ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ហួសចិត្ត​ដ្បិត​បញ្ចេញ​ទឹក​គីមី​បំផ្លាញ​សុខភាព​ត្រឹម​បង់លុយ ! រោងចក្រ Wintai Sock Manufacture Ltd. ដែល​បញ្ចេញ​សំណល់​រាវ​មាន​សារធាតុ​គីមី​រង​ការពិន័យ​៣០​លាន​រៀល

​ករណី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ តម្បាញ​-​បោកគក់​សម្លៀកបំពាក់​ឈ្មោះ Wintai Sock Manufacture Ltd. ឋិត​នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ មាន​ថៅកែ​ជា​ជន​ជាតិចិន​គឺ លោកស្រី Sung Mui Ying និង​លោក Liu He Lin ដែល​បញ្ចេញ​សំណល់​រាវ​មាន​សារធាតុ​គីមី​លើស​កម្រិត​កំណត់​ស្តង់ដារ​បង្ក​ការបំពុល​ទឹក​ចូល​ប្រឡាយ​៧​មករា ជាប់​នឹង​ស្ថានីយ៍​បូមទឹក «​ហ៊ុន សែន ទី​៨ ពត់​សរ​» និង​ស្ទឹង​ទន្លេបាទី​នោះ ត្រូវបាន​ក្រសួងបរិស្ថាន​សម្រេច​ប​ង្គា​ប់​ការដាក់ពិន័យ​អន្តរការណ៍​ចំនួន​៣០​លាន​រៀល ។​

​ទឹកប្រាក់​ពិន័យ​អន្តរការណ៍​ចំនួន​៣០​លាន​រៀល​ដែល​ក្រុមហ៊ុន Wintai Sock Manufacture Ltd. សន្យា​បង់​ឲ្យ​ទៅ​ក្រសួងបរិស្ថាន​នោះ​ត្រូវ​បែង​ចែកជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ចំនួន​១០​លាន​រៀល​, ដំណាក់កាល​ទី​២ ចំនួន​១០​លាន​រៀល និង​ដំណាក់កាល​ទី​៣ ចំនួន​១០​លាន​រៀល (​ត្រូវ​បង់​ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧) ។

​ក្រុមហ៊ុន Wintai Sock Manufacture Ltd. ជា​ក្រុមហ៊ុន​ដំណើរការ​រោងចក្រ​កាត់ដេរ តម្បាញ និង​បោកគក់ ដោយមាន​ម៉ាស៊ីន​បោកគក់​ចំនួន​២៥​គ្រឿង មាន​សមត្ថភាព​បោកគក់​ប្រមាណ​១០ ០០០​ខោ​/​អាវ ក្នុង​១​ថ្ងៃ ។ លើសពីនេះ ក្រុមហ៊ុន​បាន​ជួល​អគារ​មួយ​ឲ្យ​ទៅ​រោងចក្រ JD & Toyoshima Co,.Ltd. ដែល​ដំណើរការ​បោកគក់​ខូវប៊យ ហើយ​បង្ហូរ​សំណល់​រាវ​រួមគ្នា​ជាមួយ​សំណល់​រាវ​ចេញពី​រោងចក្រ Wintai Sock Manufacture Ltd. ចូល​អាងប្រព្រឹត្តិកម្ម​តែមួយ ។ រោងចក្រ​នេះ​ត្រូវបាន​ក្រសួងបរិស្ថាន​រកឃើញ​ថា បាន​បញ្ចេញ​សំណល់​រាវ​មាន​សារធាតុ​គីមី​លើស​កម្រិតស្តង់ដារ​អនុញ្ញាត​ចូល​ប្រព័ន្ធ​បង្ហូរទឹក​សាធារណៈ​បង្ក​ការបំពុល​ទឹក ។

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​រោងចក្រ Wintai Sock Manufacture Ltd. ដែល​ទទួលរង​ការបំពុល​បរិស្ថាន​ដោយ​ការបង្ហូរ​សំណល់​រាវ​មាន​សារធាតុ​គីមី​ចេញពី​រោងចក្រ​បង្ក​ការបំពុល​ទឹក​នោះ បាននាំគ្នា​សម្តែង​នូវ​ការស្រងាកចិត្ត​យ៉ាងខ្លាំង​ក្រោយពេល​បានដឹងថា រោងចក្រ​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​-​សត្វ​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​បែរជា​ត្រឹម​ទទួលរង​ការបង់ប្រាក់​ពិន័យ​ចំនួន​៣០​លាន​រៀល​ជូន​ក្រសួងបរិស្ថាន​ទៅវិញ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.