ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

​សូម​អបអរ ! អតីត​មេ​រង​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ដែល​ចូលនិវត្តន៍ ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ងារ​ជា​ឧកញ៉ា​ម្នាក់ គឺ​លោក​ឧកញ៉ា ប៉ែន សំអាត ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ ទទួលបាន​ការតែងតាំង​តំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧៧៩ ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ។

​ក្រៅពី​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ លោក ប៉ែន សំអាត អតីត​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់ សវនកម្ម និង​ទំនាក់ទំនង​សាធារណៈ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០៨/៩២៣ ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០០៨ ។​

​ក្រោយមក លោក​ឧកញ៉ា ប៉ែន សំអាត ដែល​មជ្ឈដ្ឋាន​អ្នកសិក្សា​រៀនសូត្រ​ទទួលស្គាល់ថា ជា​មន្ត្រី​មាន​សមត្ថភាព​ពិតប្រាកដ​ម្នាក់ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៩៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១២ ។​

​លោក​ឧកញ៉ា ប៉ែន សំអាត ទទួលបាន​ការដំឡើង​ថ្នាក់​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ មក​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦៥៤ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ និង​ក៏ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ជា​ផ្លូវការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦៦៦ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ។

​នា​សម័យ​ក្រោយ​បង្កើត​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នីតិកាល​ទី​៤ (២០០៨-២០១៣) លោក​ឧកញ៉ា ប៉ែន សំអាត ធ្លាប់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៨/១០៨៣ ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០០៨ និង​ក្រោយមកទៀត ក៏​ទទួលបាន​ការដំឡើងឋានៈ​ស្មើ​រដ្ឋមន្ត្រី ក្នុង​មុខតំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី មិន​ទទួល​ប្រាក់បៀវត្សរ៍ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៦៥ ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.