ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់ ! រោងចក្រ​បោកគក់​សម្លៀកបំពាក់ Wintai Sock Manufacture Ltd. ត្រូវបាន​រកឃើញថា បង្ហូរ​កាកសំណល់​រាវ​គីមី​បំពុលបរិស្ថាន​លើស​ស្តង់ដារ​កំណត់​ដល់​ទៅ​៣​ដង

បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ប​រិ​វេណ​រោងចក្រ Wintai Sock Manufacture Ltd. ឋិត​នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ការបំពុល​បរិស្ថាន និង​ក្រោយ​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​កន្លងមក នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ក្រុម​ន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន​បាន​ចុះ​ត្រួតពិនិត្យ​ករណី​បំពុលបរិស្ថាន​នៅ​រោងចក្រ​នេះ ដោយ​រកឃើញថា​បាន​បញ្ចេញ​ទឹក​សំណល់​រាវ​មាន​សារ​ធាតុគីមី​លើស​កម្រិតស្តង់ដារ​កំណ​ត់​រហូតដល់​ទៅ​៣​ដង ។​

​ការត្រួតពិនិត្យ​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា រោងចក្រ​បោកគក់​សម្លៀកបំពាក់ Wintai Sock Manufacture Ltd. បាន​បង្ហូរ​សំណល់​រាវ​មាន​សារ​ធាតុគីមី​ធុំក្លិន​អាក្រក់​ចូលទៅក្នុង​ប្រឡាយទឹក​៧​មករា ភ្ជាប់​នឹង​ស្ថានីយ៍​បូមទឹក «​ហ៊ុន សែន ទី​៨​ពត់​សរ​» និង​បង្ហូរ​ចូល​ស្រះ​ស្តុក​សំណល់​រាវ​របស់​រោងចក្រ​ផ្ទាល់​ទំហំ​ប្រមាណ​១២​ហិកតា​មុននឹង​បញ្ចេញ​ចូល​ស្ទឹង​ទន្លេបាទី ជា​រមណីយដ្ឋាន​ទេសចរណ៍​ទៀតផង ។​

​ក្រោយ​ការយក​សំណាក​សំណល់​រាវ​ចេញពី​រោងចក្រ Wintai Sock Manufacture Ltd. ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​គាំពា​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​រួចមក លទ្ធផល​វិភាគ​បានបង្ហាញ​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​ឲ្យ​ដឹងថា មាន​សារ​ធាតុគីមី Biochemical Oxygen Demand (BOD) កម្រិត​១២៩,៣៣​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ (​បរិមាណ​សារធាតុបំពុល​ដែល​អាច​អនុញ្ញាត​ឲ្យ​បញ្ចេញ​ទៅ​តំបន់​ទឹក​សាធារណៈ​ដែល​ត្រូវការពារ​មាន​ស្តង់ដារ​តិចជាង​៣០​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ និង​បរិមាណ​សារធាតុបំពុល​ដែល​អាច​អនុញ្ញាត​ឲ្យ​បញ្ចេញ​ទៅ​តំបន់​ទឹក​សាធារណៈ និង​លូ​មាន​ស្តង់ដារ​តិចជាង​៨០​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ​) និង​មាន​សារធាតុ​គីមី Chemical Oxygen Demand (COD) កម្រិត​២៤១​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ (​បរិមាណ​សារធាតុបំពុល​ដែល​អាច​អនុញ្ញាត​ឲ្យ​បញ្ចេញ​ទៅ​តំបន់​ទឹក​សាធារណៈ​ដែល​ត្រូវការពារ​មាន​ស្តង់ដារ​តិចជាង​៥០​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ និង​បរិមាណ​សារធាតុបំពុល​ដែល​អាច​អនុញ្ញាត​ឲ្យ​បញ្ចេញ​ទៅ​តំបន់​ទឹក​សាធារណៈ និង​លូ​មាន​ស្តង់ដារ​តិចជាង​១០០​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ​) ។ ពោលគឺ កម្រិត​សំណល់​រាវ​គីមី​បំពុលបរិស្ថាន​បញ្ចេញ​ពី​រោងចក្រ Wintai Sock Manufacture Ltd. លើស​ស្តង់ដារ​កំណត់​ដល់​ទៅ​៣​ដង​ឯណោះ ។​

