ថ្ងៃ សុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨

ចប់​ដោយ​គ្មាន​វាចា ! បុរស​ខ្លាំង «​រំលោភ​ខ្លួនឯង​» ពេញទំហឹង​ក្នុង​រឿង​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​

មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា «​ភាសា និង​អក្សរ​ដែល​ប្រើប្រាស់​ជា​ផ្លូវការ គឺ​ភាសា និង​អក្សរ​ខ្មែរ ។​» និង​មាត្រា​១២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ សរសេរ​កាត់ «​ក​.​ជ​.​ភ​.​ខ​» បាន​ចែងថា «​ក​.​ជ​.​ភ​.​ខ ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ជា​គោល ។​» ។​

​ទោះបី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ចុះហត្ថលេខា​ផ្ទាល់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បង្គា​ប់​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដែល​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​រា​ជ​បណ្ឌិត្យសភា​កម្ពុជា ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ជា​គោល​ក៏ដោយ ក៏​រូបភាព​ជាក់ស្តែង​បាន​បង្ហាញថា មាន​ព្រះរាជក្រឹត្យ​របស់​ស្ថាប័ន​ព្រះមហាក្សត្រ (​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​នាយករដ្ឋមន្ត្រី​) និង​អនុក្រឹត្យ​មួយចំនួន​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​ឡើយ ។

​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានធ្វើការ​ពន្យល់​ពាក្យ «​ដំឡើង​» ដែលជា​កិរិយាសព្ទ (​កិ​.) ថា ធ្វើ​ឲ្យ​ឡើង​, ធ្វើ​ឲ្យ​ខ្ពស់ជាង​មុន​,​ធ្វើ​ឲ្យ​មាន​កម្លាំង​, ធ្វើ​ឲ្យ​ឃើញ​សម្បើម : ដំឡើងពន្ធដារ​,​ដំឡើងថ្លៃ​អីវ៉ាន់​, ដំឡើង​ស្មា​, ដំឡើងគ្រូ​, ដំឡើងឫក​, ដំឡើង​ឫទ្ធិ ។ លើក​ផ្គំ​រៀបចំ​តាម​លំនាំ​ស្រាប់ : ដំឡើងរទេះ​, ដំឡើងរថយន្ត ។​

​ព័ស្តុតាង​ជាក់ស្តែង​ហូរហែ​បានបង្ហាញ​ឲ្យ​ឃើញ​ដូចតទៅ ៖

១-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៧/៩១០ ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ វុទ្ធី អត្តលេខ​០៥៩៤១ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ បាន​សរសេរ​ពាក្យ​ថា «​តម្លើង​» ។​

២-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៧៥ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ដែល​បាន​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ជា​ករណី​ពិសេស​ដល់​លោក សុខ សា​រ៉ា​ត ពី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ មក​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​សរសេរ​ពាក្យ​ថា «​តម្លើង​» ។

៣-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៣ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ដែល​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍​ដល់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក មួន សារ៉ន អត្តលេខ​០៧៧២ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ បាន​សរសេរ​ពាក្យ​ថា «​តម្លើង​» ។

៤-​អនុក្រឹត្យ​លេខ​១២៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​សម្រេច​ដំឡើង​ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​ជូន​លោក​វរសេនីយ៍ទោ គុយ ម៉េង អត្តលេខ​៥៥១៧៤ នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ បាន​សរសេរ​ពាក្យ​ថា «​តម្លើង​» ។​

៥-​អនុក្រឹត្យ​លេខ​១២៦១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​សម្រេច​ដំឡើង​ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​ជូន​លោក​វរសេនីយ៍ទោ ហង្ស វណ្ណៈ អត្តលេខ​៧៣៧៦៥ នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ បាន​សរសេរ​ពាក្យ​ថា «​តម្លើង​» ។​

​អនុលោម​តាម​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ មិនមាន​ពាក្យ​សរសេរថា «​តម្លើង​» នោះទេ គឺ​មានតែ​ពាក្យ​សរសេរថា «​ដំឡើង​» ។ ដូច្នេះ ព្រះរាជក្រឹត្យ (​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​នាយករដ្ឋមន្ត្រី​) និង​អនុក្រឹត្យ​មួយចំនួន​ដូច​បានលើកឡើង​ខាងលើ គឺ​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​ទេ ។​

​សរុបសេចក្តី​មក បុរស​ខ្លាំង​ដែលជា​នាយករដ្ឋមន្ត្រី​ជាប់​ឈ្មោះ​ជា​បុរស «​រំលោភ​ខ្លួនឯង​» ពេញទំហឹង​ក្នុង​រឿង​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​ដោយ​តាមរយៈ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​រា​ជ​បណ្ឌិត្យសភា​កម្ពុជា មាន​ឯកឧត្តម​ប​ណិ​ត​សភាចា​រ្យ សុខ ទូច ជា​ប្រធាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.