ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

វីវរ​ហើយ ! ឧកញ៉ា​បណ្ឌិត​ពាក់​ផ្កាយ​ម្នាក់​ធ្វើ​ឲ្យ​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​២ «​វិលមុខ​» រឿង​ប្រថាប់ត្រា​នៅលើ​លិខិត​ផ្ទេរសិទ្ធិ​របស់​អ្នកជំនួញ​ជនជាតិ​ចិន​

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ស្និទ្ធ​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ លោក ទូច សំអុល អាយុ​៦២​ឆ្នាំ ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ជា​សាក្សី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៤២ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​ចំពោះមុខ​ស្ថាប័ន​តុលាការ​ថា ធ្វើការ​បដិសេធចោល​នូវ​ហត្ថលេខា និង​ត្រា​បញ្ជាក់​របស់ខ្លួន​នៅលើ​លិខិត​ផ្ទេរសិទ្ធិ​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ រវាង​ឈ្មោះ Wong Hon Ming ជា​ជន​ជាតិចិន និង​ជានា​យក​ក្រុមហ៊ុន SL Garment Processing (Cambodia) Ltd. ជាមួយ​ឈ្មោះ លឹម ឆ​ខាយ ។

​មូលហេតុ​ដែល​នាំ​ឲ្យ​លោក ទូច សំអុល ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​២ ប្រកាស​បដិសេធចោល​នូវ​ហត្ថលេខា និង​ត្រា​របស់ខ្លួន​ដែល​បញ្ជាក់​នូវលើ​លិខិត​ផ្ទេរសិទ្ធិ​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​រវាង​ឈ្មោះ Wong Hon Ming និង​ឈ្មោះ លឹម ឆ​ខាយ ជា​អក្សរ​ខ្មែរ និង​អក្សរ​បរទេស គឺ​ដោយសារ​លោក​ចៅសង្កាត់​រូបនេះ​យល់ឃើញថា ជា​លិខិត​ផ្ទេរសិទ្ធិ​មាន​ផ្តិត​ស្នាម​ម្រាមដៃ និង​ចុះហត្ថលេខា​រួចជាស្រេច​មិន​ធ្វើ​នៅ​ចំពោះមុខ​ចៅសង្កាត់​ទេ ហើយ​ឯកសារ​ត្រូវបាន​រៀបចំ​ដោយ​លោក​ឧកញ៉ា លឹម ឆ​ខាយ ទាំងស្រុង ព្រមទាំង​យល់ឃើញ​ទៀតថា លោក​ឧកញ៉ា លឹម ឆ​ខាយ ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្ទឹងមានជ័យ​ផងដែរ ទើប​លោក​ព្រម​ចុះហត្ថលេខា និង​ប្រថាប់ត្រា​នាពេលនោះ (Sic!) ។

​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ លោក​ឧកញ៉ា លឹម ឆ​ខាយ បាន​តាក់តែង​លិខិត​ផ្ទេរសិទ្ធិ​មួយច្បាប់​រវាង​ឈ្មោះ Wong Hon Ming នាយក​ក្រុមហ៊ុន SL Garment Processing (Cambodia) Ltd. (​ជា​អ្នក​ប្រគល់​សិទ្ធិ​) និង​ខ្លួនឯង (​ជា​អ្នកទទួល​សិទ្ធិ​) ធ្វើជា​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន SL Garment Processing (Cambodia) Ltd. ដើម្បី​ឲ្យ​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​២​បញ្ជាក់ថា «​បាន​ផ្តិត​ស្នាម​មេដៃ​ស្តាំ និង​ចុះហត្ថលេខា​នៅ​ចំពោះមុខ​ចៅសង្កាត់​ពិតប្រាកដ​មែន​» ។

​លោក​ឧកញ៉ា លឹម ឆ​ខាយ អតីត​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់ អត្តលេខ​០១៥៣០២ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ហើយ​ទើប​ត្រូវបាន​ផ្ទេរ​ក្របខ័ណ្ឌ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ ដោយ​អនុក្រឹត្យ​លេខ​១៣២៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ លោក​ឧកញ៉ា លឹម ឆ​ខាយ ធ្លាប់​បង្ករឿង​អាស្រូវ​ដ​ក​កាំភ្លើងខ្លី​វាយ​ក្បាល​សន្តិសុខ​រោងចក្រ SL Garment Processing (Cambodia) Ltd. បណ្តាល​ឲ្យ​សន្លប់​កាលពី​រាត្រី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១១​ក្នុង​បរិវេណ​រោងចក្រ​តែម្តង ។​

​លោក លឹម ឆ​ខាយ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១១/០៧៨ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១១ (​តែ​មិនមាន​បោះពុម្ព​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ​រាជកិច្ច​ទេ​) ។ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា លោក លឹម ឆ​ខាយ ក៏​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០១៥៣០២ សមាជិក​ក្រុមការងារ​ស្រាវជ្រាវ​ជំនាញ​យោធា​ថ្នាក់​អគ្គបញ្ជាការដ្ឋាន និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១១/៨៩៤ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.