​ទោះបី​រោងចក្រ​បោកគក់​សម្លៀកបំពាក់ Wintai Sock Manufacture Ltd. បញ្ចេញ​សំណល់​រាវ​សារ​ធាតុគីមី​ចេញពី​រោងចក្រ​បង្ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹក​សាធារណៈ​បំពុលបរិស្ថាន​មាន​កម្រិត​លើសពី​ស្តង់ដារ​កំណត់​រហូតដល់​ទៅ​៣​ដង​ក៏ដោយ ក៏​រោងចក្រ​នេះ​ត្រូវបាន​ក្រសួងបរិស្ថាន​សម្រេច​ធ្វើការ​ពិន័យ​អន្តរការណ៍​ជា​ទឹកប្រាក់​សរុប​ចំនួន​៣០​លាន​រៀល​ប៉ុណ្ណោះ រួមមាន ៖ -២០​លាន​រៀល​លើ​ករណី​បញ្ចេញ​សំណល់​រាវ​មិន​ស្របតាម​កម្រិត​កំណត់​ស្តង់ដារ​, -៥​លាន​រៀល​លើ​ករណី​ដុត​សំណល់​កម្ទេច​កំណាត់​ក្នុង​ឡ​ចំហាយ និង -៥​លាន​រៀល​ទៀត​លើ​ករណី​មិន​គោរព​តាម​កិច្ចសន្យា​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន​ជាមួយ​ក្រសួងបរិស្ថាន (Sic!) ។​

​ក្រុមហ៊ុន Wintai Sock Manufacture Ltd. ដែលមាន​ថៅកែ និង​អ្នកគ្រប់គ្រង​ជា​ជន​ជាតិចិន គឺ​លោកស្រី Sung Mui Ying និង​លោក Liu He Lin ជា​ក្រុមហ៊ុន​ដំណើរការ​បង្កើត​រោងចក្រ​កាត់ដេរ តម្បាញ និង​បោកគក់​សម្លៀកបំពាក់ ដោយមាន​ម៉ាស៊ីន​បោកគក់​ចំនួន​២៥​គ្រឿង មាន​សមត្ថភាព​បោកគក់​ប្រមាណ​១០ ០០០​ខោ​/​អាវ ក្នុង​១​ថ្ងៃ ។ លើសពីនេះ ក្រុមហ៊ុន​បាន​ជួល​អគារ​មួយ​ឲ្យ​ទៅ​រោងចក្រ​ឈ្មោះ JD & Toyoshima Co.,Ltd. ដែល​ដំណើរការ​បោកគក់​ខូវប៊យ ហើយ​បង្ហូរ​សំណល់​រាវ​រួមគ្នា​ជាមួយ​សំណល់​រាវ​ចេញពី​រោងចក្រ Wintai Sock Manufacture Ltd. ចូល​អាង​ប្រព្រឹត្តិកម្ម​តែមួយ ហើយ​បាន​បញ្ចេញ​សំណល់​រាវ​មាន​សារ​ធាតុគីមី​លើស​កម្រិតស្តង់ដារ​កំណ​ត់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​បង្ក​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។​

​យោងតាម​សំណើ​ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ របស់​រោងចក្រ Wintai Sock Manufacture Ltd. អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បានចេញ​លិខិតអនុញ្ញាត​លេខ​៣៧៤​គ​ព​.​ប​ស្ថ ចុះ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ ឲ្យ​រោងចក្រ​នេះ​បញ្ចេញ​សំណល់​រាវ​សម្អាត​រួច​ចូលទៅក្នុង​ប្រព័ន្ធ​លូ​សាធារណៈ ដោយមាន​សុពលភាព​ដល់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៧ ។

​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងសុខាភិបាល​មួយរូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា សំណល់​រាវ​មាន​សារ​ធាតុគីមី​លើស​កម្រិតស្តង់ដារ​កំណ​ត់​រហូតដល់​ទៅ​៣​ដង​បញ្ចេញ​ពី​រោងចក្រ Wintai Sock Manufacture Ltd. ចូលទៅក្នុង​ប្រព័ន្ធ​ទឹក​សាធារណៈ​បែបនេះ គឺ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ណាស់ ជាអាទិ៍ ៖ -​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក និង​ដកដង្ហើម​ស្រូបយក​ខ្យល់​មិន​បរិសុទ្ធ​, -​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាកសិករ​, -​ធ្វើ​ឲ្យ​ខូចខាត​គុណភាព​ដី​ផលិតកម្ម និង -​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដែល​ប្រើប្រាស់​ទឹក​អាង​ស្ទឹង​ទន្លេបាទី​ទាំងមូល​…​។​ល​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.