ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

មេ​សហជីព​៤​នាក់​ទទួលបាន​ការតែងតាំង​ជា​សមាជិក​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​

​យោងតាម​សំណើ​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​បង្កើត និង​តែងតាំង​សមាសភាព​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​មាន​ចំនួន​២២​នាក់ (​ក្នុងនោះ​ប្រធាន​ម្នាក់ គឺ​ឯកឧត្តម អ៊ិត សំហេង​,​អនុប្រធាន​អចិន្ត្រៃយ៍​ម្នាក់​,​អនុប្រធាន​០៣​នាក់ និង​សមាជិក​ចំនួន​១៧​នាក់​) ដោយ​សេចក្តីសម្រេច​លេខ​១១១​សសរ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ ។

​ក្រៅពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅតាម​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​សហព័ន្ធ​និយោជក ព្រមទាំង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា គឺមាន​មេ​សហជីព​ចំនួន​៤​នាក់ ទទួលបាន​ការតែងតាំង​ជា​សមាជិក​គណៈកម្មការ​នេះ ជាអាទិ៍ ៖

១-​លោក ជួន មុំ​ថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ

២-​លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​

៣-​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា

៤-​លោកស្រី កេ​ន ឆេង​ឡាង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ។​

​គួរបញ្ជាក់​ជូន​ថា គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន សរសេរ​កាត់​ថា «​គ​.​ត​.​អ​.​ក​» ជា​ស្ថាប័ន​ត្រីភាគី​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ត​ឡើង​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​សេចក្តីសម្រេច​លេខ​៦៤​សសរ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ដែលមាន​តួនាទី និង​ភារកិច្ច​ដូចតទៅ ៖ -​ពិនិត្យ និង​ផ្តល់យោបល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​ដល់​ការផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ឬ​ការដកខ្លួន​ចេញពី​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ឬ​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​រួចហើយ ។ -​តាមដាន និង​ផ្តល់យោបល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើ​របាយការណ៍​ជូន​ស្ថាប័ន​អន្តរជាតិ​ស្តីពី​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ។ -​រៀបចំ​របាយការណ៍​បំភ្លឺ​ករណី​បណ្តឹង​នានា​នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ។ -​ពិនិត្យ និង​ចាត់ចែង​ការចុះ​ស្រាវជ្រាវ​លើ​អង្គហេតុ និង​អង្គច្បាប់ ប្រមូល​ព័ត៌មាន និង​ព័ស្តុតាង​នៃ​ករណី​បណ្តឹង​នានា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ។ -​សម្របសម្រួល និង​ចាត់ចែង​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​…៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.