ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​គេច​មិន​ផុតពី​គុក ! ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្នុង​រឿង​ចេញ​មូល​ប្ប​ទា​នប​ត្រ (​សែក​) គ្មាន​សាច់ប្រាក់​ជាង​១​លាន​ដុល្លារ

ទីបំផុត លោក​ឧកញ៉ា ជួប ច័​ន្ធ អាយុ​៤៥​ឆ្នាំ ជា​អ្នកជំនួញ​ខាង​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​ត្រូវបាន​លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ PJ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រោម​ការចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ជាង​១​លាន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​លោក​ឧកញ៉ា គឹម កៅ ត្រូវជា​កូនប្រុស​លោក​ឧកញ៉ា គឹម ហាប់​) ។​

​ដំណើរការ​ឃុំខ្លួន​លោក​ឧកញ៉ា ជួប ច័ន្ទ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​នេះ​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ។

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​មកកាន់​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ប៉ុន្តែ​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​តុលាការ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា ជួប ច័ន្ទ មានការ​រកស៊ី​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​គឹម ហាប់ ដែលមាន​លោក​ឧកញ៉ា គឹម កៅ ជា​នាយក​ក្រុមហ៊ុន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក ។ ក្រោយមក លោក​ឧកញ៉ា គឹម កៅ បានទាមទារ​ប្រាក់​នោះ​វិញ​ទើប​លោក​ឧកញ៉ា ជួប ច័ន្ទ ចេញ​មូល​ប្ប​ទា​នប​ត្រ (​សែក​) មានតម្លៃ​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អាមេរិក ដោយ​កំណត់​ឲ្យ​បើក​នៅ​ធនាគារ​នា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ ។ ពេល​លោក​ឧកញ៉ា គឹម កៅ ទៅ​បើកប្រាក់​នោះ ត្រូវបាន​ខាង​ធនាគារ​បញ្ជាក់ថា មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ទេ ។ បន្ទាប់មកទៀត ខាង​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា គឹម កៅ ក៏បាន​ដាក់ពាក្យ​ប្តឹង​លោក​ឧកញ៉ា ជួប ច័ន្ទ ទៅ​សមត្ថកិច្ច​ប៉ូលិស​តែម្តង ។​

​លោក ជួប ច័ន្ទ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៨/១០១ ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០០៨ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.