ថ្ងៃ ចន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

មេធាវី​ឡើង​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​» ! មេធាវី​២​នាក់​ទៀត​ទទួលបាន​ការតែងតាំង​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ចំនួន​២​នាក់​ទៀត គឺ​លោក​មេធាវី យឹម សារី អាយុ​៤៣​ឆ្នាំ អត្តលេខ​១៧៧(​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៩៧) និង​លោក​មេធាវី ពេជ្រ សូរិយា អាយុ​៤៧​ឆ្នាំ អត្តលេខ​៥១៣(​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០០៧) ទទួលបាន​ការតែងតាំង​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិកា ពោលគឺ​មាន​ឋានៈ និង​ងារ​ជា​«​ឯកឧត្តម​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/១៦០ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ មាន​មេធាវី​ចំនួន​៣​នាក់​ទទួលបាន​ការតែងតាំង​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/២៨២ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ គឺ​លោក​មេធាវី តែ ចំណាន អាយុ​៤៦​ឆ្នាំ អត្តលេខ​០៩៣ ,​លោក​មេធាវី ឆេង ផាត់ អាយុ​៨៣​ឆ្នាំ អត្តលេខ​៥៤៨ និង​លោក​មេធាវី ម៉ារ សំបូរ​ណា អាយុ​៥៣​ឆ្នាំ អត្តលេខ​៨២០ ។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា ចាប់តាំងពី​លោក​មេធាវី គី តិច អត្តលេខ​១៥៦ ឡើងកាន់តំណែង​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៥-៦ ដ៏​ចម្រូងចម្រាស (​កាន់តំណែង​រយៈពេល​៦​ឆ្នាំ​) គឺ​បង្ក​ឲ្យ​មាន​មេធាវី​មួយចំនួន​ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​ខ្លះ​ស្មើ​អនុរដ្ឋលេខាធិការ ខ្លះ​ស្មើ​រដ្ឋលេខាធិការ ខ្លះ​ស្មើ​រដ្ឋមន្ត្រី​…​មាន​ងារ​ជា​ឯកឧត្តម ឬ​លោកជំទាវ ក្រោមរូបភាព​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ មេធាវី​រាជរដ្ឋាភិបាល មេធាវី​ប្រចាំ​ក្រសួង ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​…​។​ល​។ ខណៈ​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការហួសចិត្ត​ចំពោះ​ប្រទេសមួយ​បែរជា​មាន​មេធាវី​រាជរដ្ឋាភិបាល​ផង និង​មេធាវី​ប្រចាំ​ក្រសួង ឬ​ស្ថាប័ន​ចំណុះ​អង្គការនីតិប្រតិបត្តិ​តែមួយ​ផង (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.