ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ដែលជា​ទាហាន​ត្រូវបានតែងតាំង​ក្នុង​ក្រុមការងារ​អនុវត្ត​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​

ដោយ​អះអាងថា យោងតាម​តម្រូវ​ការចាំបាច់ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ បាន​បង្កើត​ក្រុមការងារ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ ដោយ​សេចក្តីសម្រេច​លេខ​៨៩​សសរ ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧ ដែល​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា ហ៊ុន ម៉ា​ណែ​ត ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក៏ត្រូវ​បានតែងតាំង​ឲ្យ​ឋិត​នៅ​ជា​សមាជិក​ក្រុមការងារ​នេះ​ផងដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ ទទួលបាន​ការតែងតាំង​ជា​សមាជិក​នៃ​ក្រុមការងារ​នេះ​ឋិត​ក្នុង​ក្របខ័ណ្ឌ​មុខតំណែង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ។​

​ក្រុមការងារ​នេះ​មាន​សមាសភាព​ចំនួន​១២​នាក់ ក្នុងនោះ​ឯកឧត្តម ជួ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន និង​១១​នាក់​ទៀត​ជា​សមាជិក ។ ក្រុមការងារ​នេះ​មាន​ភារកិច្ច និង​តួនាទី​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ និង​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា និង​លើក​យោបល់​ជូន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ក្រុមការងារ​នេះ​មាន​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជា​លេខាធិការដ្ឋាន ។

​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​នេះដែរ មានកូន​ប្រសា​ប្រុស​របស់​បុរស​ខ្លាំង​ម្នាក់​ដែលជា​អ្នកជំនួញ​ដ៏​សកម្ម​ផង គឺ​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​អភិបាល​ក្រុមហ៊ុន Kids City Asia Company Limited និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.