ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

រឿង​អស្ចារ្យ ! គណៈកម្មការ​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម​មេដឹកនាំ​សហជីព ជា វិជ្ជា «​រលូត​» បាត់​ហើយ

សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ដ៏​ល្បីឈ្មោះ ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤​នៅមុខ​តូប​លក់​កាសែត​ក្បែរ​របង​ខាងលិច​វត្ត​លង្កា កំណាត់​ផ្លូវ​ប៉ាស្ទ័រ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការស៊ើបអង្កេត​ប្រឆាំង​លើ​ជនល្មើស​មិន​ស្គាល់មុខ​ដែល​បានធ្វើ​ឃាត​លោក ជា វិជ្ជា តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២៣៩ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​សម្រេច​ឲ្យ​បុរស​ពីរ​នាក់​ឈ្មោះ ប៊​ន សំណាង និង​ឈ្មោះ សុខ សំអឿន រួចផុត​ពីបទ​ចោទប្រកាន់​ឃាតកម្ម​គិតទុក​ជាមុន និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​រួចមក ។​

​យោងតាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២៣៩ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​របស់​តុលាការ​កំពូល​ខាងលើនេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិតផ្លូវការ​មួយ​លេខ​៦៩​អយខ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ គោរព​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ស្នើសុំ​ជួយ​ចាត់​មន្ត្រីក្រោមឱវាទ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស និង​ប្រមូល​ព័ស្តុតាង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​ក្រោយមក យោងតាម​សំណើ​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គម​ហ​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ដើម្បី​ស៊ើបអង្កេត​ពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨ ស្តីពី​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព ជា វិជ្ជា​, ហ៊ី វុទ្ធី និង​រស់ សុ​វណ្ណា​រ៉េត ដោយ​សេចក្តីសម្រេច​លេខ​៤៤​សសរ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ។ គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម​លោក ជា វិជ្ជា នេះ មាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន (​យោងតាម​សេចក្តីសម្រេច​លេខ​៦០​សសរ ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ និងសេចក្តីសម្រេច​លេខ​៧៣​សសរ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​)​។

​រយៈពេល​ប្រមាណ​២​ឆ្នាំក្រោយ​មកទៀត សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៤៤​សសរ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ស្តីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨ ស្តីពី​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព ជា វិជ្ជា​, ហ៊ី វុទ្ធី និង​រស់ សុ​វណ្ណា​រ៉េត ត្រូវបាន​និរាករណ៍​ចោល​វិញ ហើយ​ជំនួស​ដោយ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៦៤​សសរ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ។ គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​នេះ មាន​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន (​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​១១១​សសរ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧) ។​

​មាន​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​លោក ជា វិជ្ជា និង​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ដូចតទៅ ៖

១-​ខណៈ​ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​មេដឹកនាំ​សហជីព ជា វិជ្ជា មិនមាន​ការរីកចម្រើន​នៅឡើយ​តាមរយៈ​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨​ស្តីពី​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព ជា វិជ្ជា​, ហ៊ី វុទ្ធី និង​រស់ សុ​វណ្ណា​រ៉េត នោះ ស្រាប់តែ​រយៈពេល​ប្រមាណ​២​ឆ្នាំ​ក្រោយមក គណៈកម្មការ​អន្តរក្រសួង​នេះ​ត្រូវបាន​និរាករណ៍​ចោល​វិញ បែរជា​ជំនួស​ដោយ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ។ ពោលគឺ គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម​លោក ជា វិជ្ជា បាន «​រលូត​» បាត់ទៅហើយ ទាំង​មិនទាន់បាន​បន្សល់ទុក​នូវ «​លទ្ធផល​ការងារ​» អ្វី​ទាល់តែសោះ ។

២-​ទាំង​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨ ស្តីពី​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព ជា វិជ្ជា​,​ហ៊ី វុទ្ធី និង​រស់ សុ​វណ្ណា​រ៉េត ដែល «​រលូត​» បាត់ទៅហើយ​ក្តី ទាំង​ការបង្កើត​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​ក្តី គឺ​មិនបាន​បញ្ចូល​សមាសភាព​មកពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​សហជីព​រងគ្រោះ និង​ជា​ភាគី «​ម្ចាស់​ករណី​» ឡើយ ហើយ​បែរជា​លេចចេញ​វត្តមាន​លោក ជួន មុំ​ថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​, លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​, លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​លោកស្រី កេ​ន ឆេង​ឡាង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ជា​សមាជិក​គណៈកម្មកា​រ​ទៅវិញ (Sic!) ។​

​សរុបសេចក្តី​មក អស់​រយៈពេល​១៤​ឆ្នាំ​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនទាន់បាន​វែកមុខ​ឃាតក​ពិតប្រាកដ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ឃាតក​ដែល​បានសម្លាប់​លោក ជា វិជ្ជា យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​នៅឡើយ​ទេ ទោះបី​ស្ថាប័ន​តុលាការ​បាន​បង្គាប់​ឲ្យ​មេ​ប៉ូលិស​ស្រាវជ្រាវ​ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​ឃាតក​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨​ស្តីពី​ករណី​ឃាតកម្ម​លើ​មេក​ដឹកនាំ​សហជីព ជា វិជ្ជា​, ហ៊ី វុទ្ធី និង​រស់ សុ​វណ្ណា​រ៉េត និង​បង្កើត​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​ក្តី ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.