ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ធ្លាយ​សាច់រឿង​ថ្មី ! អាន និង​ស្តាប់​លោក​ឧកញ៉ា តែ តាំង​ប៉ បកស្រាយ​អំពី​ករណី​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ចោទថា «​បិទផ្លូវ​សាធារណៈ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​»

​កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ធ្លាប់បាន​ផ្សព្វផ្សាយ​នៅ​អត្ត​បទ​ព័ត៌មាន​មួយ​មាន​ចំណងជើង​ថា «​កំហឹង​មេទ័ព​ប៉ះ​អំណាច​ឧកញ៉ា ! ចំណាត់ការ​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ទទួលរង​ការប្តឹង​ពី​ឧកញ៉ា តែ តាំង​ប៉ ពាក់ព័ន្ធ​ការ​វាយរបង​បើកផ្លូវ​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​វិញ​» ដែល​អត្ត​បទ​ព័ត៌មាន​នេះ​បានលើកឡើង​អំពី​ករណី​លោក​វរ​នា​វី​ឯក អឿ សារឿន ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​កង​ទ័ពជើងទឹក​រាម ដឹកនាំ​កងកម្លាំង​ចុះ​វាយរបង​ថ្ម​លោក​ឧកញ៉ា តែ តាំង​ប៉ ឋិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា អះអាងថា ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​ប្រើប្រាស់​ជា​សាធារណៈ ។​

​បន្ទាប់ពី​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដូច​លើកឡើង​ខាងលើ​រួចមក នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ លោក​ឧកញ៉ា តែ តាំង​ប៉ បានធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​មួយច្បាប់​ជូន​មក​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដើម្បី​ប្រើប្រាស់​សិទ្ធិ​បកស្រាយ​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖

​អនុលោម​តាម​ការបំភ្លឺ​បកស្រាយ រួមជាមួយ​នឹង​ឯកសារ​ព័ស្តុតាង​បង្ហាញជូន​ដោយ​លោក​ឧកញ៉ា តែ តាំង​ប៉ គឺ​ករណី​កើតឡើង​មានការ​ពាក់ព័ន្ធ​នឹង​ទីតាំង​ដីធ្លី​មួយកន្លែង​ទំហំ​៤៩ ៤១៦​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​កម្មសិទ្ធិ​របស់លោក​ឧកញ៉ា តែ តាំង​ប៉ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ព​.​ន​០០៧៧៣១ (CII0589) ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០០៧ «​អតីត​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ព​.​ន​០០៤៣១៨ (CII0372) ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៩៧» ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ជាមួយ​របង​ដី​របស់លោក​ឧកញ៉ា យ៉ែម កុសល (​បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PPT ដែល​ជួល​ពី​អង្គភាព​មូលដ្ឋាន​កងទ័ពជើងទឹក​) ។

​អំឡុង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០០៧​កន្លងទៅ​កងកម្លាំង​ទាហានជើងទឹក​រាម ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​មនា​វី អ៊ុក សីហា ធ្លាប់បាន​ចុះ​វាយ​រុះរើ​របង​ហ៊ុំព័ទ្ធ​ដី​របស់លោក​ឧកញ៉ា តែ តាំង​ប៉ រួច​ម្តងមកហើយ ប៉ុន្តែ​ដោយមាន​ការសម្របសម្រួល​ពី​លោក ងួន ប៊ុន​ណា ជា​ទាហាន​មូលដ្ឋាន​សមុទ្រ​រាម និង​ជា​សាក្សី​ដឹងឮ​លើ​ការទិញ​-​លក់​ដី​រវាង​លោក​ឧកញ៉ា តែ តាំង​ប៉ និង​អង្គភាព​មូលដ្ឋាន​សមុទ្រ​រាម​នោះ ទើប​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០០៨ លោក​ឧកញ៉ា តែ តាំង​ប៉ បានផ្តល់​ថវិកា​ចំនួន​៥៣ ៥០០​ដុល្លារ​អាមេរិក​ជូនទៅ​លោក​ឧ​ត្ត​មនា​វី អ៊ុក សីហា តាម​មូល​ប្ប​ទា​នប​ត្រ​លេខ​០០៧៦២៧៤ ។ បន្ទាប់ពី​លោក​ឧ​ត្ត​មនា​វី អ៊ុក សីហា បានទទួល​លុយកាក់​រួចហើយ កងកម្លាំង​ទាហានជើងទឹក​រាម​ក៏បាន​ដកចេញ​ដែរ ទើប​លោក​ឧកញ៉ា តែ តាំង​ប៉ ធ្វើ​របង​ថ្ម​ដោយ​រៀប​ឥដ្ឋ​២០​ដើម្បី​ការពារ​ដីធ្លី​ជា​កម្មសិទ្ធិ​តាំងពី​ពេលនោះ​មក ។

​ស្រាប់តែ នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ កងកម្លាំង​ទាហានជើងទឹក​រាម ក៏បាន​ចុះមក​វាយកម្ទេច​របង​ថ្ម​របស់លោក​ឧកញ៉ា តែ តាំង​ប៉ សាជាថ្មី​ទៀត​តាម​ការបញ្ជា​ពី​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ក្រោម​ការ​អះអាងថា «​បើកផ្លូវ​សាធារណៈ​» ហើយក៏​បង្ក​ឲ្យ​មានការ​ប្តឹងផ្តល់​ទៅដល់​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​តែម្តងទៅ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.