ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​អេះ​មិន​ចំ​កន្លែង​រមាស់ ! រឿង​អាវ​សរសេរ​អក្សរ​ថា «Police» ឬ «Army» សមត្ថកិច្ច​ចាប់​ត្រឹម​អ្នក​ពាក់ តែ​មិន​បង្ក្រាប​អ្នក​ផលិត និង​អ្នកលក់

កាលពី​រាត្រី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្នុងឱកាស​ដើរលេង​កម្សាន្ត​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​កន្លងទៅ​ថ្មីៗ មាន​មនុស្ស​ប្រុស​-​ស្រី ប្រមាណ​ជាង​១០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ព្រោះតែ​ពាក់អាវ​មាន​សរសេរ​អក្សរ​ថា «Police» ឬ «Army» ។

​មនុស្ស​ប្រុស​-​ស្រី ដែល​ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​នាឱកាស​ដើរលេង​កម្សាន្ត​បុណ្យអុំទូក នៅមុខ​ព្រះបរមរាជវាំង​ដោយសារ​ពាក់អាវ​សរសេរ​អក្សរ​ថា «Police» ឬ «Army» នោះ បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ពេល​ដើរលេង​បុណ្យអុំទូក គាប់​ជួន​មាន​អាកាសធាតុ​ត្រជាក់ ពួកខ្លួន​ក៏បាន​ទិញ​អាវ​រងា​មាន​សរសេរ​អក្សរ​ថា «Police» ឬ «Army» យកមក​ពាក់ ដើម្បី​បំបាត់​ភាព​រងា ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​រឹបអូស​យក​អាវ​រងា​នោះ​តែម្តង ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ឲ្យ​ដឹងថា អាវ​រងា​ដែល​សរសេរ​អក្សរ​ថា «Police» ឬ «Army» នោះ​ត្រូវបាន​គេ​បោះពុម្ព​ផលិត​ដាក់លក់​នៅ​ផ្សារ​ទឹកថ្លា រាជធានី​ភ្នំពេញ​ដូច​ការលក់​សព្វាវុធ គ្រាប់រំសេវ ព្រមទាំង​ឯកសណ្ឋាន​កងទ័ព​-​ប៉ូលិស​អ៊ីចឹង​ដែរ រួចហើយ​ក៏ត្រូវ​បាន​គេ​យកទៅ​ដាក់លក់​បន្តទៀត​យ៉ាង​ពាសវាល​ពាសកាល ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ទោះបី​មនុស្ស​ដែល​ប៉ូលិស​ចាប់ខ្លួន​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​មែន ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ចាត់​នីតិវិធី​បន្ត​ឈានទៅ​ចាប់ខ្លួន​អ្នក​ផលិត និង​អ្នកលក់​អាវ​សរសេរ​អក្សរ​ថា «Police» ឬ «Army» ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​នោះទេ គឺ​បាន​ត្រឹម​ចាប់ខ្លួន​មនុស្ស​អ្នក​ពាក់អាវ និង​រឹបអូស​យក​អាវ ធ្វើ​ឲ្យ​អ្នកទិញ​ខាតបង់​ផលប្រយោជន៍​ប៉ុណ្ណោះ ប្រៀប​ដូច​ពាក្យ​ថា «​អេះ​មិន​ចំ​កន្លែង​រមាស់​» ដែល​មិន​អាចធ្វើ​ឲ្យ «​បាត់​រមាស់​» បានឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.