ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មិន​ដឹក​ទ័ព​ឬ​សម្ភារៈ​ទ័ព បែរជា​ដឹក​ខ្សាច់ ! រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹក​ខ្សាច់​ផុង​កង់​ចូល​លូ ក្រឡាប់​បះជើង​ក្នុង​ទីក្រុង

មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​នៅត្រង់ចំណុច​ផ្លូវ​លេខ​២០០២​កែង​ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភូមិន្ទ​ដឹក​ខ្សាច់​ផុង​កង់​ចូល​លូ​ក្រឡាប់​បះជើង​ចាក់ចេញ​ខ្សាច់​រាយប៉ាយ​ពេញ​ផ្លូវ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​អ្វី​ឡើយ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បែន​មួយគ្រឿង​ម៉ាក HINO ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.3-2914 ដឹក​ខ្សាច់​តាមផ្លូវ​លេខ​២០០២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​ខណៈ​មកដល់​ទីតាំង​កើតហេតុ​រថយន្ត​នោះបាន​ព្យាយាម​បត់​ស្តាំ​មក​តាមផ្លូវ​បេតុង​វិញ ស្រាប់តែ​បាក់ស្រុត​ផុង​កង់​រថយន្ត​ម្ខាង​ខាងក្រោយ​ចូល​លូ​បណ្តាល​ឲ្យ​ក្រឡាប់​បះជើង​ចាក់ចេញ​ខ្សាច់​រាយប៉ាយ​ពេញ​ផ្លូវ​តែម្តង ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​បង្ក​នោះ​មានឈ្មោះ តឹក សុភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ បច្ចុប្បន្ន រថយន្ត​បង្ក​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ធ្វើការ​ជុស​ជុល​លូ​ថ្មី​ឡើងវិញ​រួចរាល់​សិន ។

​យោងតាម​មាត្រា​៣, មាត្រា​៦ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ បាន​ចែងថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ពណ៌​ត្រេអ៊ី គឺជា​របស់​ក្រសួងការពារជាតិ​គ្រប់គ្រង​ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ​(​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​ទ័ព ឬ​ដឹកជញ្ជូន​កងទ័ព​) និង​ការងារ​ការពារជាតិ ។ ផ្ទុយទៅវិញ ឥឡូវនេះ​រថយន្ត​បង្ក​បែរជា​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ហ៊ឺហា (Sic!) ។​

​ក្រុមអ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​មតិយោបល់​ថា អាជ្ញាធរ និង​ក្រសួងការពារជាតិ​គប្បី​សហការ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​ដឹងថា តើ​រថយន្ត​បង្ក​ដឹក​ខ្សាច់​នោះ​បម្រើ​ឲ្យ​ផលប្រយោជន៍​ភាគី​ណា (​បុគ្គល ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័ន​ការពារជាតិ ?) ហើយ​បើ​រកឃើញថា រថយន្ត​បង្ក​ដឹក​ខ្សាច់​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​ណាមួយ​ក្រៅពី​វិស័យ​ការពារជាតិ​នោះ គឺ​ម្ចាស់​រថយន្ត​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​បង្អាប់បង្អោន​កិត្យានុភាព​ក្រសួងការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដែល​តម្រូវ​ឲ្យ​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​វិធានការ​ក្តៅ​ដើម្បី​លើកស្ទួយ​មុខមាត់ កិត្យានុភាព​កងយោធពល​ខេមរភូមិន្ទ​ឡើងវិញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.