ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ដល់ពេល​ទ្រាំលែងបាន ! មន្ត្រីរាជការ​ម្នាក់​ប្តឹង​ទីប្រឹក្សា​បុរស​ខ្លាំង អតីត​ចៅហ្វាយ​ក្រុងភ្នំពេញ​រឿង​សាងសង់ «​ខុន​ដូ​» បង្ក​ឲ្យ​មានការ​បាក់ស្រុត​លំនៅឋាន​កំពុង​រស់នៅ

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដន​ស​) បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ លោកស្រី កែវ ណា​ទី អាយុ​៥៧​ឆ្នាំ ជា​មន្ត្រីរាជការ​ម្នាក់ បម្រើ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម បានដាក់​ពាក្យបណ្តឹង​គោរព​ជូន​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដន​ស ដោយ​ប្តឹង​ឯកឧត្តម ប៉ា សុជាតិ​វង្ស អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ (​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) និង​លោកជំទាវ អ៊ួ​ន សុ​វណ្ណា​រិន្ទ ជា​ម្ចាស់​ដី​ឡូ​តិ៍​លេខ​៤៨ ទល់​ខ្នង​គ្នា​ជាមួយ​ដី​ឡូ​តិ៍​លំនៅឋាន​របស់លោក​ស្រី ឋិត​នៅ​ផ្លូវ​លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​សាងសង់​អគារ «​ខុន​ដូ​» កម្ពស់​១៩​ជាន់ លាតសន្ធឹង​ទទឹង​ប្រវែង​៥០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់ស្រុត​ពិតាន និង​សសរផ្ទះ​របស់លោក​ស្រី មិនអាច​ជួសជុល​បាន និង​ប្រឈម​ការគ្រោះថ្នាក់​ជាយថាហេតុ ។​

​ពាក្យបណ្តឹង​របស់លោក​ស្រី កែវ ណា​ទី បានស្នើ​សុំ​ឲ្យ​ក្រសួង​ដន​ស ចាត់វិធានការ​ផ្អាក​ការសាងសង់​អគារ «​ខុន​ដូ​» កម្ពស់​១៩​ជាន់​នោះ​ជាបន្ទាន់ ដើម្បី​ឲ្យ​ម្ចាស់​សំណង់​ចេញថ្លៃ​សំណង​ការខូចខាត​លំនៅឋានរ​បស់​លោកស្រី​ជាមុនសិន ពីព្រោះ​លំនៅឋាន​របស់លោក​ស្រី ទទួលរង​ការបាក់​ស្រុត​ស្ទើ​ទាំងស្រុង​ទៅហើយៗ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ក្រុមគ្រួសា​របស់លោក​ស្រី ។

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់លោក​ស្រី កែវ ណា​ទី ព្រមទាំង​មាន​ចំណារ​របស់​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដន​ស រួចមក​ផង ឯកឧត្តម ហ៊ុយ ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់​ក្រសួង​ដន​ស បានចេញ​លិខិតផ្លូវការ​មួយច្បាប់​លេខ​០០៩ អ​សណ​/​នស​ណ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ជម្រាប​មក​លោកជំទាវ អ៊ួ​ន សុ​វណ្ណា​រិន្ទ ជា​ម្ចាស់​ទីតាំង​កំពុងដំណើរការ​សាងសង់​ឲ្យ​ផ្អាក​ការដ្ឋាន​សាងសង់​បណ្តោះអាសន្ន ដោយ​ដំណើរការ​សាងសង់​គ្មាន​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់ និង​មាន​ពាក្យបណ្តឹង​របស់​អ្នកជិតខាង ។ លើសពីនេះ អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​ដន​ស បានបញ្ជាក់​ទៀតថា បើ​ការដ្ឋាន​សាងសង់​មិន​ផ្អាក​ជាបន្ទាន់​ទេនោះ គឺ​ម្ចាស់​ទីតាំង​សំណង់​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​ដន​ស ចេញ​លិខិត​បង្គាប់​ឲ្យ​ផ្អាក​ការដ្ឋាន​សាងសង់​របស់​ក្រុមគ្រួសារ​ឯកឧត្តម ប៉ា សុជាតិ​វង្ស រួចមក គឺ​អគារ «​ខុន​ដូ​» នោះ នៅតែ​ដំណើរការ​សាងសង់​ជាធម្មតា ពោល​មិន​ញញើត​កោតខ្លាច​នឹង​លិខិត​របស់​ក្រសួង​ដន​ស បន្តិច​ណា​ឡើយ ខណៈ​ក្រសួង​ដន​ស ក៏​មិនទាន់មាន​វិធានការ​អ្វី​ថ្មី​ទៀត​ដែរ ។

​មជ្ឈដ្ឋាន​មន្ត្រីរាជការ​មួយចំនួន​បាននាំគ្នា​និយាយ​របៀប «​លេងសើច​» ថា ចំណាត់ការ​របស់​ឯក​ឧ​ត្ត​ម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដន​ស ទំនងជា​មិនអាច​ធ្វើ​ឲ្យ​ឯកឧត្តម ប៉ា សុជាតិ​វង្ស ញញើត​កោតខ្លាច​ឡើយ ពីព្រោះ​ឯកឧត្តម ប៉ា សុជាតិ​វង្ស បន្ទាប់ពី​បញ្ចប់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួចមក​ក៏ពិតមែន ក៏​ឯកឧត្តម​រូបនេះ​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ រដ្ឋមន្ត្រី និង​ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ពោលគឺ​ឯកឧត្តម ប៉ា សុជាតិ​វង្ស មាន​ឋានៈ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា (​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​) និង​មាន​ឋានៈ​ទេសរដ្ឋមន្ត្រី ស្មើនឹង​ឯកឧត្តម ជា សុផារ៉ា ទាំងស្រុង ។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អតីត​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស​ឯកឧត្តម កែប ជុតិមា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/៣៤៥ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ និង​មុនពេល​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍​ប្រមាណ​០១​ខែ ឯកឧត្តម ប៉ា សុជាតិ​វង្ស ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៨ ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ លើសពីនេះ ឯកឧត្តម ប៉ា សុជាតិ​វង្ស ទទួលបាន​ការតែងតាំង​មុខតំណែង​បន្ថែម​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥៣០ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ត្រូវបាន​ឲ្យ​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​នា​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦៦៦ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ។

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម ប៉ា សុជាតិ​វង្ស និង​លោកជំទាវ​បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់លោក​ស្រី កែវ ណា​ទី នោះ​គិត​ត្រឹម​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.