ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

អច្ឆរិយៈ​តែមួយ​គ្មាន​ពីរ ! ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី តែ​អាចធ្វើ​មេបក្សនយោបាយ និង​ប្តឹង​រំលាយ​បក្ស​ដទៃ​បាន​យ៉ាង​ខែងរ៉ែង​

ក្រោយពេល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី យាង​ឡើង​គ្រង​រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ​៤​ឆ្នាំ ព្រះរាជ​បុត្រា​មួយអង្គ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ និង​អតីត​ព្រះមហាវីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន​ការតែងតាំង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៨/១៣០៥ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០០៨ ។​

​រហូតមកទល់​សព្វថ្ងៃ​នេះ​មិនទាន់​ឃើញ​មាន​ព្រះរាជក្រឹត្យ​ណាមួយ​ត្រាស់បង្គាប់​និរាករណ៍​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៨/១៣០៥ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០០៨ ដែល​តែងតាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឬ​បញ្ចប់​តំណែង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នោះ​នៅឡើយ​ទេ ។​

​ពាក់ព័ន្ធ​នឹង​មុខតំណែង​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ មាន​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ចំនួន​៣ ដែល​អាច​ចាត់ទុកថា ជា​ប្រការ​អច្ឆរិយៈ​តែមួយ​គ្មាន​ពីរ គឺ ៖

១-​ព្រះរាជក្រឹត្យ​ត្រូវបាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០០៨ តែ​ព្រះរាជក្រឹត្យ​នេះ​បែរជា​បាន​បញ្ជាក់ថា «​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០០៨» ។​

២-​ព្រះរាជក្រឹត្យ​នេះ​មិនបាន​ឃើញ​យកទៅ​បោះពុម្ព​ផ្សព្វផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​ឲ្យ​ស្របទៅតាម​មាត្រា​៩៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​១៣ នៃ​ច្បាប់​ស្តីពី​កា​រៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ព្រមទាំង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១២​សរ​ណន ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តីពី​កាតព្វកិច្ច​កសាង​រាជកិច្ច​ឡើយ ។​

៣-​ទោះបី​កាន់​មុខតំណែង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី និង​ខណៈ​ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​ក្តី បែរជា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាច​ធ្វើជា​ព្រះប្រធាន​គណបក្សនយោបាយ «​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​» និង​អាច​ប្រើប្រាស់​សិទ្ធិ​ប្តឹង​រំលាយ​គណបក្សនយោបាយ​ដទៃ​ដែលមាន​អរិភាព​ជាមួយ​ព្រះអង្គ (​គណបក្ស​សង្គ្រោះ​ជាតិ​- CNRP) ជា​គណបក្សនយោបាយ​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ទៅកាន់​ក្រសួងមហាផ្ទៃ​យ៉ាង​ហំ​ហាន ។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះជន្ម​៧៤​ព្រះវស្សា ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១​យ៉ាង​ហ៊ឺហា ធ្លាប់​កាន់តំណែង​ជា​ប្រធានរដ្ឋសភា​យ៉ាង​មាន​កិត្តិយស ធ្លាប់​ដឹកនាំ​គណបក្សនយោបាយ​ពី​ទទួលបាន​អាសនៈ​ចំនួន​៥៨​នៅក្នុង​រដ្ឋសភា​រហូត​ទទួលបាន​០​អាសនៈ និង​ធ្លាប់​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ចំនួន​២​លើក ក្រោម​កំហឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​ធ្លាប់​ទទួលបាន​ការលើក​លែង​ទោស​វិញ​ចំនួន​២​លើក​ដែរ​ក្រោយ​ពេលធ្វើ​នយោបាយ​ត្រូវដង​ត្រូវផ្លែ និង​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា (​លើក​ទី​១​ឆ្នាំ​១៩៩៨ និង​លើក​ទី​២​ឆ្នាំ​២០០៨) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.