ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

លិខិត​មិត្ត​អ្នកអាន ! គួរ​បញ្ឈប់​វប្បធម៌​សមត្ថកិច្ច​ប្រើប្រាស់​យានយន្ត​រដ្ឋ​បំពេញការងារ​ជូន​ជាតិ បែរជា​ចាក់​ប្រេង និង​ជួសជុល​ដោយ​លុយហោប៉ៅ​ខ្លួនឯង

គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​បានទទួល​នូវ​លិខិត​មិត្ត​អ្នកអាន​ម្នាក់​ដែល​ស្នើសុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អំពី​ករណី​មន្ត្រី​សមត្ថកិច្ច​ប្រើប្រាស់​យានយន្ត​រដ្ឋ​ដើម្បី​បំពេញការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ បែរជា​រដ្ឋ​មិនបាន​ផ្តល់​ប្រេង និង​ថវិកា​សម្រាប់​ជួលជុល ហើយ​ត្រូវ​អ្នកប្រើប្រាស់​ចំណាយលុយ​ហោប៉ៅ​ខ្លួនឯង​ទៅវិញ ។​

​លិខិត​មិត្ត​អ្នកអាន​រូបនោះ​បាន​ឡើង​ថា កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៧​កន្លងទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ទោចក្រយានយន្ត​ប៉ូលិស​ចំនួន​១៦៥​គ្រឿង​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទាំង​១០៥ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រគល់​រថយន្តស្ទូច​ចំនួន​២​គ្រឿង​ជូនទៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ថែម​ប្រសិទ្ធភាព​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ។​

​ដំណាលគ្នា​នេះដែរ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយចំនួន​លើក​ជា​មតិយោបល់​ថា បើ​ប្រគល់​ម៉ូតូ ឡាន​ឲ្យ​បំពេញការងារ សូម​ស្នើ​ផ្តល់​ប្រេងសាំង និង​ថវិកា​សម្រាប់​ផ្លាស់ប្តូរ​ប្រេងម៉ាស៊ីន អាគុយ សម្បក​កង់ និង​ជួសជុល​ផង ពីព្រោះ​បច្ចុប្បន្ន ម៉ូតូ ឡាន​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅក្នុង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​គ្មាន​របប​សាំង​ចាក់​សម្រាប់​បំពេញការងារ​ទេ ហើយក៏​អត់​មាន​លុយ​រដ្ឋ​សម្រាប់​ទុក​ជួសជុល​ដែរ ពោលគឺ «​អ្នកណា​ជិះ (​ប្រើប្រាស់​) អ្នកនោះ​ចាក់​សាំង និង​ជួសជុល​ដោយ​លុយ​ខ្លួនឯង​» ។

​ក្រុមមន្ត្រី​នគរបាល​ទាំងនោះ​បានលើកឡើង​ទៀតថា ដោយសារតែ​ត្រូវ​ចាក់​សាំង និង​ចេញ​លុយ​ជួសជុល​ខ្លួនឯង​បែបនេះហើយ ទើប​មន្ត្រីនគរបាល​មួយចំនួន​ហ៊ាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ខ្លះ ដូចជា ផាកពិន័យ​មិន​ចេញ​វិក្កយបត្រ ពួនស្ទាក់​ជំរិត​ទារប្រាក់​ឆៅៗ​ពី​អ្នកប្រព្រឹត្ត​ខុសច្បាប់ ទទួល​លុយ​ប្រចាំខែ​តាម​ចំណត​មុខ​ហាង​នានា​ដែលមាន​យានជំនិះ​ចត​ខុសច្បាប់​… ។​ល​។ ខណៈ​ស្ថានភាព​ដូច្នេះ​បានកើត​មាន​ឡើងជា​យូរ​មកហើយៗ​បច្ចុប្បន្ន​ទៀតសោត​រឹតតែ​ធ្ងន់ធ្ងរ ដ្បិត​មេ​មិន​រវីរវល់​មិន​ខ្វល់​ក្នុង​រឿង​ម៉ូតូ ឡាន​ជា​សម្បត្តិ​រដ្ឋ​ដែល​ខូចខាត និង​អត់​ប្រេងសាំង​ចាក់​ឡើយ ពោលគឺ​មន្ត្រីនគរបាល​ណា​រកលុយ​ចាក់​សាំង និង​ជួសជុល​ក៏​ជិះ​ប្រើប្រាស់​ទៅ​បំពេញការងារ តែបើ​អត់​សាំង និង​អត់លុយ​ជួសជុល​ក៏​ទុកចោល​ទៅតាម​យថាកម្ម ហើយ​គ្មាន​នរណាម្នាក់​ហ៊ាន​និយាយ​ចេញ​វាចា​ទេ ។​

​ជាទី​បញ្ចប់ ក្នុង​ខ្លឹមសារ​នៃ​លិខិត​មិត្ត​អ្នកអាន​នោះ ក៏បាន​លើកឡើង​នូវ​សំណូមពរ​របស់​ក្រុមមន្ត្រី​នគរបាល​ថា សូម​ថ្នាក់លើ​ជួយ​ពិនិត្យ​ពិចារណា និង​ដោះស្រាយ​ករណីនេះ​ផង ពោលគឺ​គប្បី​បញ្ឈប់​វប្បធម៌​សមត្ថកិច្ច​ប្រើប្រាស់​ម៉ូតូ ឡាន​រដ្ឋ ជិះ​បំពេញការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ បែរជា​ចាក់​ប្រេង និង​ជួសជុល​ដោយ​លុយហោប៉ៅ​ខ្លួនឯង​ហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.