ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស​ចំនួន​៤​ដំណាលគ្នា​ជូន​សព​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ជា​កិ​ច្ចប​ច្ឆា​មរណៈ​

ស្ថាបត្យករ​ដ៏​ល្បីល្បាញ​បំផុត និង​ប្រកបដោយ​ស្នាដៃ​របស់​កម្ពុជា គឺ​ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​លាចាក​លោក​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅក្នុង​ជន្មាយុ​៩១​ឆ្នាំ​ដោយ​ជរាពាធ​នៅ​គេហដ្ឋាន​របស់​ឯកឧត្តម នា​ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​ដំណាលគ្នា​នេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ចំនួន​៤​ជូន​សព​ឯកឧត្តម ជា​កិ​ច្ចប​ច្ឆា​មរណៈ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៩៣ ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​គ្រឿង​ឥស្សរិយយស​ទាំង​៤​ដែល​ព្រះករុណា​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ចំពោះ​សព​ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ ជា​កិ​ច្ចប​ច្ឆា​មរណៈ​នោះ​រួមមាន ៖ ១-​គ្រឿង​ឥស្សរិយយស ជា​តូប​ការ​, ២-​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​, ៣-​គ្រឿង​ឥស្សរិយយស សុវត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​៤-​គ្រឿង​ឥស្សរិយយស សម្តេចព្រះ​មហាក្សត្រី​យា​នី​ព្រះស៊ីសុវត្ថិ មុនី​វង្ស កុសុមៈ​នារីរត្ន ថ្នាក់​មហា​សេរី​វឌ្ឍន៍ ។​

​ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦​នា​ខេត្តកំពត ។ ឯកឧត្តម​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​១៩៤៦ ព្រមទាំង​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ​លើ​ការតាំង​ទីលំនៅ​របស់​ម​នុស្ស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ ឯកឧត្តម គឺជា​ស្ថាបត្យករ​នាំមុខគេ និង​បង្កើត​ស្នាដៃ​ជាច្រើន​ក្នុង​ចលនា​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី​របស់​កម្ពុជា ។​

​ស្នាដៃ​ចម្បងៗ​ដែល​បន្សល់ទុក​របស់​ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ រួមមាន ៖ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក វិមានឯករាជ្យ សាលសន្និសីទ​ចតុមុខ សំណង់ «​ផ្ទះ​១០០» ដែល​ត្រូវបាន​សាងសង់​សម្រាប់​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ស្នាក់នៅ (១៩៦៥-១៩៦៧) វិមាន​រដ្ឋ​ចំការមន សាល​មហោស្រព​ជាតិ​សុរា​ម្រឹត វិទ្យាស្ថាន​ភាសាបរទេស អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​…​។​ល​។

​មរណភាព​របស់​ឯក​ឧ​ត្ត​ម វណ្ណ ម៉ូលីវណ្ណ គឺជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​មាន​កិត្តិយស និង​ស្នាដៃ​ធំធេង​បំផុត​របស់​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.