ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

បើក​ខ្ទង់​ចាយលុយ ! រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំណាយ​ប្រាក់​១​លាន​ដុល្លារ​លើ​ការរៀបចំ​កម្មវិធី​សំណេះសំណាល និង​សួរសុខទុក្ខ​កម្មករ​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលមាន​ឯកឧត្តម អ៊ិត សំហេង ជា​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ បានសម្រេច​ទម្លាក់​ថវិកា​ជាតិ​ចំនួន​៤​ពាន់​លាន​រៀល (​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​) ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចាយវាយ​សម្រាប់​រៀបចំ​ក​ម្ម​វិធី​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ និយោជិត ។​

​ឈានចូល​មកដល់​ឆ្នាំ​២០១៧​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​ចាត់ចែង​កម្មវិធី​ជូន​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួប​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ និយោជិត​នៅតាម​ទីតាំង​ផ្សេងៗ​យ៉ាងសកម្ម​បំផុត ដោយ​មានការ​ផ្តល់នូវ​លុយកាក់​ដល់ក​ម្មករ និយោជិត​ពេល​ចុះសួរសុខទុក្ខ​នោះ​ទៀតផង ។​

​គួរបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១៦ ២០០​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់បាន​បែងចែក​មក​ជំពូក​៦២ (​អត្ថប្រយោជន៍​សង្គម​) ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ក្នុងនោះ​ថវិកា​ចំនួន​១២ ២០០​លាន​រៀល​(​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ផ្តល់ជូន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ថវិកា​៤​ពាន់​លាន​រៀល​(​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ចំណាយ​រៀបចំ​កម្មវិធី​ជួប​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ និយោជិត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.