ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ជួប​ទៀតហើយ ! មានការ​ប្តឹង​ឃាត់​រថយន្ត​ទំនើប​ម៉ាក Lexus ពីរ​គ្រឿង​មាន​ពណ៌​ដូចគ្នា និង​ពាក់​ស្លាក​លេខ​ដូចគ្នា​

មាន​ហេតុការណ៍​គួរ​ឲ្យ​ហួសចិត្ត​មួយទៀត​ហើយ​កើតឡើង​នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយ​រថយន្ត​ទំនើប​ម៉ាក Lexus ពីរ​គ្រឿង​មាន​ពណ៌​ដូចគ្នា និង​ពាក់​ស្លាក​លេខ​ដូចគ្នា​រហូត​បង្ក​ឲ្យ​ភាគី​ម្ចាស់​រថយន្ត​ម្ខាង​ភ្ញាក់ផ្អើល និង​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​ឃាត់​រថ​យន្ត​ភាគី​ម្ខាង​ទៀត​ដើម្បី​បញ្ជាក់​នូវ​ឯកសារ​ស្វែងរក​ការពិត ខុស​-​ត្រូវ ស​-​ខ្មៅ ។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ភាគី​ម្ចាស់​រថយន្ត​ម្ខាង​ដែល​ប្តឹង​មក​សមត្ថកិច្ច​នោះ ជា​ម្ចាស់​ភោជនីយដ្ឋាន​ហាវ អាន ហៅ តា​ម៉ាប់ ប្រើប្រាស់​រថយន្ត​ម៉ាក Lexus ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-6345 ខណៈ​រថយន្ត​ម្ខាង​ទៀត​ដែលមាន​ម៉ាក​ដូចគ្នា ពណ៌​ដូចគ្នា ពាក់​ស្លាក​លេខ​ដូចគ្នា ត្រូវបាន​គេ​ដឹងថា មាន​ម្ចាស់​រស់នៅ​រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ។​

​ប្រការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថែមទៀត​នោះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ឆែកឆេរ​បញ្ជីស្នាម​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទើប​ដឹងថា ម្ចាស់​រថយន្ត​ម្ខាង​ទៀត​ដែល​ទទួលរង​ការប្តឹង ជា​កូន​របស់​អ្នកប្តឹង (​ដើមបណ្តឹង​) ដែល​ប្រើប្រាស់​រថយន្ត​ម៉ាក Lexus RX350 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-6345 ទៅវិញ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​បែបនេះ គឺ​ប្រាកដ​ជាមាន​រថយន្ត​មួយគ្រឿង​នាំចូល​ដោយ​មិន​បង់ពន្ធ​គេចវេះ​រួច​ពី​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច​គយ​ច្រកទ្វារ​នាំចូល ប៉ុន្តែ​ត្រូវបាន​យកមក​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ដែល​អាចមាន​ការទាក់ទិន​នឹង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ក៏មាន​លេចចេញ​រូប​ភាពមិនប្រក្រតី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​ដោយ​រថយន្ត​ម៉ាក Toyota PRUIS ពណ៌​ស ពីរ​គ្រឿង​បែរជា​ពាក់​ស្លាក​លេខ​ដូចគ្នា​បេះបិទ គ្រាន់តែ​ខុស​ទម្រង់​តួ​ស្លាក​លេខ​តូច​-​ធំ ប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.