ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ថ្លើមធំ​ណាស់ ! ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ហ៊ាន​រំលោភបំពាន​នាយករដ្ឋមន្ត្រី​ក្នុង​រឿង​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម

ក្រោយ​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តី​ចេញ​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) និង​ហាមឃាត់​បុគ្គល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ត្រឹមតែ​០១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឯកឧត្តម​បណ្ឌិត​រដ្ឋ ឈន ព្រលឹង ប្រធាន​រា​ជប​ណិ្ឌ​ត្យ​សភា​វិជ្ជាជីវៈ​តុលាការ​បានធ្វើ​ញត្តិ​មួយ​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​កំពូល និង​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ញត្តិ​គាំទ្រ​នោះ គឺ​ឯកឧត្តម​បណ្ឌិត​រដ្ឋ ឈន ព្រលឹង សរសេរថា «​ញ​តិ​គាំទ្រ​» ។

​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា «​ភាសា និង​អក្សរ​ដែល​ប្រើប្រាស់​ជា​ផ្លូវការ គឺ​ភាសា និង​អក្សរ​ខ្មែរ ។​» និង​មាត្រា​១២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ សរសេរ​កាត់ «​ក​.​ជ​.​ភ​.​ខ​» បាន​ចែងថា «​ក​.​ជ​.​ភ​.​ខ ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ជា​គោល ។​» ។

​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានធ្វើការ​ពន្យល់​នូវ​ពាក្យ «​ញត្តិ​» ដែលជា​នាម (​ន​.) ថា សំដី​ប្រកាស​យោបល់​ឲ្យ​គេ​ដឹង ។ លើសពីនេះ នៅក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​មិនមាន​ពាក្យ​សរសេរថា «​ញ​តិ​» នោះទេ ។​

​លោក ឈន ព្រលឹង ធ្លាប់​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​ត្រាស់បង្គាប់​តែងតាំង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១១/០៣០ ចុះ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១១ និង​ក្រោយមក​ត្រូវបាន​ប្រគល់​ភារកិច្ច​ឲ្យ​បំពេញ​មុខងារ​ជា​ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១១/១០៨២ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១១ ។​

​សរុបសេចក្តី​មក ការណ៍​ដែល​ឯកឧត្តម​បណ្ឌិត​រដ្ឋ ឈន ព្រលឹង ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត គឺជា​សកម្មភាព​រំលោភ​បំពាន​ទៅលើ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​យ៉ាង​កំរោល​បំផុត និង​ក៏បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញថា ជា​អំពើ​បំផ្លិចបំផ្លាញ​អត្តសញ្ញាណ​ជាតិខ្មែរ​ទៀតផង ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.