ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ចាប់​កម្រើក​តៗ​ហើយ ! ក្រសួង​មុខងារសាធារណៈ​ផ្តើម​ណែនាំ​ឲ្យ​មានការ​ប្រើប្រាស់​កាលបរិច្ឆេទ​ថ្មី (​ទាំង​គ្រិស្តសករាជ ទាំង​ពុទ្ធសករាជ​) នៅលើ​លិខិត​រដ្ឋបាល​

យោងតាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នោះ នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ (​ក្នុងនាម​តាម​បញ្ជា​រដ្ឋមន្ត្រី​) បានចេញ​លិខិតផ្លូវការ​លេខ​៤២៨៦​ម​ស​.​រប ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​គោរព​ជូន​ថ្នាក់ដឹកនាំ​ក្រសួង (​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​) នាយក​សាលា​ភូមិន្ទ​រដ្ឋបាល អគ្គនាយក អគ្គាធិការ ប្រធាន​នាយកដ្ឋាន ប្រធាន​មជ្ឍមណ្ឌល និង​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​រាជធានី​-​ខេត្ត ស្នើ​ឲ្យ​មានការ​ប្រើប្រាស់​កាលបរិច្ឆេទ​ថ្មី​នូវ​រាល់​លិខិត​រដ្ឋបាល​ប្រចាំថ្ងៃ​មានការ​ឯកភាពគ្នា ពោល​គឺមាន​កាលបរិច្ឆេទ​គ្រិស្តសករាជ​ផង និង​មាន​ពុទ្ធសករាជ​ផង ។

​លិខិត​របស់​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ស្តីពី​ការប្រើប្រាស់​កាលបរិច្ឆេទ​ថ្មី​នៅលើ​លិខិត​រដ្ឋបាល​នោះ ក៏បាន​បង្ហាញ​នូវ​ទម្រង់​កាលបរិច្ឆេទ​គំរូ​ជា​ឧទាហរណ៍​ច្បាស់លាស់​ផងដែរ ។​

​តាម​ការកត់សម្គាល់​ក​ន្ល​ង​មក ក្រៅពី​ចុ​ត​ហ្មាយ និង​ព្រះសង្ឃ​ប្រកាស​មួយចំនួន​របស់​សម្តេច​ព្រះមហា​សង្ឃរាជ​បាន​បង្ហាញថា ការប្រើប្រាស់​កាលបរិច្ឆេទ​ជា​គ្រិស្តសករាជ​ផង និង​ជា​ពុទ្ធសករាជ​ផង​នៅលើ​លិខិត​រដ្ឋបាល​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​ខ្មែរ​នោះ គឺមាន​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ធ្លាប់​អនុវត្ត​តាំងពី​នៅ​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​) តែមួយ​រូប​គត់​ដែល​បាន​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ​អនុវត្ត​របៀប​ដូច្នេះ ។ ក្រោយមក ក៏មាន​ស្ថាប័ន​តុលាការ​សាលាដំបូង​មួយចំនួន​ក៏បាន​អនុវត្ត​ដូចគ្នានេះដែរ រួមមាន ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​ជាដើម ។

​មជ្ឈដ្ឋាន​អ្នកច្បាប់ និង​អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ការប្រើប្រាស់​កាលបរិច្ឆេទ​ទាំង​គ្រិស្តសករាជ ទាំង​ពុទ្ធសករាជ​នៅលើ​លិខិត​រដ្ឋបាល​ទុកជា​គំរូ​ល្អ​បែបនេះ គប្បី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​ដាក់​បញ្ញត្តិ​នៅក្នុង​អនុក្រឹត្យ​បង្គាប់​ឲ្យ​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​គ្រប់​ស្ថាប័នរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តងទៅ​ទើប​ជាការ​ប្រសើរ មាន​ភាពទូលំទូលាយ មានការ​ឯកភាពគ្នា និង​មាន​និរន្តរភាព​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.