ថ្ងៃ អង្គារ ទី ២០ ខែ កម្ភៈ ឆ្នាំ ២០១៨

សមាជិក​រដ្ឋសភា «​ដូរ​ពណ៌​» ! អតីត​អ្នកតំណាងរាស្ត្រ​មកពី​បក្សប្រឆាំង​២​នាក់​ចូលកាន់​តំណែង​ជា​សមាជិក​រដ្ឋសភា​ជ្រក​ក្រោម​ស្លាក​បក្ស​កាន់អំណាច​វិញ​

​អតីត​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជា​គណបក្សនយោបាយ​ប្រឆាំង​ចំនួន​២​នាក់ ដែល​បាន​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជា​គណបក្សនយោបាយ​កាន់អំណាច​នៅមុន និង​កៀក​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយចោល​ដោយ​ទម្ងន់​នៃ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ និង​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ហើយ​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ភ្លាមៗ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ គឺ​ឯកឧត្តម វ៉ាន សំអឿន និង​ឯកឧត្តម ឡុង ប៊ុ​ន្នី ឥឡូវនេះ​បាន​ក្លាយជា​សមាជិក​រដ្ឋ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គ្រាន់តែ «​ដូរ​ពណ៌​» ពី​បក្សប្រឆាំង មកជា​បក្ស​កាន់អំណាច ។​

១-​ឯកឧត្តម វ៉ាន សំអឿន អាយុ​៧០​ឆ្នាំ អតីត​ជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ តែ​ក្រោយមក​ក៏បាន​ចុះចូល​បម្រើ​ជីវភាព​និ​យោ​បាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​នៅ​មុនពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយចោល​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ក្រោយពេល​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ភ្លាមៗ ឯកឧត្តម វ៉ាន សំអឿន ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៥/១២៩ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ និង​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេ​១៨៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​

​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ និង​អាសនៈ​រដ្ឋសភា​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បែងចែក​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ឯកឧត្តម វ៉ាន សំអឿន ក៏បាន​ក្លាយជា​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តកណ្តាល តាមរយៈ​មិន​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ។ ដោយ​ទទួលបាន​ភារកិច្ច​ថ្មី​ដូច្នេះ ឯកឧត្តម វ៉ាន សំអឿន ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បញ្ចប់​មុខតំណែង​ពី​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​អនុក្រឹត្យ​លេខ​១៣៦១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែ​ឆ្នូ ឆ្នាំ​២០១៧ និង​ក៏ត្រូវ​បានបញ្ចប់​ភារកិច្ច​ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៧/១១៧៨ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ។

២-​ឯកឧត្តម ឡុង ប៊ុ​ន្នី អាយុ​៤៧​ឆ្នាំ អតីត​ជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​ខេត្តព្រៃវែង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ តែ​កៀក​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការរំលាយចោល គឺ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ឯកឧត្តម ឡុង ប៊ុ​ន្នី ក៏​ដាក់​ពាក្យសុំ​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ​វិញ ហើយក៏​ទទួលបាន​មុខតំណែង​ថ្មី​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨១៨ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ។

​ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ជា​ស្ថាពរ និង​អាសនៈ​រដ្ឋសភា​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បែងចែក​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ឯកឧត្តម ឡុង ប៊ុ​ន្នី ក៏បាន​ក្លាយជា​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តព្រៃវែង តាមរយៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​មិនបាន​បោះឆ្នោត​គាំទ្រ (​គាំទ្រ​តែ​ក្នុង​ក្របខ័ណ្ឌ​បេក្ខជន​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នា​ឆ្នាំ​២០១៣) ។ ដោយ​ទទួលបាន​មុខតំណែង​ថ្មី​ដូច្នេះ ឯកឧត្តម ឡុង ប៊ុ​ន្នី ក៏ត្រូវ​បានបញ្ចប់​ភារកិច្ច​ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំណាលគ្នា​នឹង​ឯកឧត្តម វ៉ាន សំអឿន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៧/១១៧៨ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៣ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.