ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល គ្រប់គ្រង​ដោយ​លោក ថៃ សិទ្ធិ ហៅ​ថៃ ផានី ហៅ «​ម៉ាប់​» ជា​កូនប្រសា​លោក ហ៊ុន សាន បង​បង្កើត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បណ្តាល​ឲ្យ​មនុស្ស​ខ្ទង់​ជិត​រយ​នាក់​ត្រូវ​ឃាត់ខ្លួន ជាមួយ​រថយន្ត​-​ទោចក្រយានយន្ត​ខ្ទង់រយ​គ្រឿង និង​មាន់​ជល់​ខ្ទង់រយ​ក្បាល​ត្រូវ​ចាប់យក​ធ្វើជា​វត្ថុតាង ។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មនុស្ស​ជាច្រើន​នាក់ រួមទាំង​បុរស​ថ្លើមធំ​ម្នាក់​ដែល​ហ៊ាន​ទៅ​លួច​មាន់​ជល់​វត្ថុតាង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ផង​ត្រូវបាន​ដោះលែង​វិញ លើកលែងតែ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ឈ្មោះ ថៃ សិ​ទិ្ធ ហៅ ថៃ ផានី ហៅ «​ម៉ាប់​» ត្រូវ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ ។

​ក្រោយ​ការបង្ក្រាប​សង្វៀន​បញ្ជល់​មាន់​របស់​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​នៅ​អរិយ​ក្សត្រ​ភ្លាមៗ​នោះ ក៏​លេចចេញ​ឈ្មោះ​អ្នក​សា​ព័ត៌មាន​ជាង​១០០​នាក់ ឋិត​ក្នុង​បញ្ជី​ទទួល​ប្រាក់​ពី​មេការ​សង្វៀន​បញ្ជល់មាន់​ដើម្បី​ជា​ថ្នូរ​នឹង​ការបិទបាំង​ព័ត៌មាន​ខណៈ​សង្វៀន​បញ្ជ​ល់​មាន់​នីមួយៗ​ត្រូវបាន​គេ​និយាយ​លាន់ៗ​ថា «​បើ​អ្នកសារព័ត៌មាន​មិន​ផ្សព្វផ្សាយ ក៏​អាជ្ញាធរ​មូលដ្ឋាន​ងាយ​នឹង​ដឹង​ដែរ​» ។

​ប្រភពព័ត៌មាន​ពី​អ្នក​ចូលចិត្ត​ភ្នា​ល់​បញ្ជល់​មាន់បាន​និយាយ​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី និង​បង​បង្កើត​នាយករដ្ឋមន្ត្រី​ក៏​ចូលចិត្ត​ទៅ​មើល​កម្សាន្ត​ផ្ទាល់​ដែរនោះ​អាច​រកចំណូលបាន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ ពី​សេវា​ពាក់ព័ន្ធ ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​បង្កើតឡើង និង​ដំណើរការ​តាំងពី​ជាង​១​ឆ្នាំមុន ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាំងពី​ថ្នាក់មូលដ្ឋាន ដល់​ថ្នាក់​ខេត្ត​សុទ្ធតែ​បានដឹង​ថែមទៀត បែរជា​មិនមាន​វិធានការ​បង្ក្រាប​ទេ ទើប​ដល់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ក៏​នាំគ្នា​ភ្ញាក់រលឹក​នឹកឃើញ​ចុះបង្ក្រាប​ទៅវិញ (Sic!) ។ មានន័យថា លទ្ធផល​នៃ​ការបង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ជាក់ស្តែង​នេះ​ស្មើនឹង​ការ​បង្ហាញថា ដល់ពេល​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំង​អស់ពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​…​ចេះ​ភ្ញាក់រលឹក​ទទួលខុសត្រូវ​ស្ម័គ្រ​លាលែង​ពីមុខ​តំណែង ឬក៏​ត្រូវ​ឲ្យ​តុលាការ​ផ្តន្ទាទោស ។

​លោក ថៃ សិ​ទិ្ធ ហៅ «​ម៉ាប់​» ធ្លាប់​ត្រូវបាន​ស្ថាប័ន​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១០ ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ហើយ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១០​ឆ្នាំ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣៣៤ ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​របស់​តុលាការ​កំពូល ពោលគឺ​បាន​ក្លាយជា​ទណ្ឌិត ។ ក្រោយមក ទណ្ឌិត​ឈ្មោះ ថៃ សិទ្ធិ ហៅ​ម៉ាប់ ក៏​ទទួលបាន​ការលើកលែង​ទោស​ទាំងស្រុង​វិញ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៥/១១១៥ ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.