ថ្ងៃ សុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨

ឡើង​ឋានៈ​ធំ​ព្រោងព្រាត ! មន្ត្រីរាជការ​ចំនួន​៤​នាក់​ទទួលបាន​ការតែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

មន្ត្រីរាជការ​ចំនួន​៤​នាក់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលមាន​ឯកឧត្តម អ៊ិត សំហេង ជា​រដ្ឋមន្ត្រី ទទួលបាន​ការតែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​មុខតំណែង​រៀងៗ​ខ្លួន និង​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៧/១០៨៦ ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​រាជការ​សំខាន់ៗ​ទាំង​៤​នាក់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ទទួលបាន​ការតែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នោះ​រួមមាន ៖

១-​ឯកឧត្តម ប្រាក់ ចាន់​ធឿន ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។

២-​ឯកឧត្តម សេង សក្ដា ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។​

៣-​ឯកឧត្តម ហេង សួរ ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។​

៤-​ឯកឧត្តម ឡៅ ហ៊ីម ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។​

​ដោយឡែក នៅ​មុនពេល​ទទួលបាន​ការតែងតាំង និង​ផ្តល់​ឋានៈ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នោះ ឯកឧត្តម ហេង សួរ ក៏​ទទួលបាន​ការតែងតាំង​ផងដែរ​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៧/៩០៦ ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​ឯកឧត្តម ហេង សួរ ក៏​ជា​ប្រធាន​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៀតផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.