ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

លុបឈ្មោះ​ទាហាន​ពាក់​ផ្កាយ ! ក្មួយ​ប្រសា​បុរស​ខ្លាំង​ម្នាក់​ដែលជា​ទាហាន​ពាក់​ផ្កាយ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ព្រោះ​បើក​សង្វៀន​បញ្ជល់មាន់

ក្មួយ​ប្រសា​ប្រុស​ម្នាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​កូនប្រសា​របស់លោក ហ៊ុន សាន បងប្រុស​បង្កើត​បុរស​ខ្លាំង ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៦៧៨១២ មាន​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ផង ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​ស្ថាពរ​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៧/១២១៩ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ពាក់ព័ន្ធ​នឹង​ការបើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ឃុំ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល គ្រប់គ្រង​ដោយ​លោក ថៃ ផានី ហៅ​ថៃ សិទ្ធិ ហៅ «​ម៉ាប់​» ជា​កូនប្រសា​លោក ហ៊ុន សាន បង​បង្កើត​បុរស​ខ្លាំង ដែល​បើក​ដំណើរការ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ បណ្តាល​ឲ្យ​មនុស្ស​ខ្ទង់​ជិត​រយ​នាក់​ត្រូវ​ឃាត់ខ្លួន​ជាមួយ​រថយន្ត​-​ទោចក្រយានយន្ត​ខ្ទង់រយ​គ្រឿង និង​មាន់​ជល់​ចំនួន​៩២​ក្បាល​ត្រូវ​ចាត់​យក​ធ្វើជា​វត្ថុតាង ខណៈ​លោក ថៃ ផានី ហៅ «​ម៉ាប់​» អាយុ​៤៥​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រនា​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ។

​ក្រោម​ហេតុផល​ថា មានការ​លំបាក និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​លើ​ការថែរក្សា​មាន់​ជល់​ចំនួន​៩២​ក្បាល​ដែលជា​វត្ថុតាង​នោះ ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ផង គឺ​លោក ហុក វ៉ាន់​ធី​ណា បានសម្រេច​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​កម្ទេចចោល​នូវមាន់​ជល់​ចំនួន​៩២​ក្បាល​នោះ ដោយ​ដីកា​សម្រេច​លេខ​១៤៩៥​ដក​ស ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ។​

​ប្រភពព័ត៌មាន​ពី​អ្នក​ចូលចិត្ត​ភ្នាល់​បញ្ជល់មាន់​បាន​និយាយ​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​បុរស​ខ្លាំង និង​បង្កើត​បុរស​ខ្លាំង​ក៏​ចូលចិត្ត​ទៅ​មើល​កម្សាន្ត​ផងដែរ​នោះ អាច​រកចំណូលបាន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ ពី​សេវា​ពាក់ព័ន្ធ ។​

​លោក ថៃ សិទ្ធិ ហៅ ថៃ ផានី ហៅ «​ម៉ាប់​» ធ្លាប់​ត្រូវបាន​ស្ថាប័ន​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១០​ម្តង​រួចមកហើយ ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿង​ញឿ​ន​ខុសច្បាប់ ហើយ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១០​ឆ្នាំ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣៣៤ ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​របស់​តុលាការ​កំពូល ពោលគឺ​បាន​ក្លាយជា​ទណ្ឌិត ។ ប៉ុន្តែ​ក្រោយមក ទណ្ឌិត​ឈ្មោះ ថៃ សិទ្ធិ ហៅ «​ម៉ាប់​» ក៏​ទទួលបាន​ការលើកលែង​ទោស​ទាំងស្រុង​វិញ​តាម​សំណើ​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៥/១១១៥ ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.