ថ្ងៃ សុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨

ប្រព្រឹត្ត​ខុស​ពាក់​ផ្កាយ ! អតីត​មេ​ប៉ុស្តិ៍​ច្រកទ្វារ​អូ​រយ៉ា​ដាវ​ដែល​បណ្តែតបណ្តោយ​ឲ្យ​យួន​ចូល​ជីក​រ៉ែ​ខុសច្បាប់​នៅ​ខេត្តរតនគិរី ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

អតីត​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី និង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោក​វរសេនីយ៍ឯក ឡុង រុក្ខា នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០៧១៣៧ ដែល​ធ្លាប់​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ស្នាក់​នៅផ្ទះ​របស់ខ្លួន និង​ចូល​ជីក​រ៉ែ​ខុសច្បាប់​នៅត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​រហូត​ដល់​កើតមាន​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្ត​រតន​គិរី​នោះ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) យ៉ាង​ហ៊ឺហា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៧/៩៩៥ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​កន្លងទៅ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ដែល​ចូលមក​ជីក​រ៉ែ​ខុសច្បាប់​នៅត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ព្រមទាំង​រឹបអូស​បាន​នូវ​វត្ថុតាង​ដូចជា រថយន្ត​ម៉ាក Land Cruiser ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-5727 ចំនួន​១​គ្រឿង ម៉ាស៊ីនភ្លើង​ខ្នាត​ធំ​មួយគ្រឿង ម៉ាស៊ីនបូមទឹក​២​គ្រឿង និង​ឧបករណ៍​សម្រាប់​ជីក​រ៉ែ​មួយចំនួនទៀត ដោយ​បុរស​ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នេះ​បានមក​ស្នាក់​នៅផ្ទះ​លោក​ស័ក្តិ​៥​ប៉ូលិសអន្តោប្រវេសន៍ ឡុង រុក្ខា តែម្តង ។

​បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​នេះ​រួចមក លោក​ស័ក្តិ​៥​ប៉ូលិស ឡុង រុក្ខា ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរ​ភារកិច្ច​ពី​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ទៅជា​នាយការិយាល័យ​នីតិកម្ម​នៃ​នាយកដ្ឋាន​រដ្ឋបាល​-​សរុប​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​វិញ ដោយ​ប្រកា​សលេខ​៦១៦០​ប្រក ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ពោលគឺ​មិនបាន​ទទួលរង​ការដាក់ទណ្ឌកម្ម​វិន័យ​អ្វី​ធ្ងន់ធ្ងរ​ឡើយ ។ លើសពីនេះ លោក​ស័ក្តិ​៥​ប៉ូលិស ឡុង រុក្ខា ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី​ចេញ​ដីកាកោះ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​ជនជាតិ​វៀតណាម​ជីក​យក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ នៅ​ចំពោះមុខ​តុលាការ​នា​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦​ផងដែរ ។​

​លោក ឡុង រុក្ខា នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០៧១៣៧ អតីត​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​លេខ​៨២១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣ និង​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​មិន​យកប្រាក់​បៀវត្សរ៍​) ដោយ​អនុក្រឹត្យ​លេខ​១១៧៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.