ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

សូម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រាប់​ផង ! តើ​ពាក្យ​ថា «​តំណែង​» គប្បី​សរសេរ​ដូចម្តេច​ទើប​ត្រឹមត្រូវ ដ្បិត​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​សរសេរ​ខុសគ្នា ?

ត្រឹម​ពាក្យ​ថា «​តំណែង​» ជា​អក្សរ​ខ្មែរ​តែមួយ​ក៏​ព្រះរាជក្រឹត្យ​ចេញ​ដោយ​ស្ថាប័ន​ព្រះមហាក្សត្រ (​ឬ​ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​) តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខា​ផ្ទាល់​ដោយ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ក៏​សរសេរ​មិន​ស៊ីចង្វាក់ (​ខុសគ្នា​) ដែរ គឺ​ព្រះរាជក្រឹត្យ​សរសេរថា «​ដំណែង​» រីឯ​អនុក្រឹត្យ​សរសេរថា «​តំណែង​» ។

​ព័ស្តុតាង​ជាក់ស្តែង​ជា​ឧទាហរណ៍​មួយ​បាន​បង្ហាញថា ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៧៣ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ឯកឧត្តម អះ​ម៉ាត់ យ៉ះ​យ៉ា ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នោះ ពាក្យ «​តំណែង​» ត្រូវបាន​សរសេរថា «​ដំណែង​» ។

​ដោយឡែក អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​លេខ​១០០២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការតែងតាំង​លោក ស្រ៊ុន ស្រ៊ន់ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និងអនុក្រឹត្យលេខ១០០៤អនក្រ.តត ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្តីពីការតែងតាំងលោក ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ និងលោ នៃ ចារី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ឲ្យកាន់មុខតំណែង ជាអភិបាលរងនៃគណអភិបាលខេត្តកណ្តាល សម្រាប់​អាណត្តិ​ទី​២​ក្នុង​ដែន​សមត្ថកិច្ច​ដដែល​នោះ ពាក្យ «​តំណែង​» ត្រូវបាន​សរសេរថា «​តំណែង​» ។

​អនុលោម​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ គឺ​ពាក្យ «​តំណែង​» ជា​នាមសព្ទ (​ន​.) បញ្ជាក់ថា «​អ្វីៗ​ដែល​គេ​តែង​។ របៀប​លំដាប់​កិត្តិយស​មន្ត្រី​, មុខក្រសួង​, មុខងារ​, មុខការ : លាចាក​មុខតំណែង​, ដាក់​ឲ្យ​នៅក្រៅ​តំណែង ។​» រីឯ​ពាក្យ «​ដំណែង​» ជា​កិរិយាសព្ទ (​កិ​.) បញ្ជាក់ថា «​កាឡាខ្លួន​, ប្រែកាឡា​, ប្រែ​ភេទ​ឲ្យ​មាន​បែប​ផ្សេង​ទីទៃ​ពី​រូប​ដើម​, ពី​ភេទ​ដើម : យក្ស​ដំណែង​ខ្លួន​ជា​ប្រើ​សមាស ។ វេ​វ​. និម្មិត​, និរ្មិត ។ កុំ​សរសេរ តំណែង ។​» ។​

​ក្រុមអ្នកច្បាប់ និង​អ្នក​អភិរក្ស​អត្តសញ្ញាណ​អក្សរសាស្ត្រ​ខ្មែរ​មួយចំនួន​បានលើកឡើង​ថា ដោយសារ «​ព្រះរាជក្រឹត្យ​» មាន​លំដាប់​គតិយុត្ត​ខ្ពស់ជាង «​អនុក្រឹត្យ​» ហើយ​ពាក្យ «​តំណែង​» ត្រូវបាន​ព្រះរាជក្រឹត្យ​សរសេរថា «​ដំណែង​» និង​អនុក្រឹត្យ​សរសេរថា «​តំណែង​» ដោយ​ទីទៃ​ពីគ្នា ។ ដូច្នេះ តើ​ពាក្យ «​តំណែង​» គប្បី​ត្រូវ​សរសេរ​តាម​ព្រះរាជក្រឹត្យ ឬ​ត្រូវ​សរសេរ​តាម​អនុក្រឹត្យ ឬ​ត្រូវ​សរសេរ​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ទើប​ត្រឹមត្រូវ ? សូម​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​គ្រប់គ្រង និង​ទទួលខុសត្រូវ​លើ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ព្រមទាំង​លោក​បណ្ឌិត នៅ ស៊ុន ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ មេត្តាជួយ​ប្រាប់​ផង​ទាន ! ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.