ថ្ងៃ ចន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

​រកមុខ​សញ្ញា​ឃើញ​ហើយ ! ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ និង​អ្នកជំនួញ​បារាំង​ម្នាក់​ជា «​មេភ្លើង​» នាំ​ឲ្យ​ទូត​បារាំង និង​ក្រសួងការបរទេស​ខ្មែរ «​វង្វេង​» ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ទាំង​ភ្នែក​ស្រស់

បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា (​រឿង​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ភ្នែក​ស្រស់​! មន្ត្រី​ស្ថាប័ន​ជាតិ​នៃ​ក្រសួងការបរទេស «​វាយ​ត្រា​» នៅលើ​លិខិត​ទូត​បារាំង​ដោយ​បកប្រែ​ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ខុស​ទាំងស្រុង​) រួចមក នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក ថូ សំណាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានធ្វើ​លិខិត​បំភ្លឺ​មួយច្បាប់​ជម្រាបជូន​មក​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដោយមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖

​អនុលោម​តាម​លិខិត​បំភ្លឺ​ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​របស់លោក ថូ សំណាង គឺ​បានបង្ហាញ​ឲ្យ​ឃើញថា ការិយាល័យ​សេវាកម្ម​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លើកឡើង​អំពី​សេចក្តីចម្លង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន Kbis ដែល​បញ្ជាក់​អំពី​ក្រុមហ៊ុន Viktoria Invest នៅ​ប្រទេស​បារាំង​មាន​បុរស​ពាណិជ្ជករ​សញ្ជាតិ​បារាំង​ម្នាក់​ឈ្មោះ LE HELLOCO Valery (Valery Le Helloco) អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន ដោយ​សរសេរ​ឈ្មោះ​ក្រុមហ៊ុន​ខុសឆ្គង​ទាំង​ភ្នែក​ស្រស់​ពី Viktoria Invest ទៅជា «Victoria Invest » និង​បន្ត​កំហុស​ដល់​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ធ្វើការ​បញ្ជាក់​បកប្រែ​ត្រឹមត្រូវ​តាមច្បាប់​ដើម​នូវ​លិខិត​របស់​ទូត​បា​រាំង ។ លើសពីនេះ ក្រសួងការបរទេស និង​ហស​ប្រតិបត្តិការ​អន្តរជាតិ ព្រោះតែ​តាម​សំណើ​របស់​ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ (Sithisak Law Office) និង​បុរស​អ្នកជំនួញ​បារាំង​ម្នាក់​ឈ្មោះ Valery Le Helloco ដើម្បី​យកទៅ​ប្រើប្រាស់​នូវ​ស្ថាប័ន​តុលាការ ក៏បាន​ប្រថាប់ត្រា​នៅលើ​លិខិត​មាន​ដាក់​ទង់ជាតិ​នៃ​សាធារណរដ្ឋ​បារាំង ដែលជា​ប្រការ​មិន​សមរម្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង ។

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ស្និទ្ធ​នឹង​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ឯកសារ​បញ្ជាក់​បកប្រែ​ត្រឹមត្រូវ​តាមច្បាប់​ដើម​មាន​ប្រថាប់ត្រា​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​នៅលើ​លិខិត​មាន​រូប​សញ្ញា​ទូត​បារាំង​ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​នោះ ត្រូវបាន​ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ​ដឹកនាំ​ដោយ​លោក​មេធាវី តាន់ ម៉េង​ស្រូ​យ អាយុ​៣៧​ឆ្នាំ អត្តលេខ​៣២៥ យកទៅ​ប្រើប្រាស់​បំពេញ​នីតិវិធី​ក្នុង​សំណុំរឿង​រក្សា​ការពារ​លេខ​១២ ចុះ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​របស់​សាលាដំបូង​ខេត្តសៀមរាប ក្នុងនាម​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​អាណត្តិ​ទាយក​ឈ្មោះ Valery Le Helloco ជាដើម​ចោទ (​ម្ចាស់បំណុល​) ។ ទោះយ៉ាងណា​ក៏ដោយ បណ្តឹងសុំ​ដីការ​សម្រេច​រក្សា​ការពារ​របស់​បុរស​ឈ្មោះ Valery Le Helloco នេះ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​លើកចោល​ដោយ​ដីកា​សម្រេច​ចាត់ចែង​បណ្តោះអាសន្ន​លេខ​៤៨«​គ​»/២០១៨ ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ លោក Francois Gontier ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន (VAK) ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២ (​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​នោះ បានចេញ​សេចក្តីប្រកាស​ជូនដំណឹង​មួយ​ដល់​បុគ្គលិក និយោជិត​សណ្ឋាគារ Victoria Angkor Resort & Spa ឲ្យ​ដឹងថា ឈ្មោះ Valery Le Hellocoo និង​គូកន​បានធ្វើ​សកម្មភាព​ទុច្ចរិត​ដោយ​បិទ និង​ផ្អាក​ចរន្ត​គណនី​ធនាគារ​របស់​ក្រុមហ៊ុន​ទាំង​បំពាន​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រំលោភ​លើ​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​យ៉ាង​គឃ្លើន ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការបើក​ផ្តល់ប្រាក់​ឈ្នួល​ជូន​បុគ្គលិក និយោជិត​សណ្ឋាគារ​ទាំងមូល​ធ្ងន់ធ្ងរ​បំផុត ។​

​បុរស​ឈ្មោះ Valery Le Helloco ធ្លាប់​ត្រូវបាន​តុលាការ​កំពូល​បដិសេធ​មិន​ទទួលស្គាល់​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន (VAK) នៅ​កម្ពុជា​ឡើយ ដូច​មានការ​បញ្ជា​ក់នៅ​ត្រង់ចំណុច​យល់ឃើញ​ទី​១២ នៃ​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​ស្រាប់ ។​

​សរុបសេចក្តី​មក ព្រោះតែ​ដើម្បី​ផលប្រយោជន៍​របស់ខ្លួន និង​បក្ខពួក ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ​ដឹកនាំ​ដោយ​លោក​មេធាវី តាន់ ម៉េង​ស្រូ​យ ដែល​គេ​ស្គាល់​ថា ជា​កូនប្រសា​របស់​អ្នកធំ​មានអំណាច​ម្នាក់​ផង និង​បុរស​អ្នកជំនួញ​បារាំង​ឈ្មោះ Valery Le Helloco គឺជា «​មេភ្លើង​» នាំ​ឲ្យ​ស្ថានទូត​បារាំង និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ «​វង្វេង​» ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេស​ឋិត​នៅ​ប្រទេស​បារាំង​មួយ​ឈ្មោះ Viktoria Invest ទៅជា «Victoria Invest» ឲ្យ​ស៊ីចង្វាក់​គ្នា​ទៅនឹង​ក្រុមហ៊ុន Victoria Angkor Company Limited សរសេរ​កាត់​ថា (VAK) ចុះបញ្ជី​ពាណិជ្ជកម្ម និង​វិនិយោគ​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប គ្រប់គ្រង​ដោយ​លោក Francois Gontier សញ្ជាតិ​បារាំង ទាំង​ភ្នែក​ស្រស់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.