ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

គំរូ​ដ៏​ល្អ ! កូន​ត្នោត​ព្រហ្មចារី​ជាង​៥​ពាន់​ដើម​ត្រូវបាន​គណៈ​អភិបាល មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម ដាំ​ដុះ​អភិរក្ស​ឲ្យ​មាន​និរន្តរភាព​

វេលា​ព្រឹក​នា​ថ្ងៃអាទិត្យ ២​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំយក​កូន​ត្នោត​ព្រហ្មចារី​ចំនួន​៥ ២៥២​ដើម ទៅ​ដាំ​ដុះ​នៅ​តំបន់​បឹង​វា​ម ឋិត​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដើម្បី​អភិរក្ស​រុក្ខជាតិ​សម្រាប់​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ឲ្យ​មាន​និរន្តរភាព និង​លើកតម្កើង​នូវ​មោទកភាព​ជាតិ ។​

​ដើមត្នោត មានឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា «Borassus flabellifer» និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Sugar Palm» ជា​អត្តសញ្ញាណ​ដែល​ប្រជាជន​ខ្មែរ​សម្គាល់​នូវ​ទេសភាព​ទឹកដី​របស់ខ្លួន​តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន ស្រប​នឹង​ពាក្យស្លោក​ថា «​ដើមត្នោត​ជា​ជម្រក​ផ្ទះ​ខ្មែរ​» ត្រូវបាន​កំណត់​ជា​រុក្ខជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ ។

​រយៈពេល​ប្រមាណ​១​ឆ្នាំក្រោយ​ត្រូវបាន​ចាត់ទុកជា​រុក្ខជាតិ​សម្រាប់​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏​បានចេញ​បទបញ្ជា​មួយ​លេខ​០៥​បប ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៦ ស្តីពី​វិធានការ​ការពារ និង​អភិរក្ស​ដើមត្នោត ដោយ​ដាក់ចេញ​នូវ​បទបញ្ជា​ចំនួន​១២​ចំណុច ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ដើមត្នោត​ប្រកបដោយ​និរន្តរភាព​ទោះជា​ក្នុង​រូបភាព​ឯកជន គ្រួសារ សមូហភាព ឬ​សាធារណៈ​ក្តី និង​ដើម្បី​រក្សាបាន​នូវ​ផលប្រយោជន៍​សង្គម សេដ្ឋកិច្ច បរិស្ថាន និង​វប្បធម៌​របស់​ប្រទេសជាតិ ។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​បទបញ្ជា​លេខ​០៥​បប ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៦ ស្តីពី​វិធានការ​ការពារ និង​អភិរក្ស​ដើមត្នោត​រួចហើយ​ក៏ដោយ ក៏មាន​អាជ្ញាធរ​ដែនដី​ជាច្រើន​មិនបាន​យកចិត្តទុកដាក់​ធ្វើការ​ការពារ អភិរក្ស ដាំ​ដុះ និង​ប្រើប្រាស់​ដើមត្នោត​ឲ្យ​មាន​និរន្តរភាព​ដូច​សកម្មភាព​ដាំ​ដុះ​របស់​អាជ្ញាធរ​ខេត្តកំពង់ចាម​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម គួច ចំរើន នោះឡើយ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.