ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ដល់​ម៉ោង​រក​ខុស​-​ត្រូវ​ហើយ ! កំពុង​បើកបរ​ស្រាប់តែ​ភ្ញាក់​ព្រើត​ព្រោះ​ប្រទះឃើញ​រថយន្ត PRUIS ពីរ​គ្រឿង​ពាក់​ស្លាក​លេខ​ដូចគ្នា

កាលពី​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ នៅត្រង់ចំណុច​បណ្តោយ​ផ្លូវ​លេខ​១៦៣ សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បុរស​ម្នាក់​ដែលមាន​មុខរបរ​ជា​សិល្បករ​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយពេល​កំពុង​បើកបរ​រថយន្ត​របស់ខ្លួន​ម៉ាក Toyota PRUIS តាម​ដងផ្លូវ​សាធារណៈ ស្រាប់តែ​ប្រទះឃើញ​រថយន្ត​ម៉ាក Toyota PRUIS មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ដូចគ្នា​បេះបិទ​នឹង​រថយន្ត​របស់ខ្លួន ទើប​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​នគរបាល​ដើម្បី​ឃាត់​រថយន្ត​ទាំងពីរ​គ្រឿង​យកមក​សួរនាំ​រក​ឯកសារ​បញ្ជា​ក់​អំពី​ភាពត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ​តែម្តង ។​

​យោងតាម​សម្តី​របស់​បុរស​ឈ្មោះ លី តារា អាយុ​២៥​ឆ្នាំ មុខរបរ​ជា​សិល្បករ ស្នាក់នៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា រថយន្ត​ម៉ាក Toyota PRUIS ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-3108 ដែល​ខ្លួន​ប្រើប្រាស់ គឺ​បាន​ទិញ​បន្ត​ពី​គេ​នា​ខែមករា ឆ្នាំ​២០១៧ ។ កន្លងមក​ខ្លួន​ធ្លាប់បាន​ទៅ​បង់ពន្ធ​ផ្លូវ​នៅ​សាខា​ពន្ធដារ​ដែរ​ស្រាប់តែ​ខាង​មន្ត្រី​ពន្ធដារ​បញ្ជាក់​តប​វិញ​ថា រថយន្ត​ប្រភេទ​នេះ​មាន​គេ​បង់ពន្ធ​រួចហើយៗ ខ្លួន​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​២​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ស្រាវជ្រាវ ។​

​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក Toyota PRUIS ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-3108 រូបនេះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ខ្លួន​កំពុង​បើកបរ​រថយន្ត​តាម​ដងផ្លូវ​សាធារណៈ​ស្រាប់តែ​ប្រទះឃើញ​រថយន្ត​ម៉ាក Toyota PRUIS មួយគ្រឿង​ទៀត​កំពុង​ចត​លើ​ចិញ្ចើមផ្លូវ​ក្បែរ​វត្ត​មហាមន្ត្រី​ដោយ​ពាក់​ស្លាក​លេខ​ដូចគ្នា​បេះបិទ​នឹង​រថយន្ត​របស់ខ្លួន ទើប​ខ្លួន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ឃាត់​រថយន្ត​ទាំងពីរ​គ្រឿង រួមទាំង​ម្ចាស់​រថយន្ត​យកមក​សាកសួរ​ដើម្បី​វ​បញ្ជា​ក់រក​ខុស​-​ត្រូវ ស​-​ខ្មៅ ។​

​បន្ទាប់ពី​ឃាត់​រថយន្ត​ទាំងពីរ​គ្រឿង​ដែលមាន​ភិនភាគ​ដូចគ្នា ពាក់​ស្លាក​លេខ​ដូចគ្នា និង​នាំ​ម្ចាស់​រថយន្ត​មក​សាកសួរ​ដើម្បី​ឲ្យ​បង្ហាញ​ឯកសារ​រៀងៗ​ខ្លួន​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​តាមច្បាប់​រួចមក សមត្ថកិច្ច​ក៏បាន​ពិនិត្យឃើញថា រថយន្ត​របស់​បុរស​ឈ្មោះ លី តារា មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ រីឯ​ម្ចាស់​រថយន្ត​មួយគ្រឿង​ទៀត​មិនមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ទេ ដែល​អាច​និយាយបានថា «​ក្លែង​ឯកសារ​» ។

​ទីបំផុត សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​បុរស​ឈ្មោះ លី តារា ដែលមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​បើកបរ​រថយន្ត​ត្រឡប់​ទៅវិញ និង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​មិនមាន​ឯកសារ​ត្រឹមត្រូវ​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ពិតប្រាកដ​ដែល​ថ្លើមធំ​ហ៊ាន​ក្លែងបន្លំ​ឯកសារ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.