ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ត្រៀម​ចូល​អង្គុយ​កៅអី​រដ្ឋសភា ! គ​.​ជ​.​ប ប្រកាស​ជូនដំណឹង​ដល់​គណបក្សនយោបាយ​ចំនួន​៦​ឲ្យ​ចូលរួម​អនុវត្ត​បែងចែក​អាសនៈ​រដ្ឋសភា​សល់​ទំនេរ​ពី CNRP ដែល​ត្រូវបាន​រំលាយ

កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដល់​គណបក្សនយោបាយ​ចំនួន​៦​ដែល​បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣ តែ​មិន​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា អំពី​ការ​ផ្តល់ព័ត៌មាន​ចាំបាច់​មួយចំនួន​ដើម្បី​ឲ្យ គ​.​ជ​.​ប ចាត់ចែង​អនុវត្ត​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​អាសនៈ​រដ្ឋសភា​ចំនួន​៥៥​អាសនៈ ដែល​សល់​ទំនេរ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​) ។​

​គណបក្សនយោបាយ​ចំនួន​៦​ដែល គ​.​ជ​.​ប ចាត់ចែង​ការជូនដំណឹង​នេះ រួមមាន​ដូចខាងក្រោម ៖

១-​គណបក្ស​សញ្ជាតិ​កម្ពុជា​(CNP) មាន​សន្លឹកឆ្នោត​លំដាប់​លេខ​រៀង​ទី​១ និង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣៨ ១២៣​សំឡេង ។

២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​(FUNCINPEC) មាន​សន្លឹកឆ្នោត​លំដាប់​លេខ​រៀង​ទី​២ និង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២៤២ ៤១៣​សំឡេង ។​

៣-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​(RDP) មាន​សន្លឹកឆ្នោត​លំដាប់​លេខ​រៀង​ទី​៣ និង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣៣ ៧១៥​សំឡេង ។​

៤-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​(KEDP) មាន​សន្លឹកឆ្នោត​លំដាប់​លេខ​រៀង​ទី​៥ និង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៩ ១៦២​សំឡេង ។​

៥-​គណបក្ស​ខ្មែរ​ឈប់​ក្រ​(KAPP) មាន​សន្លឹកឆ្នោត​លំដាប់​លេខ​រៀង​ទី​៦ និង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៤៣ ២២២​សំឡេង ។​

៦-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP) មាន​សន្លឹកឆ្នោត​លំដាប់​លេខ​រៀង​ទី​៨ និង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៦៨ ៣៨៩​សំឡេង ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​នៅត្រង់ថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គឺ គ​.​ជ​.​ប មិនអាច​ទំនាក់ទំនង​បានឡើយ ហើយ​ទីស្នាក់ការ​គណបក្ស​បិទទ្វារ​មិនមាន​អ្នកប្រចាំការ ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា អ្នក​ដែល​ចូលទៅ​អង្គុយ​កៅអី​រដ្ឋសភា​ដែល​សល់​ទំនេរ​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​រំលាយ​នោះ គឺ​មិន​ស័ក្តិសម​ហៅថា «​អ្នកតំណាងរាស្ត្រ​» ទេ ពីព្រោះ​មិនបាន​កើតចេញពី​ឆ​ន្ទះ​ប្រជារាស្ត្រ​បោះឆ្នោត​គាំទ្រ​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣​ឡើយ (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.