ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​បែកការណ៍​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍ ! បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ទឹកកក​ទើប​ធ្លាយ​ដឹងថា SIENNA លួច​ដឹក​ម៉ូតូ​គេចពន្ធ​

​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៦ និង​១៥​នាទី​ព្រឹក​នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ត្រង់ចំណុច​ផ្លូវកែង​ជាប់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង គឺ​រថយន្ត​ម៉ាក Toyota SIENNA មួយគ្រឿង​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ទៀត រហូត​បែកការណ៍​ដឹងថា រថយន្ត​ម៉ាក Toyota SIENNA ដឹកជញ្ជូន​ទោចក្រយានយន្ត​គេចពន្ធ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-4237 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​បុរស​ឈ្មោះ កែវ ច័ន្ទ​សុភ័ក្ត្រ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង​ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Toyota SIENNA ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-9635 ចរាចរណ៍​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ជាមួយនឹង​ល្បឿន​យ៉ាង​លឿន​បើកបរ​ដោយ​បុរស​ឈ្មោះ គូ លាង​ចិន អាយុ​២៧​ឆ្នាំ ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត SIENNA ជ្រុល​ទៅបុក​បង្គោល​ភ្លើង និង​រថយន្ត​ដឹក​ទឹកកក​ជ្រុល​ទៅបុក​ដើមឈើ​មួយ​ដើម ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​នៅពេល​សមត្ថកិច្ច​សាកសួរ​នាំ​បុរស​អ្នកបើកបរ​រថយន្ត SIENNA បែរជា​បុរស​រូបនេះ​ធ្វើ​សកម្ម​ភាពមិន​គប្បី​ដោយ​មិន​ចង់​ផ្តល់​អត្តសញ្ញាណ​ដល់​សម​ត្ថ​កិច្ច ។ ក្នុងស្ថានភាព​សង្ស័យ​បែបនេះ សមត្ថកិច្ច​ក៏បាន​ឆែកឆេរ​រថយន្ត​ម៉ាក Toyota SIENNA ដែលមាន​បិទ​កញ្ចក់​ពណ៌​ខ្មៅ​ផង​នោះ រកឃើញ​ទោចក្រយានយន្ត​ម៉ាក Honda Scoopy គេចពន្ធ​ចំនួន​៣​គ្រឿង ។

​បច្ចុប្បន្ន រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ខណៈ​ទោចក្រយានយន្ត​ម៉ាក Honda Scoopy ដែល​គេចពន្ធ​នោះ​ត្រូវបាន​សមត្ថកិច្ច​គយ​ឃាត់ទុក​ផងដែរ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លាន់មាត់​ថា រថយន្ត​ល្មើស​បានធ្វើ​សកម្មភាព​ដឹក​ម៉ូតូ​គេចពន្ធ​ពី​ព្រំដែន​ឆ្លងកាត់​បណ្តា​ខេត្ត​ជាច្រើន បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិនដឹង លុះត្រាតែ​រថយន្ត​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទើប​ឆែក​រកឃើញ​មាន​ដឹក​ម៉ូតូ​គេចពន្ធ ។ ផ្ទុយទៅវិញ បើ​មិន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទេនោះ គឺ​រថយន្ត​ល្មើ​សនឹង​ចរាចរណ៍​ចូល​មកដល់​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​មិន​ខាន (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.