ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

ទីប្រឹក្សា​ឥត​ល្ហែ ! ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​ហូរហៀរ​ដល់​ថ្នាក់​បញ្ចប់​តំណែង​ដោយ «​ប្រកាស​របស់​ក្រសួង​»

កាលពី​ថ្ងៃ​សុក្រ ១២​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​មួយ​លេខ​៩១៣១​ប្រក សម្រេច​បញ្ចប់​មុខតំណែង​លោក ទា គឹមហុង ពី​ទីប្រឹក្សា​របស់​សម្តេច ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ គ្រាន់​បាន​បញ្ជាក់ថា «​យោងតាម​ការចាំបាច់​» ។​

​ប្រការ​៦​នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៣៧​សសរ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ចែងថា «​ឧបនាយករដ្ឋមន្ត្រី​មួយរូបៗ មាន​ទីប្រឹក្សា​៤​រូប ក្នុងនោះ ២​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​, ២​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជំនួយការ​៥​រូប ក្នុងនោះ ១​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក​,២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង​២​រូប​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ។​» ។

​អនុលោម​តាម​ប្រការ​៦​នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៣៧​សសរ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​បានបង្ហាញ​ឲ្យ​ឃើញថា ទីប្រឹក្សា​ចំនួន​៤​នាក់​របស់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ត្រូវ​តែងតាំង ឬ​បញ្ចប់​ពីមុខ​តំណែង​ដោយ​ព្រះរាជក្រឹត្យ និង​ជំនួយការ​ចំនួន​៥​នាក់​របស់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ត្រូវ​តែងតាំង ឬ​បញ្ចប់​ពីមុខ​តំណែង​ដោយ​ចាប់ពី​អនុក្រឹត្យ​រហូតដល់​ព្រះរាជក្រឹត្យ ពោល​គ្មាន​ការតែងតាំង​ដោយ «​ប្រកាស​របស់​ក្រសួង​» ទេ ។​

​ដោយឡែក លោក ទា គឹមហុង ដែល​ត្រូវ​បានបញ្ចប់​មុខតំណែង​ពី​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៩១៣១​ប្រក ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​នោះ មានន័យថា ការតែងតាំង​លោក ទា គឹមហុង ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ក៏ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ដែរ និង​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា ទីប្រឹក្សា​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​គឺមាន​ហូរហៀរ​តែម្តង រហូតដល់​ថ្នាក់​បញ្ចប់​មុខតំណែង​ដោយ «​ប្រកាស​របស់​ក្រសួង​» ។​

​បច្ចុប្បន្ន ទោះបី​មាន​ទីប្រឹក្សា និង​ជំនួយការ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជាច្រើន​នាក់ «​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​» ក៏ដោយ ក៏​ទីប្រឹក្សា និង​ជំនួយការ «​ទទួលយក​ប្រាក់បៀវត្ស​រ៍​» មាន​ចំនួន​ច្រើន​លើសលប់​ផ្ទុយទៅនឹង​ប្រការ​៦​នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៣៧​សសរ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាត់ទៅហើយ (Sic!) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.