្ស័យ​ឈ្មោះ Valery Le Helloco សញ្ជាតិ​បារាំង និង​ឈ្មោះ Patrick Albert Pronk សញ្ជាតិ​ហូ​ល្លង់ ពីបទ​រំលោភ​លើ​លំនៅឋាន ជូនទៅ​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​តាំងពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​មកម្ល៉េះ ប៉ុន្តែ​រហូតទល់​បច្ចុប្បន្ន មិនទាន់​ឃើញ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​សញ្ជាតិ​បរទេស​ទាំងនោះ​នៅឡើយ ហើយក៏​បានធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ដែល​ចាត់ការ​សំណុំរឿង​យ៉ាងសកម្ម​ដោយផ្ទាល់​ហាក់ «​បាក់​ទឹកចិត្ត​» ទៀតផង ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា បុរស​ឈ្មោះ Valery Le Helloco ដែល​មិនមាន​ឈ្មោះ និង​តួនាទី​ក្នុង​ក្រុមហ៊ុន Victoria Angkor Company Limited ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប​សោះ​នោះ បាន​នាំ​បុរស​សញ្ជាតិ​បរទេស​ម្នាក់ទៀត​ឈ្មោះ Patrick Albert Pronk អតីត​ជា​អគ្គនាយករង​សណ្ឋាគារ Victoria Angkor Resort & Spa ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​រួចហើយ​ព្រោះ​តែមាន​កំហុស​ធ្ងន់ធ្ងរ​ចូលមក​រំលោភ​កាន់កាប់​លើ​ទីតាំង​សណ្ឋាគារ​យ៉ាង​កំរោល​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ ទើប​ចាក​ចេញពី​ទីតាំង​សណ្ឋាគារ​បន្ទាប់ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​អនុញ្ញាត​ឲ្យ​កម្លាំង​សមត្ថកិច្ច​ប៉ូលិសអន្តោប្រវេសន៍​បើក​ការស៊ើបអង្កេត​បឋម​នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​រួចមក​ភ្លាមៗ ។​

​លោក កើត វណ្ណា​រ៉េត ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​១​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ហើយ​ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​បម្រើ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៥/៥៣៤ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០០៥ និង​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៧/០៦៧ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ ។​

​រយៈពេល​ជាង​២​ឆ្នាំ​ក្រោយមក លោក កើត វណ្ណា​រ៉េត ក៏ត្រូវ​បានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៩/៧៨៦ ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០០៩ និង​ក៏​ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ទល់​សព្វថ្ងៃ​មាន​រយៈពេល​៤​ឆ្នាំ​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤៤៨ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ ។​

​សូម​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប មេត្តា​ត្រួត​ពិនិត្យមើល​របៀបរបប​បម្រើ​ការងារ​របស់លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​នោះ​ផង ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.