ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មុន​ប្រកាស​ចូលនិវត្តន៍ ​Buffon បាន​ជួយ​អ្វីខ្លះ​ដល់​ជម្រើសជាតិ​អ៊ីតាលី ?

​ក្រោយពី​មិនអាច​ស្រោចស្រង់​ជួយ​ជម្រើសជាតិ​អ៊ីតាលី​ឆ្លងកាត់​វគ្គ Play-off ដើម្បី​មាន​សិទ្ធិ​ទៅលេង​បន្ត​នៅ​ទឹកដី​រុស្ស៊ី​នា​ឆ្នាំ​២០១៨ នៃ​ព្រឹត្តិការណ៍ World Cup បាន អ្នកចាំទី​ដៃ​ស្អិត Gianluigi Buffon បានប្រកាស​ចូលនិវត្តន៍​ភ្លាមៗ​តែម្តង​ក្នុង​វ័យ​៣៩​ឆ្នាំ ។​

Gianluigi Buffon កើត​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​១៩៧៨ ។ បើ​និយាយ​ពី​អតីតកាល​កីឡាករ​ចាស់វស្សា​រូបនេះ​បាន​ជាប់​ជម្រើសជាតិ U16 របស់​អ៊ីតាលី​មកម្ល៉េះ លុះ​ឈាន​មកដល់​ឆ្នាំ​១៩៩៧ Buffon ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ជម្រើសជាតិ​ឈុត​ធំ ដែល​គេ​ទើបតែ​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ ។​

​រយៈពេល​ប្រមាណ​២០​ឆ្នាំមុន​ចូលនិវត្តន៍​នេះ Buffon បានបង្ហាញ​ខ្លួន​ក្នុង​ជម្រើសជាតិ​ឈុត​ធំ​១៧៥​ប្រកួត​មកហើយ ។ បើ​និយាយ​ពី​និយាយ​ពី​ព្រឹត្តិការណ៍ World Cup វិញ អ្នកចាំទី​ដៃ​ស្អិត​រូបនេះ​បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​អ៊ីតាលី​រហូតដល់​ទៅ​៥​ជំនាន់​ឯណោះ ។​

​ឆ្នាំ​១៩៩៨ ជា​ឆ្នាំ​ដំបូង​ដែល Buffon បាន​ក្លាយជា​អ្នកចាំទី​វ័យក្មេង​របស់​ជម្រើសជាតិ​អ៊ីតាលី​ក្នុង​ព្រឹត្តិការណ៍ World Cup ហើយ​គ្រា​នោះដែរ​រូបគេ​បាន​ជួយ​ជម្រើសជាតិ​អ៊ីតាលី​ឆ្លងមកដល់វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​ម្ចាស់ផ្ទះ​បារាំង​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ។ បន្ទាប់មក World Cup 2002 Buffon ជួយ​ជម្រើសជាតិ​ខ្លួន​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​ចាញ់​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ។​

​ក្រឡេក​មក​មើល​ព្រឹត្តិការណ៍ World Cup 2006​វិញ​ជា​ឆ្នាំ​ជោគជ័យ​បំផុត​របស់​អ្នកចាំទី Buffon ដោយ​រូបគេ​បាន​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ World Cup ជា​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ឈ្នះ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ជាមួយ​បារាំង​ក្នុង​លទ្ធផល ៥​ទល់នឹង​៣ ។ លុះដល់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១០ និង ២០១៤ Buffon មិនអាច​ដឹកនាំ​ជម្រើសជាតិ​អ៊ីតាលី​ឆ្លង​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​បានទេ គឺ​បាន​ត្រឹម​ហាលអាវ​វគ្គ​ចែក​ពូ​ល​ប៉ុណ្ណោះ ។​

 ​ងាក​មក​មើល​ព្រឹត្តិការណ៍ EURO វិញ Buffon ក៏​ធ្លាប់បាន​ជួយ​អ៊ីតាលី​រងជើង​ឯក​ម្តង​ដែរ​កាល​ឆ្នាំ​២០១២ ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ ។ លើសពីនេះ Buffon ក៏​ធ្លាប់ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​មេដាយសំរិទ្ធ​ក្នុង​ព្រឹត្តិការណ៍ FIFA Confideration Cup ម្តង​ដែរ​កាលពី​ឆ្នាំ ២០១៣ ។​

គួរបញ្ជាក់​ជូន​ផងដែរ​ថា​មុន Buffon ក្លាយជា​អ្នកចាំទី​របស់​ជម្រើសជាតិ​អ៊ីតាលី ប្រទេសមួយ​នេះ​ធ្លាប់​ឈ្នះ​ពាន់ World Cup ចំនួន​៣​លើក​មកហើយ គឺ​ឆ្នាំ​១៩៣៤, ១៩៣៨ និង​ឆ្នាំ​១៩៨២ ៕​

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.