ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មិន​ខ្មាស និង​មិន​ខ្វល់​បាន​ផល​ស្រួល ! គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន​៤១​កៅអី​ក្នុង​រដ្ឋសភា​ក្រោយ​បក្ស CNRP រលាយ​

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលមាន​ប្រជាពលរដ្ឋ​គាំទ្រ​ចំនួន​ជាង​៣​លាន​នាក់​ប្រដំប្រសង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ត្រូវបាន​រំលាយ​ទាំង​តក់ក្រហល់​ដោយ​ស្ថាប័ន​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ និង​អនុលោម​តាម​មាត្រា​១៣៨​ស្ទួន​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១០១៧/០១០ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ធ្វើការ​បែងចែក​អាសន​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៥៥​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ទំនេរ​ទៅ​ឲ្យ​គណបក្សនយោបាយ​ចំនួន​៥ តែ​ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២​បដិសេធ​ការទទួលយក​អាសនៈ​បែងចែក​នេះ គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) ត្រូវ​ទទួលបាន​០៥​អាសនៈ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ត្រូវ​ទទួលបាន​០៦​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ទទួលបាន​អាសនៈ​ច្រើន​លើសលប់​ជាងគេ ។​

​យោងតាម​សេចក្តីសម្រេច​លេខ​៦១៩-៦២០-៦២១​គ​.​ជ​.​ប​-​សសរ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបង្ហាញ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​ចំនួន​៤១, គណបក្ស​សញ្ជាតិ​កម្ពុជា (CNP) ទទួលបាន​អាសនៈ​ចំនួន​០២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (KEDP) ទទួលបាន​អាសនៈ​ចំនួន​០១ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​បណ្តា​គណបក្សនយោបាយ​ទទួលយក​អាសនៈ​សល់​ទំនេរ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​នោះ គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះជន្ម​៧៣​ព្រះវស្សា ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន និង​លោក ហួន រាជ​ចំរើន អាយុ​៥៧​ឆ្នាំ ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពោរពេញ​ដោយ​រឿងអាស្រូវ​នៅ​ស្ថាប័ន​តុលាការ​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិនមាន​ឈ្មោះ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ព្រមទាំង​គ្មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​នោះ ឥឡូវ​ស្រាប់តែ​បាន​ជាប់​ឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​ដោយ​មិនបាច់​ប្រឹង ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ល្បែង​នយោបាយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​តក់ក្រហល់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បង្កដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ដូច​ទុក​ឱកាស​ឲ្យ​គណបក្សនយោបាយ​មួយចំនួន​ដែលមាន​មេដឹកនាំ​មិនចេះ​ខ្មាស និង​មិនចេះ​ខ្វល់​បាន​ផល​ចូល​អង្គុយ​កៅអី​ក្នុង​រដ្ឋសភា​ទទួល​ប្រាក់​បំណាច់​យ៉ាង​ស្រួល​ក្នុងនាម​ជា​សមាជិក​រដ្ឋសភា​ដែល​មិនកើត​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ទាល់តែសោះ (Sic!) ។

​រឿងរ៉ាវ​ធ្វើ​នយោបាយ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកនយោបាយ​នៅ​កម្ពុជា​លាន់មាត់​ថា «​អច្ឆរិយៈ​មែន​!» ពីព្រោះ​អាចធ្វើ​ជា​ព្រះប្រធាន​គណបក្សនយោបាយ​ផង និង​អាច​ធ្វើជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ផង (Resic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.