ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

ឡើង​តំណែង​កៀក​មេ​ប៉ូលិស ! កូនប្រសា​ប្រុស​បុរស​ខ្លាំង​ម្នាក់​ដែលជា​កូន​សព​អតីត​មេ​ប៉ូលិស​ដ៏​មានអំណាច​ត្រូវបានតែងតាំង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ

កូនប្រសា​ប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ស្វាមី​របស់លោក​ស្រី ហ៊ុន ម៉ា​ណា កូនស្រី​ច្បង​បុរស​ខ្លាំង​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​) និង​ត្រូវជា​កូនប្រុស​របស់​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​២៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០១២៧៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៤/៩៤៨ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ ។​

​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ ក្រោយ​ការទទួលបាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ក៏ត្រូវ​បានតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១១៣៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៤ ។​

​មុនពេល​ឡើងកាន់​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា ក៏​ធ្លាប់បាន​កាន់តំណែង​ទទួលបន្ទុក​ផ្នែក​ចារកម្ម​ព្រំដែន និង​ជា​មេបញ្ជាការរង​ទទួលបន្ទុក​កិច្ចការ​រួម​កង​ហោះ​ដឹកជញ្ជូន​ប្រតិភូ​ជាន់ខ្ពស់ ។​

​ក្រៅពី​កាន់​មុខតំណែង​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ដែលជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ និង​ជា​សមាជិក​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.