ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

កាន់តែ​យ៉ាប់​ធ្ងន់ធ្ងរ​ហើយ ! គណៈរដ្ឋមន្ត្រី​សរសេរ​អក្សរ​ខ្មែរ​ត្រឹម​ពាក្យ «​មុខតំណែង​» មិន​ស៊ីចង្វាក់​គ្នា​ទាល់តែសោះ

មិន​ត្រឹមតែ​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ស្ថាប័ន​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ទេ ដែល​សរសេរ​អក្សរ​ខ្មែរ​ពាក្យ «​មុខតំណែង​» មិន​ស៊ីចង្វាក់​គ្នា និង​មិន​ស្របតាម​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧​ជា​គោល សូម្បី​គណៈរដ្ឋមន្ត្រី​ជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី អមដោយ​ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជាស​មា​ជិ​ក ក៏​សរសេរ​ពាក្យ​ថា «​មុខតំណែង​» មិន​ស៊ីចង្វាក់​គ្នា​ដែរ ។​

​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ដូចតទៅ ៖ ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៧៣ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​ព្រះករុណា​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ឯកឧត្តម អះ​ម៉ាត់ យ៉ះ​យ៉ា ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​សរសេរ​ពាក្យ «​មុខតំណែង​» ជា «​មុខដំណែង​» ។

​ដោយឡែក ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៤/១៣៧៦ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដែល​ព្រះករុណា​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​លោកជំទាវ សម មុន្និ​កា ពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដោយ​សាមីខ្លួន​សុំលាលែង​បាន​សរសេរ​ពាក្យ​ថា «​មុខតំណែង​» ។

​មាត្រា​១២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានចែង​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧​ជា​គោល ។

​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧​បានធ្វើការ​ពន្យល់​ពាក្យ «​តំណែង​» ជា​នាម (​ន​.) ថា ៖ អ្វីៗ​ដែល​បាន​តែង ។ របៀប​លំដាប់​កិត្តិយស​មន្ត្រី​, មុខក្រសួង​, មុខងារ​, មុខការ : លាចាក​មុខតំណែង​, ដាក់​ឲ្យ​នៅក្រៅ​តំណែង ។ រីឯ​ពាក្យ «​តំណែង​» ជា​កិរិយាសព្ទ (​កិ​.) ឬ​ពាក្យ «​ដំណែង​» ជា​កិរិយាសព្ទ (​កិ​.) ថា ៖ កាឡាខ្លួន​, ប្រែ​ក្រឡា​, ប្រែ​ភេទ​ឲ្យ​មាន​បែប​ផ្សេង​ទីទៃ​ពី​រូប​ដើម​, ពី​ភេទ​ដើម : យក្ស​ដំណែង​ខ្លួន​ជា​ប្រើ​សមាស ។ ដូច្នេះ យោងតាម​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក់ព័ន្ធ​នឹង​មុខតំណែង​មន្ត្រីរាជការ គឺ​គ្មាន​ពាក្យ​សរសេរថា «​មុខដំណែង​» ឡើយ ។

​កាលពី​ថ្ងៃ​សុក្រ ៥​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានចេញ​អនុក្រឹត្យ​មួយ​លេខ​១៣៦១​អនក្រ​.​ត​ត សម្រេច​បញ្ចប់​មុខតំណែង​ឯកឧត្តម វ៉ាន សំអឿន ពី​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​សរសេរ​ពាក្យ «​មុខតំណែង​» ត្រឹមត្រូវ​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ។​

​ផ្ទុយទៅវិញ កាលពី​ថ្ងៃ​សុក្រ ១១​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ក្រសួង​មុខងារសាធារណៈ​បានចេញ​លិខិតផ្លូវការ​មួយ​លេខ​២១១​ម​ស​.​ខុ ចុះហត្ថលេខា​ដោយ​ឯកឧត្តម រស់ សុផាន់ ជា​រដ្ឋលេខាធិការ ជួស​(​ជ​.) ឲ្យ​រដ្ឋមន្ត្រី សរសេរ​ពាក្យ​ពាក់ព័ន្ធ​នឹង​មុខតំណែង​មន្ត្រីរាជការ​ថា «​មុខដំណែង​» ទាំង​ខុសឆ្គង​ធ្ងន់ធ្ងរ​បើ​ធៀប​ទៅនឹង​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ និង​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.